គិត​ចាប់​ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រុម​ឯកទេស​មុជទឹក​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស សហការ​ជាមួយ​ក្រុម​ការងារ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ស៊ីម៉ាក់ បាន​រុករក​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទះ និង​បំណែក​ដែក​ទម្ងន់​សរុប​ប្រមាណ ២០០ គីឡូក្រាម​នៅក្នុង​ទន្លេ នៃ​ស្រុក ពាមជរ ខេត្តព្រៃវែង។


លោក ស៊ុ សំណាង មេបញ្ជាការ​ស្តីទី​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​នៅ​ថ្ងៃទី ៩ ខែ​សីហា ឆ្នាំ ២០២៣ នេះ បញ្ជាក់​ថា ក្រុម​ឯកទេស​មុជទឹក​និង​ក្រុម​ប្រតិបត្តិការ​រុករក​សង្គ្រោះ​គ្រោះ​មហន្តរាយ​លេខ​៩១១ នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ចំនួន ១៥​នាក់ សហការ​ជាមួយ​ក្រុម​ការងារ​ស៊ីម៉ាក់ (CMAC) ចុះ​យកគ្រាប់ នៅ​ចំណុច​ភូមិ​កោះពាមរាំង ឃុំ​កោះចេក ស្រុក​ពាមជរ ខេត្តព្រៃវែង ការដ្ឋាន​ទី៥ ក្នុង​ភូមិសាស្ត្រ​ខាងលើ។ ក្នុង​នោះ​រក​ឃើញ​គ្រាប់ 155mm,105mm, DKZ75មម, MT81mm, MT60mm, គ្រាប់៤០ និង​គ្រាប់​បែក សរុប​គ្រាប់​ចំនួន ១១២គ្រាប់, សម្បក​គ្រាប់​ចំនួន ២ និង​បំណែក​ដែក​ទម្ងន់ ២០០ គីឡូក្រាម។

លោក ស៊ុ សំណាង សង្កត់ធ្ងន់​ថា៖ «ការ​រុករក​នេះ ធ្វើឡើង​រហូត​ដល់​ស្រង់​គ្រាប់​អស់​ពី​ក្នុង​ទឹក នៅ​ក្នុង​ភូមិសាស្ត្រ​ខាង​លើ​ទើប​បិទ​បញ្ចប់​ការរុករក»។ នេះ​បើ​តាម​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ។


លោក ស ខេង ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ពីថ្ងៃ​ទី​ ៨ មករា​។ រូបថត Sar Kheng page

នៅក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការ​បូមខ្សាច់ ដើម្បី​គាំទ្រ​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​នៅ​បាតទន្លេ នៅស្រុក​លើកដែក កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ បាន​ថ្លែង​ថា កិច្ច​ប្រតិបត្តិការ​រុករក​គ្រាប់​ក្នុង​ទឹក មាន​ការ​គិតគូរ​និង​ការ​ប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​ទាន់​សម័យ មាន​រូបភាព​ផែនទី​ច្បាស់​លាស់​ណាស់។


លោក​បាន​បន្តថា ការ​បូមខ្សាច់​ដើម្បី​បម្រើ​កិច្ចបោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​បរិមាណ​ច្រើន​តោន​លិច​ក្រោម​ដី​បាត​ទន្លេ ស្ថិត​តែ​នៅផ្នែកខាង​លើ​នៃ​ក្បាលកោះ។

លោកបន្តថា កិច្ចប្រតិបត្តិការ​នេះ គ្មាន​ហេតុផល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ ឬ ត្រូវ​បាក់​ដី​បាត់​កោះពាមរាំង ដែល​ទំហំបណ្តោយ​ជិត​ប្រមាណ ៤៥០០​ម៉ែត្រ​នោះ​ទេ ព្រោះ​កិច្ច​ប្រតិបត្តិការ​នេះ​ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ និង​សង្គមជាតិ ក៏​ដូច​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ។

បើតាម លោក ហេង រតនា គិត​ចាប់​ពី​ថ្ងៃ​ចាប់ផ្តើម រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០២៣ កិច្ច​ប្រតិបត្តិការ​កន្លង​ទៅ​សម្រេច​បាន​លទ្ធផល​ស្រង់គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន ២៧០៧ គ្រាប់ ក្នុង​នោះ​មាន​គ្រាប់​មីន​ចំនួន ៣៦ គ្រាប់ កាំភ្លើង​ធុនស្រាល​ចំនួន ២ដើម គិតជាទម្ងន់​សរុប​ជាង ៤០ តោន៕