​ភ្នំពេញៈ អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​ថែរក្សា​ភាសា​ជនជាតិដើម​ភាគតិច (CIPL)​នឹងធ្វើ​ការ​ជាមួយ​យុវជន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តព្រះវិហារ មណ្ឌលគិរី និង​រតនគិរី ដើម្បី​បង្កើន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចំណេះដឹង​ឌីជីថល​ដល់​យុវជន​ ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​ក្នុងការ​ពង្រីក​សំឡេង និង​ភាសា​របស់​ពួកគេ​នៅតាម​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ដោយ​ប្រើប្រាស់​ខ្លឹម​សារ​ឌីជីថល​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​ប្រកបដោយ​ការ​យល់ដឹង និង​ចូលរួម​ក្នុងការ​ដំ​ណើ​រ​ការអភិវឌ្ឍ​សង្គមជាតិ​។ យោងតាម​សារ​ FB ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។​


​ប្រភព​ដដែល​នេះ​បានឱ្យដឹងថា គម្រោង​ថ្មី​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​សហគមន៍ និង​យុវជន​ទាំងនេះ​ប្រឈមមុខ រួមទាំង​ការទទួលបាន​ព័ត៌មាន​ជា​ភាសា​កំណើត​របស់​ពួកគេ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅមានកម្រិត ព្រោះ​កន្លងមក​ការនាំយក​នូវ​សំឡេង​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច នៅក្នុង​កិច្ច​​ពិភាក្សា​ជា​វេទិកាសាធារណៈ គឺ​តែងតែ​ត្រូវបាន​ដកចេញ​។

​តាមរយៈ​គម្រោង​នេះ នឹងធ្វើ​ការពង្រឹង​ជំនាញ និង​សមត្ថ​ភាព​របស់​យុវជន​ជនជាតិដើម​ភាគតិច​ក្នុងការ​បង្កើត និង​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន​ជា​ភាសា​កំណើត​របស់​ពួកគេ ហើយ​គម្រោង​នេះ​នឹង​ជួយ​ពង្រីក​សំឡេង​របស់​យុវជន​ជនជាតិដើម​ភាគតិច ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ដែលមាន​សារៈសំខាន់​សម្រាប់​សហគម​ន៍​របស់​ពួកគេ និង​ជាការ​អំពាវនាវ​ឱ្យមាន​ការឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​។


​សារ​ដដែល​នេះ​បានឱ្យដឹងថា លោក ណូង សំ​អឿង នាយក​​ប្រតិបត្តិ​នៃ​ CIPL​បាន​ថ្លែងថា​៖ «​កិច្ចសហការ​ជាមួយ​អង្គការ​យូណេស្កូ មានគុណ​តម្លៃ​យ៉ាង​​ធំធេង​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​របស់​យើង ដោយសារ​វា​អនុញ្ញាតឱ្យ​យើង​ពង្រីក​សំឡេង​របស់​យើង​តាមរយៈ​វេទិកា​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ផ្សេងៗ​។ វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​កម្ម​វិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហគមន៍​ផ្តល់​សិទ្ធិអំណាច​ដល់​យុវជន​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា តាមរយៈ​ការបង្កើន​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជំនាញ​ឌីជីថល​របស់​ពួកគេ​»​។​

FB​ ដដែល​នេះ​បានឱ្យដឹងថា ផ្នែក​មួយ​នៃ​គម្រោង​នេះ នឹង​ជ្រើស​រើស​យុវជន​ ១ ​ក្រុម​ដែលមាន​ចំនួន ៣០ ​នាក់​ដើម្បី​ទទួល​វគ្គប​ណ្ដុះ​បណ្ដាល​ពង្រឹង​ជំនាញ និង​សមត្ថ​ភាព​ចែករំលែក​ព័ត៌មាន​ដ៏​ទូលំ​ទូលាយ​។ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​នឹង​គ្របដណ្តប់​លើ​ទិ​ដ្ឋ​ភាព​ផ្សេងៗ​ដូចជា​ការរាយការណ៍​តាម​ទូរស័ព្ទ ការផលិត​ខ្លឹមសារ និង​គោលការណ៍​សកល​ស្តីពី​សេរី​ភាព​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​ឌីជីថល​ជាដើម​៕