ភ្នំពេញៈ លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់ ថ្លែងថា គណបក្សនយោបាយចំនួន៣០​ក្នុងចំណោម​គណបក្សនយោបាយ​ជាង​ ៤០ គណបក្ស បានដាក់​ពាក្យស្នើសុំ​ចូល​​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ ​ពិគ្រោះ និងផ្ដល់​យោបល់ ក្រោយពី​ព្រះរាជក្រឹត្យ​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៦ ខែសីហា ហើយនឹងត្រូវបិទបញ្ចប់ការស្នើសុំនៅថ្ងៃទី១២ ខែកញ្ញានេះ។


លោក ឈឹម ផល​វរុណ ថ្លែងនៅថ្ងៃទី១០ ខែកញ្ញាថា បន្ទាប់ពី​ទទួលបាន​លិខិត​ស្នើសុំ​របស់​គណបក្សនយោបាយ​ទាំង​៣០ នេះ លេខាធិការដ្ឋានឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បាន​ពិនិត្យឃើញថា មិនមាន​ការខ្វះខាត​ឯកសារ​បញ្ជាក់​នោះទេ ដោយ​រង់ចាំ​២​ថ្ងៃ​ទៀត បើ​មិនមាន​គណបក្សនយោបាយ​ណា​ផ្សេងទៀត​ដាក់​ទេ ​នឹង​បញ្ជូន​ឯកសារ​ស្នើសុំ​ទាំងនេះ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិនិត្យ និង​សម្រេច​តែម្តង​ ហើយបន្ទាប់ពីនោះ​លេខាធិការដ្ឋាន​នឹង​រៀបចំ​ធ្វើលិខិត​តែងតាំង​ជា​ផ្លូវការ​តែម្តង​។

​លោក ឈឹម ផល​វរុណ ប្រាប់ថា៖ «​យើង​ពិនិត្យឃើញថា គណបក្ស​ទាំង​៣០​នេះ​មាន​គ្រប់​លក្ខខណ្ឌ​អស់ហើយ​។ យើង​បាន​ផ្ទៀង​ផ្ទាប់​បឋម ឃើញថា ​ឯកសារ​មាន​គ្រប់​ហើយ ​ហើយ​យើង​នឹង​ពិនិត្យ​ម្តងទៀត​ទៅលើ​ឈ្មោះ បើ​ត្រឹមត្រូវ​អស់ហើយ បាន​យើង​រៀបចំ​ជា​បញ្ជី​ដាក់ជូន​នាយករដ្ឋមន្ត្រី​»​។​


​លោក គឹម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី​១០ ខែកញ្ញា ថ្លែងថា គណបក្ស​ភ្លើងទៀន​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូលរួម និង​មិន​ស្នើសុំ​ចូល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​ទេ ព្រោះការចូល​រួមជាមួយ​ស្ថាប័ន​នេះ មិនមាន​ប្រសិទ្ធភាព​ឡើយ ប៉ុន្តែ​នៅតែចូលរួម​ការបោះឆ្នោត​នានា​។

​លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បាន​ថ្លែង​ថា គណបក្ស​ធម្មាធិបតេយ្យបានដាក់​ពាក្យសុំ​ចូលរួម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ​​ពិគ្រោះ​ និងផ្ដល់យោបល់​នេះ រួចរាល់​ហើយ​ ហើយការចូល​រួមជាមួយ​ស្ថាប័ន​នេះ គឺ​ដូចជា​បាន​ចូលរួម​កែទម្រង់​ប្រទេស និង​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការសិក្សា​ស្រាវជ្រាវ រាល់​ភាព​អសកម្ម​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​ផងដែរ​។​


លោកស្រី ​ពោធិ​តី សាវត្ថី ថ្លែងថា​៖ «​អាណ​តិ្ត​មុន យើង​បានធ្វើ​ច្រើនណាស់​ហើយ ប៉ុន្តែ​បញ្ហា​សង្គម​មិនទាន់​ចប់សព្វគ្រប់​ទេ អាណត្តិ​នេះ យើង​នឹង​បន្តធ្វើ​ក្នុងនាម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​ពិគ្រោះ និងផ្ដល់​យោបល់ ដើម្បី​កែទម្រង់ និង​ចុះ​សិក្សា​ស្រាវជ្រាវ​នូវ​រឿងរ៉ាវ​អសកម្ម ដែល​នៅ​សេសសល់ ឬ​មិនទាន់​បានធ្វើ ហើយ​សរសេរ​ជា​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​ដោះស្រាយ និង​សម្រេច​ផងដែរ​»​។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​អាច​ចូលរួម​ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​នេះ​។​

​ព្រះរាជក្រឹត្យ​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​មាន ៧ ជំពូក និង ២១ មាត្រា ដោយបាន​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី២៦ ខែសីហា និង​ទើប​ចេញផ្សាយ​នាពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០២៣​។​

​ព្រះរាជក្រឹត្យ​លើកឡើងថា គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នៃ​រដ្ឋសភា ទទួលបាន​បុព្វសិទ្ធិ​ជា​គណបក្ស​ស្ថាបនិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្នុង​លក្ខខណ្ឌ​ដែល​គណបក្សនយោបាយ​នោះបាន​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ក្នុង​រយៈពេល ២ សប្តាហ៍ បន្ទាប់ពី​ការចូល​ជាធរ​មាននៃ​ព្រះរាជក្រឹត្យ​នេះ និង​ទទួលបាន​ការសម្រេច​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី សម្រាប់​ការតែងតាំង​ជា​សមាសភាព​ដំបូង នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដោយ​អនុលោម​តាម​ព្រះរាជក្រឹត្យ​នេះ​៕