ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជំរុញ​ទៅកាន់​មន្ត្រី​គ្រប់​ថ្នាក់ ត្រូវខិតខំ​កសាង​ខ្លួន គោរពស្រឡាញ់ បម្រើប្រជាជន និង​ប្រទេសជាតិ​ដោយ​ឥត​លក្ខខណ្ឌ​។​ លោកស្រី​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​ផ្ទេរ​មុខតំណែង និង​តែងតាំង​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកណ្តាល កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៣​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ម៉ែន សំអន ​នៅ​ថ្ងៃទី​១០ ខែកញ្ញា លោកស្រី​បានលើកឡើង​ដោយបាន​ជំរុញ​ឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ផ្តោត​សំខាន់​ទៅលើ​ការដឹកនាំ​ចំពោះមុខ ត្រូវ​ក្តាប់​ឱ្យ​ជាប់​នូវ​លក្ខន្តិកៈ​បក្ស គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេច​រប​ស់ប​ក្ស​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍​ជា​មូលដ្ឋាន សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន​។​

​លោកស្រី​បាន​ថ្លែងថា​៖«​ថ្នាក់ដឹកនាំ​ល្អ​ត្រូវ​គិតគូរ​ខាង​អាកប្បកិរិយា ពាក្យសម្តី​សុភាពរាបសា ចាស់ទុំ​ផ្នែក​នយោបាយ និង​ត្រូវ​ម៉ឺងម៉ាត់ ហើយ​អ្នកដឹកនាំ​ត្រូវធ្វើ​ភាពជា​គំរូ ដល់​អ្នក​ដែល​នៅក្រោម​ការដឹកនាំ​របស់​យើង ក្នុងនោះ​គំរូ​អនុវត្តន៍​ដីកា​ច្បាប់ ក្នុង​ជីវភាព​រស់នៅ ក្នុង​ការងារ​សាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុង និង​គោរព​អង្គការ​វិន័យ​របស់​ប​ក្ស​ផងដែរ​»​។​


​នាឱកាស​នោះដែរ លោកស្រី​ម៉ែន សំអន ក៏បាន​អំពាវនាវ​ឱ្យ​សមាជិក សមាជិកា​ទាំងអស់​ត្រូវផ្តោត​ការយកចិត្តទុកដាក់ បន្ត​អនុវត្ត​ដំណើរការ​កែទម្រង់​ដោយ​ឆន្ទៈ​មុត​ស្រួច ខិតខំ​កសាង​ខ្លួន គោរព​ស្រឡាញ់ បម្រើប្រជាជន និង​ប្រទេសជាតិ​ដោយ​ឥត​លក្ខខណ្ឌ​។​

​លោកស្រី​សង្កត់ធ្ងន់ថា​៖«​រួមគ្នា​អនុវត្ត​ឱ្យបាន​នូវ​យុទ្ធសាស្ត្រ​ប​ញ្ចុ​កោណ​ដំណាក់កាល​ទី​១ ដើម្បី​សម្រេច​ឱ្យបាន​ស្របតាម​ការវិវត្ត​រប​ស់​ពិភពលោក​បច្ចុប្បន្ន នៃ​ការរីកចម្រើន បច្ចេកវិទ្យា​ឌីជីថល ដែលជា​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការកសាង​ប្រទេស​ចាប់ពី​ឆ្នាំ២០២៣-២០២៨ បាន​ដាក់ចេញ​ក្នុងពេលយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ​២០២៣ ​កន្លងទៅនេះ​»​។​


​នាឱកាស​នោះដែរ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ដែល​ត្រូវបានចាត់តាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ ក៏បាន​ថ្លែង​ដែរ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​ការងា​រទាំង​ក្នុង​រដ្ឋ ​និង​ជួរ​បក្ស​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ របស់​គណបក្ស ពិសេស ពិសេស​ប្តេជ្ញា​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី សមត្ថភាព និង​លទ្ធភាព​គ្រប់បែបយ៉ាង អនុវត្ត​ឱ្យបាន​សកម្ម​ខ្លាំងក្លា មោះ​មុត រួមចំណែក​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧»៕