ភ្នំពេញៈ ​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៣​ថា នា​សប្តាហ៍​ក្រោយនេះ ក្រុមការងារ​ជំនាញ​របស់​ប្រទេស​សិង្ហ​បុរី នឹង​មក​ជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម​កម្ពុជា ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុងការ​នាំចេញ​ផលិត​កសិកម្ម​ទៅ​ប្រទេស​របស់ខ្លួន​។​


លោកថ្លែង​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែងថា​៖«​សិង្ហ​បុរី ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​ផលិតផល​កសិកម្ម​រប​ស់​ខ្មែរ​មួយចំនួន​ដូចជា បន្លែ សាច់ជ្រូក សាច់មាន់​ហើយ​។​ដូចនេះ​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ត្រូវ​ពិនិត្យមើល និង​ធ្វើ​ការចរចា​ជាមួយគ្នា ដោយ​ក្រុមការ​ងារ​សិង្ហ​បុរី គេ​នឹង​មក​អាទិត្យ​ក្រោយ​នេះហើយ​។ ​ដូច្នេះ គេ​ធ្វើការ​លឿន យើង​ក៏​ធ្វើការ​លឿន​ដូចគ្នា​»​។​


​លោក ហ៊ុន ម៉ាណែត បាន​ជួប​ផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី លោក លី ស៊ានឡុង នៅ​អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី កាល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២៣។​ ក្នុង​ជំនួប​នោះមេដឹកនាំ​នៃ​ប្រទេស​ទាំង​២បាន​ពិភាក្សា​គ្នាលើ​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដែលមាន​សក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​ថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង​ការពារជាតិ​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូ​ពិ​ក​ខេ​ម ដែលជា​ក្រុមហ៊ុន​ផលិត​និង​នាំចេញ​បន្លែ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស ថ្លែងថា កម្ពុជា​នឹងមាន​ទីផ្សារ​ថ្មី​ទៀត បើសិនជា​ការចរចារ​វាង​ផ្នែក​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២ មាន​លទ្ធផល​ជា​ផ្លែផ្កា​ដែល​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​គ្នា​។​


​លោក​បាន​ប្រាប់ថា ការនាំចេញ​បន្លែ​ចម្រុះ​របស់​កម្ពុជា ជា​ប្រភេទ​បន្លែ​គ្រឿងទេស ដែលមាន​ដូចជា​ប្រភេទ​ជីរ ម្ទេស រំដេង រមៀត ខ្ជាយ និង​មាន​ប្រភេទ​បន្លែ​ដែលមាន​តម្លៃ ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទៅ​ក្រៅប្រទេស ខណៈដែល​ការនាំចេញ​នេះ​ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​ការសាកល្បង​នៅឡើយ​។​

​លោក​ថា​៖«​ការបើក​ទីផ្សារ​ថ្មីៗ មិនមែនជា​រឿង​អាក្រក់​នោះទេ គ្រាន់តែ​យើង​ត្រូវការ​សិក្សា​ឱ្យបាន​លម្អិត លើ​ការចំណាយ​ថ្លៃដើម ជាពិសេស​ការពង្រឹង​គុណភាព​លើ​ដំណាំ​របស់​យើង ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ភូតគាម​អនាម័យ​»​។​

​លោក​ហ៊ុន ឡាក់ បាន​បន្តថា កន្លងមកក្រុមហ៊ុន​លោក​បាន​នាំចេញ​សាកល្បង​នូវ​ប្រភេទ​បន្លែ​គ្រឿងទេស​នេះ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​រួចហើយ ឃើញថា​ ទទួលបាន​ចាប់អារម្មណ៍​ពី​អតិ​ថិជន​ក្នុងប្រទេស​នោះ ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​សិក្សា​លម្អិត ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដែល​ត្រូវ​ដឹក​តាម​ជើងយន្តហោះ​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សិង្ហ​បុរី មាន​កើនឡើង​​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៤៧៦​លាន​ដុល្លារ ក្នុងរយៈពេល​៨​ខែ​ ឆ្នាំ​២០២៣ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២២មាន​ជាង ៧២​លាន​ដុល្លារ។ ការនាំ​ចូល​​ពី​សិង្ហ​បុរី​មក​កម្ពុជា​វិញ បាន​ថយចុះពី​ជាង​២ ៨៨៨​លាន​ដុល្លារក្នុងរយៈពេលដូចគ្នាមក​នៅត្រឹម​ជាង៦២៥​លាន​ដុល្លារ៕