កំពង់ស្ពឺៈ លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ល្បាត​ប្រចាំការ​លើផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​-​ព្រះសីហនុ ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​ដែន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អគ្គ​ស្នង​​ការ​នគរបាលជាតិ​ដើម្បី​ចុះបង្ក្រាប បើ​មានការ​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​


​លោក ម៉ក់ ជី​តូ ថ្លែងថា ការ​​អនុវត្ត​បែបនេះ​ធ្វើឡើង​ក្រោយពី​មាន​ករណី​គ្រោះថ្នាក់​ច​រា​ចរណ៍​លើផ្លូវ​ល្បឿន​លឿន ហើយ​ក្នុង​ឧប្បត្តិហេតុ​នោះ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ការដឹកជញ្ជូន​គ្រឿងញៀន ពី​ក្រុងព្រះសីហនុ ទៅ​ប៉ោយប៉ែត ដោយ​កាលពី​ថ្ងៃទី ​៤ ខែកញ្ញា សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​គ្រឿង​​ញៀន​ ២ ករណី​នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ​ ក្រោយពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ២ ​ករណី​។​

​លោក​ថ្លែងថា​៖ «​ផ្លូវ​ល្បឿន​លឿន​ហ្នឹង ស្រុក​ណា​ក៏​អត់​មាន​ម៉ាស៊ីន​ដាក់​ស្វែងរក​គ្រឿង​ញៀន​មើល​ដែរ មានតែ​កាមេរ៉ា​ចាប់​ពេលដែល​ជនសង្ស័យ​ឈប់​ឱ្យ​ពិនិត្យ​សំបុត្រ ផ្លាស់ប្តូរ​សំបុត្រ​អី យើង​យកបាន​លេខ​ឡាន ភិនភាគ​មនុស្ស អ៊ីចឹងទៅ ហើយ​បាន​យើង​សន្និដ្ឋាន​»​។​


​លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការទទួលខុសត្រូវ​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គឺ​នាយកដ្ឋាន​នគរ​​បាល​ចរាចរណ៍ មិន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ន​គ​របាល​ខេត្តកំពង់ស្ពឺ​ទេ ប៉ុន្តែ​ក្នុងករណី​ទទួល​ព័ត៌មាន​ច្បាស់​ថា មាន​បទល្មើស​ផ្សេងៗ​កើតឡើង​លើផ្លូវ​ល្បឿន​លឿន ទោះជា​ករណី​គ្រឿងញៀន ឬ​ករណី​ព្រហ្ម​ទណ្ឌ​ផ្សេងៗ​ក៏ដោយ សមត្ថ​កិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​តែ​សហការ​ជាមួយ​សមត្ថកិច្ច ដែល​ទទួលខុសត្រូវ​លើផ្លូវ​នេះ ដើម្បី​ធ្វើការ​បង្ក្រាប​៕