​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឱ្យមាន​ការប្រឡងប្រណាំង​តែង​និពន្ធ និង​ស្មូត​កំណាព្យ ដើម្បី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​ ៥ ខែតុលា​ឆ្នាំ ​២០២៣ និង​ជា​ផ្នែក​មួយ​ជួយ​ពង្រឹងសមត្ថភាព​អប់រំ​លើ​វិស័យ​តែង​និពន្ធ និង​ស្មូត​កំណាព្យ​ដល់​សិស្សានុសិស្ស និង​គ្រូបង្រៀន​។​


​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​កាល​ថ្ងៃទី​ ៦ ខែកញ្ញា​ឱ្យដឹងថា ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន ឆ្នាំ​ ២០២៣ ឱ្យបាន​ទូលំទូលាយ និង​អធិកអធម ក្រសួង​សូម​ធ្វើការ​ណែនាំ​ឱ្យមាន​ការប្រឡង​ប្រណាំង​តែង​និពន្ធ និង​ស្មូត​កំណាព្យ ដែល​ត្រូវ​រៀបចំឡើង​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ​។

ក្រសួង​បន្តថា​៖ «​ការប្រឡងប្រណាំង​នេះ គឺ​ត្រូវតែ​ជ្រើសរើស គ្រូបង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ការ​តែង​និពន្ធ ពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត និង​ប្រឡងប្រណាំង​ស្មូត​កំណាព្យ ពានរង្វាន់ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុ​យ ក្រោម​ប្រធានបទ​«​គ្រូ​បង្រៀន​ជា​សសរស្ដម្ភ​នៃ​កំណែ​ទម្រង់​សាលារៀន ឆ្ពោះទៅរក​ឧត្តមភាព​»​។


​បន្ថែម​ពីនេះ​សម្រាប់​កម្រិត​ថា្នក់​ក្រោម​ជាតិ ក្រសួង​អប់រំ បានប្រកាស​ឱ្យ​មន្ទីរអប់រំ​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ​ដល់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ខណ្ឌ ស្រុក និង​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ឱ្យ​រៀបចំ​ការប្រឡងប្រណាំង​ដែលមាន​ ២​ ដំណាក់កាល​។ ​ដំណាក់កាល​ទី១​ ការិយាល័យ​អប់រំ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ ដើម្បី​កំណត់​ពេលវេលា​រៀបចំ ជ្រើស​រើសយក​បេក្ខជន​ជាប់​ចំណាត់ថ្នាក់​លេខ ​១ ទាំង ​២ ​វិញ្ញាសា (​តែង​​និពន្ធ និង​ស្មូត​កំណាព្យ​) ជា​បេក្ខភាព​ទៅ​ប្រឡងប្រណាំង​នៅ​ថ្នាក់​រាជធានី ខេត្ត បន្តទៀត​ដោយមាន​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។​

​ដំណាក់កាល​ទី២ ​គ្រប់​មន្ទីរអប់រំ រាជធានី ខេត្ត​ទាំងអស់​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​មូល​ដ្ឋា​ន ដៃគូ​អភិវឌ្ឍ​និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ដែល​ពាក់ព័ន្ធ ធ្វើការ​រៀបចំ​ប្រឡង ប្រណាំង​ជ្រើសរើស​បេ​ក្ខ​ជន​ចំណាត់ថ្នាក់​លេខ​ ១ ​ទាំង ​២ វិញ្ញាសា​ជា​បេក្ខភាព​ប្រឡងប្រណាំង​យក​ជយលាភី​ថ្នាក់ជាតិ ដោយមាន​ការផ្តល់​រង្វាន់​លើក​​ទឹកចិត្ត​ទៅតាម​លទ្ធភាព​ជាក់​​ស្ដែង​។ ចំពោះ​ដំណើរ​ការប្រឡង​​ប្រណាំង​ជ្រើសរើស​បេក្ខភាព​នៅ​ថ្នាក់​រាជធានី ខេត្ត​នេះ ត្រូវ​រៀបចំ​ឱ្យបាន​រួចរាល់ ជា​កំហិត ត្រឹម​ថ្ងៃទី​ ២០ កញ្ញា ឆ្នាំ ​២០២៣​។​


​ដោយឡែក សម្រាប់​កម្រិត​ថា្នក់​ជាតិ​វិញ ការប្រឡងប្រណាំង និង​ការវាយតម្លៃ​ថ្នាក់ជាតិ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២ ដល់ទី ​៤ ខែតុលា​ឆ្នាំ​ ២០២៣​នៅក្នុង​បរិវេណ​អគារ​រដ្ឋបាល​ថ្មី ​(​ជាន់​ទី​១)​ របស់​ក្រសួង​អប់រំ​។ ចំពោះ ការប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់​ដល់​ជយលាភី​លេខ​ ១ លេខ​ ២ និង​លេខ​ ៣ លើ​វិ​ញ្ញា​សា​ទាំង​ ២ ​នឹង​ប្រព្រឹត្ត​ទៅក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន នា​ថ្ងៃ​ ទី ​៥ ខែតុលា ឆ្នាំ​ ២០២៣ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​ជុំវិញ​រឿងនេះ​លោក​គង់ សំ​នៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែ​កញ្ញា ថា លោក​គាំទ្រ​ចំពោះ​សកម្មភាព​ប្រឡងប្រណាំង​ផ្សេងៗ​របស់​ក្រសួង​ដើម្បី​អបអរ​ទិវា​គ្រូ​​បង្រៀន និង​ការអប់រំ​នៅ​កម្ពុជា ពិសេស​ពង្រឹងសមត្ថភាព​អប់រំ​លើ​វិស័យ​តែង​និពន្ធ និង​ស្មូត​កំណាព្យ​របស់​សិស្ស​។​

​លោក គង់ សំនៀង បន្តថា​៖«​សកម្មភាព​ប្រឡងប្រណាំង​តែង​និពន្ធ និង​ស្មូត​កំណាព្យ​នេះ នឹង​ផ្តល់​ផលចំណេញ​សំខាន់ៗ​ចំនួន ​២ គឺ​ទី​១ ជួយ​បំផុស​សិស្ស និង​គ្រូ​ឱ្យ​ខិតខំ​ស្រាវជ្រាវ​លើ​ការ​តែង​​និពន្ធ និង​ស្មូត​កំណាព្យ​ឱ្យបាន​ស៊ីជម្រៅ និង​ទី២ នឹង​ផ្តល់​ផលចំណេញ​ដល់​វិស័យ​អប់រំ​កម្ពុជា តាមរយៈ​ការ​រំលេច​ចេញពី​គុណ​តម្លៃ​របស់​គ្រូបង្រៀន​របស់​យើង​»​។​

​អ្នកជំនាញ​អប់រំ​រូបនេះ​ក៏បាន​ស្នើ​ទៅកាន់​ក្រសួង​អប់រំ ឱ្យ​បន្ត​រៀបចំ​សកម្មភាព​ប្រឡងប្រណាំង​បែបនេះ ឱ្យបាន​ច្រើន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ ពិសេស​បញ្ជ្រាប​សកម្មភាព​អប់រំ​លើ​ផ្នែក​តែង​និពន្ធ និង​ស្មូត​កំណាព្យ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​។​

​បើតាម​ក្រសួង​អប់រំ ប្រធានការិយាល័យ​អប់រំ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ប្រធាន​មន្ទីរអប់រំ រាជធានី​-ខេត្ត ត្រូវបង្កើត​គណៈកម្មកា​រ​ជ្រើសរើស​បេក្ខជន​ជយលាភី និង​អនុគណៈកម្មការ​វាយតម្លៃ​ដាក់ពិន្ទុ​ការប្រឡងប្រណាំង​តែង​និពន្ធ ព្រមទាំង​អនុគណៈកម្មការ​វាយតម្លៃ​ដាក់ពិន្ទុ​ប្រឡងប្រណាំង​ស្មូត​កំណាព្យ​ផងដែរ​៕