លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ធ្វើ​លិខិត​ឆ្លងដែន (Passport) នៅ​ប្រទេស កូរ៉េខាងត្បូង និងបាន​ណែនាំ​ឱ្យ​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​បង្កើត​កុងស៊ុល​កម្ពុជា នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក៏​ដូចជា​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស។


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​បែបនេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ២ ម៉ឺននាក់ មក​ពី​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី៩ ខែ​កញ្ញាឆ្នាំ ២០២៣។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​សម្រេច គឺ​អនុញ្ញាត​ឱ្យ​រៀបចំ​ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន​នៅ​ក្រៅ​ប្រទេស​តែម្តង នៅ​កូរ៉េខាងត្បូងមុនគេ។ យើង​អនុវត្ត​ដោយសារ​នៅ​ទីនោះ​មាន​ការ​លំបាក ប៉ុន្តែ​ដើម្បី​ដោះស្រាយ​ពី​កង្វល់ និង​ការ​គ្រប់គ្រង​សន្តិសុខ និង ទិន្នន័យ ខ្ញុំបាន​សម្រេច​ឱ្យ​បង្កើត​ការិយាល័យ​អនុព័ន្ធ​មួយ។ បង្កើត​ប៉ុស្តិ៍​អចិន្រ្តៃយ៍ ដើម្បី​បញ្ជូន​មន្រ្តី​អត្តសញ្ញាណកម្ម​ទៅ​ប្រចាំការ​ទីនោះ ដើម្បី​គ្រប់គ្រង​ទិន្នន័យ ហើយ​ធ្វើការ​ឱ្យ​តែម្តង​កុំ​ឱ្យ​ពលករ​យើង​ពិបាក»។


លោកបាន​បញ្ជាក់​ថា ការ​ធ្វើ​បែបនេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា និង កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​មក​ធ្វើ​លិខិត​ឆ្លងដែន​នៅ​ប្រទេស​កម្ពុជា។

លោកថា៖ «អ៊ីចឹង! បងប្អូន​មិនបាច់​ព្រួយ​បារម្ភ​រឿង​ខាត​ការងារ​ជិះ​យន្តហោះ​មក​ខ្មែរ​ទេ បើ​មិនបាន​មក​ធ្វើ​ទាន់​ពេល អាច​ប្រឈម​នឹង​ការបាត់បង់​ភាព​ស្របច្បាប់។ យើង​ចាំបាច់​ផ្តើម​ការ​ជួយ​នេះ​នៅ​កូរ៉េ ពេល​ដែល​ចេញ​គោលការណ៍​នេះ​ទៅ​សូម​ឱ្យ​ក្រសួង ការបរទេស ក្រសួងមហាផ្ទៃ មានអគ្គអត្តសញ្ញាណកម្ម ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតគូរ​អំពី​ក្របខ័ណ្ឌ និងថវិកា បង្កើត​ប៉ុស្តិ៍ថ្មី ជជែក​គ្នា​ដើម្បី​ឱ្យ​ស្របតាម​ច្បាប់​ជាធរមាន។ កិច្ចការ​នេះ​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ផលប្រយោជន៍​បងប្អូន​ទាំងក្នុង​និង​ក្រៅស្រុក»។


ដោយឡែក ពាក់ព័ន្ធ​ពលករ​នៅ​ថៃ​វិញ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា កន្លងទៅ យើង​ក៏​បាន​រុញ​មន្រ្តី ទីប្រឹក្សា​ពលករ​តាម​ទូត និង​បាន​បង្កើត​ប៉ុស្តិ៍​នៅ​តាម​ព្រំដែន​ដើម្បី​ជួយ​ពួកគាត់​ដែរ។

ដើម្បី​បង្ខិត​សេវា​ដល់ព​លករខ្មែរ លោក​បាន​ណែនាំឱ្យ​មន្រ្តី​បង្កើត​កុងស៊ុល នៅ​ភាគ​ខាងត្បូង​នៅ​ប្រទេស ថៃ ដើម្បី​ជួយ​សម្រួល​កិច្ចការ​ផ្សេងៗ។

លោកថា៖ «ក្នុង​ជំហាន​មួយ​នេះខ្ញុំ​គិត​ថា ពង្រីក​សេវា​គ្រប​ដណ្តប់​ដើម្បី​ជួយ ជាមួយ​យន្តការ​ដែល​មាន​ស្រាប់ គឺ​ត្រូវ​ពង្រឹង ពង្រីក​ចំនួន​ទីប្រឹក្សា​ការងារ។ ឥឡូវ​យើង​មាន​ ៣ នាក់​ ប្រមូល​ផ្តុំ​នៅ​ទីក្រុង បាងកក មាន​កុងស៊ុល​មួយ​នៅ​សាកែវ សូម​យក​ម្នាក់​ពី​បាងកក​ទៅ​ដាក់​នៅសាកែវ»។

លោកបន្ថែម​ថា៖‍ «មួយ​ទៀត នៅ​ភាគខាង​ត្បូងថៃ យើង​អត់ទាន់​មាន​កុងស៊ុល​ទេ ខ្ញុំ​បាន​ពិភាក្សា​រួចហើយ សូម​ឱ្យ​បង្កើត​អគ្គកុងស៊ុល​មួយនៅ​ទីនោះ ហើយ​រៀបចំ​មនុស្ស​បន្ថែម​ទៀត ដើម្បី​កុំ​ឱ្យ​ពលករ​យើង​ដែល​ធ្វើការ​នៅ​ភាគខាងត្បូង​ពិបាក ដើម្បី​ឱ្យ​គាត់​ងាយស្រួល ព្រោះ​ពួកគាត់​សុទ្ធតែ​ប្រជាពលរដ្ឋ កូនចៅ​យើង​ទាំងអស់ អ៊ីចឹង! រុញ​សេវា​អី​ដែល​អាច​ផ្តល់​ទៅ​បាន"។

នាពិធី​សំណេះសំណាល​នោះដែរ លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​មន្រ្តី​ពាក់ព័ន្ធ​កម្ពុជា ត្រូវ​ធ្វើ​ការងារ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ថៃ ដើម្បី​ចរចា​ក្នុង​ក្របខ័ណ្ឌ​ផ្សេងៗ សំដៅ​ជួយ​សម្រួល​ដល់​បងប្អូន​ដែល​ធ្វើការ​នៅ​ទីនោះ ទាំងការ​ពន្យារ​លិខិត​ឆ្លងដែន និង ការ​ផ្តល់​ភាព​ស្របច្បាប់​ជូនពួកគាត់៕