គណៈកម្មការ​ទន្លេមេគង្គ​ដែល​ហៅ​កាត់​ថា MRC នៅ​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ បាន​ចេញ​ផ្សាយ របាយការណ៍​ប្រចាំឆ្នាំ ២០២២ របស់ខ្លួន​ដែល​កត់ត្រា​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ក៏ដូចជា​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​អាង​ទន្លេ​កំពុង​ជួបប្រទះ ដែល​ទាមទារ​ការយក​ចិត្តទុកដាក់​ជាពិសេស។


ក្នុង​របាយការណ៍​ប្រចាំឆ្នាំ បាន​កត់ត្រា​ការរីកចម្រើន​ជាក់ស្តែង​ទូទាំង​អាង​ទន្លេមេគង្គ ដែល​សម្រេចបាន​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង "ការទូតទឹក" នៃ​ប្រទេស​ជា​សមាជិក​រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​ដៃគូ​នានា។​

ក្នុងចំណោម​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​កាលពី​ឆ្នាំមុន មានដូចជា គោលការណ៍​ណែនាំ​ថ្មី​សម្រាប់​ការ​រចនា​ទំនប់​វារីអគ្គិសនី និង​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​ដើម្បី​សម្រួល​ដល់​ចលនា​បំលាស់​ទី​របស់​ត្រី និង​លំហូរ​ដីល្បាប់ ច្បាប់​នាវាចរណ៍​ថ្មី​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ទន្លេ​ឱ្យបាន​ល្អ​ជាងមុន។​


ឧបករណ៍​ដែលមាន​ភាព​ច្នៃប្រឌិត​ដើម្បី​ព្យាករណ៍​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​ឱ្យបាន​ប្រសើរ​ជាងមុន​ស្ថានីយ​ត្រួតពិនិត្យ​ថ្មី នៅលើ​ចុង​ខាងជើង​នៃ​អាង​ដើម្បី​ឱ្យដឹងពី​ការផ្លាស់ប្តូរ​របស់​ទឹក​ឱ្យបាន​ឆាប់រហ័ស និង​ការចាប់ផ្តើម​នៃ​ការសិក្សា​រួមគ្នា (ជាមួយ​នឹង​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង) ដើម្បី​បង្កើត​ការយល់ដឹង​រួមគ្នា ទាំង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម អំពី​ការផ្លាស់ប្តូរ​របប​រំហូរ​ទឹក។​

លោក អា​នុ​ល័ក គិ​ធិ​ឃួន នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ បាន​លើក​ឡើង​ពី​និន្នាការ ដ៏​គួរឱ្យ​ព្រួយបារម្ភ​ចំនួន ៥ ដូចជា ការផ្លាស់ប្តូរ​នៃ​របប​រំហូរ​ទឹក កំណក​កករ ការ​ជ្រៀតចូល​របស់​ទឹកប្រៃ ការបំពុល​ដោយ​បាស្ទិក និង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ដែល​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ការប្រែប្រួល​អាកាសធាតុ។​


លោក គិ​ធិ​ឃួន បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ប្រចាំ​ឆ្នាំនេះ​ថា​៖«​បញ្ហា​ប្រឈម​ទាំងនេះ​គឺជា​ធម្មជាតិ​មាន​លក្ខណៈ​ឆ្លងដែន ដូច្នេះ​វា​ទាមទារ​ឱ្យមាន​កិច្ចសហ​ប្រតិបត្តិការ​ជាបន្ត​រវាង​ប្រទេស​ជាប់​ដងទន្លេ​ដើម្បី ដោះស្រាយ​វា​។ កិច្ចសហ​ប្រតិបត្តិការ​នេះ​រួមបញ្ចូល​ទាំង​តម្រូវការ​នៃការ​ចែករំលែក​ទិន្នន័យ ការចរចា ការសម្របសម្រួល និងការ​បើកចំហ​ចំពោះ​ដៃគូ​ក្នុង​តំបន់ និង​អន្តរជាតិ»។​

លោក គិ​ធិ​ឃួន បាន​រំលេច​ថា​៖«​យើង​មាន​ទន្លេមេគង្គ​តែមួយគត់​។ ដូច្នេះហើយ ជាការ​ល្អ​បំផុត យើង​គួរតែ​ប្រកាន់​យក​នូវ​វិធីសាស្ដ្រ​ទូទាំង​អាង ចំពោះ​ការស្វែងរក​ដំណោះស្រាយ និង​ការសម្រេចចិត្ត ចំពោះ​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ការ​រចនា​វារីអគ្គិសនី និង​ការតាមដាន​ទន្លេ រហូតដល់​ច្បាប់​នាវាចរណ៍ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ធារាសាស្ត្រ»។​

លោក ស៊ូ​រ៉ា​ស្រី គិដ​ធី​មន​ធុន (Surasri Kidtimonton) សមាជិក​នៃ​គណៈកម្មាធិការ​ចម្រុះ នៃ​គណៈកម្មការ​ទន្លេមេគង្គ សម្រាប់​ប្រទេស​ថៃ ដែលជា​អគ្គលេខាធិការ​នៃ​ការិយាល័យ​ធនធានទឹក​ជាតិថៃ និង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ទន្លេមេគង្គ​ជាតិថៃ​ផងដែរ មាន​ប្រសាសន៍​ថា៖ «​បច្ចុប្បន្ននេះ គណៈកម្មការ​ទនេ្លមេគង្គ មាន​គោលនយោបាយ និង​នីតិវិធី​រឹងមាំ​ក្នុងការ​ដោះស្រាយ​អភិបាលកិច្ច​ទឹក​ឆ្លងដែន ដោយ​ផ្អែកលើ​គោលការណ៍​សហប្រតិបត្តិ​ការ កាតព្វកិច្ច និង​សុច្ឆន្ទៈ​នៃ​សន្ធិសញ្ញា»។

គួរ​ជម្រាប​ថា គណៈកម្មការ​ទន្លេមេគង្គ បានចាប់ផ្តើម​អនុវត្ត​គោលការណ៍​ណែនាំ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន ឬ TbEIA ស្របពេល​ដែល​ការសិក្សា​រួមគ្នា​បានបញ្ចប់​ដំណាក់កាល​ដំបូង​របស់ខ្លួន​។ លទ្ធផល​នៃ​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​ត្រូវបាន​ចែករំលែក​នៅក្នុង​វេទិកា​ភាគី​ពាក់ព័ន្ធ​ប្រចាំ​តំបន់​លើកទី ១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នៅ​ទីក្រុង​លួងប្រាបាង ប្រទេស​ឡាវ។​

លើសពីនេះទៅទៀត គណៈកម្មការ​ទន្លេមេគង្គ​ចង់​បំពេញបន្ថែម​ទៅលើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ អាង​ឆ្នាំ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ របាយការណ៍​ប្រចាំ​ឆ្នាំនេះ ពណ៌នា​អំពី​របៀប​ដែល​អាទិភាព​ជាយុទ្ធសាស្ត្រ​ទាំង ៥ របស់​ស្ថាប័ន​ខ្លួន រួមមាន បរិស្ថាន សង្គម សេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​កិច្ចសហ​ប្រតិបត្តិការ។

ក្នុង​របាយការណ៍​ដដែល​បន្តថា បច្ចុប្បន្ន មាន​កម្រិត​ទឹកភ្លៀង​ដែល​ខ្ពស់ជាង​ឆ្នាំ ២០២១ និង ២០២២ ចំនួន ៤០% គុណភាព​ទឹក​តាម​ដង​ទន្លេមេគង្គ​នៅតែ "​ល្អ​" ឬ "​ល្អឥតខ្ចោះ​" នៅ​តំបន់​ភាគច្រើន និង​ការកើនឡើង​នៃ​កំណើន​សេដ្ឋកិច្ច​សង្គម និង​ស្តង់ដា​រស់នៅ ទូទាំង​តំបន់​) អាង​ទន្លេ​នៅតែ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ធំៗ​នានា៕​