ភ្នំពេញៈ មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សហជីព និង​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​និង​រស់នៅ​ប្រទេស​កូ​រ៉​ខាងត្បូង​បាន​សម្តែង​ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាតឱ្យ​បង្កើត​ការិយាល័យ​អនុព័ន្ធ រៀបចំ​ធ្វើលិខិត​ឆ្លងដែន​នៅក្រៅ​ប្រទេស​ដែលជា​ការរួមចំណែក​កាត់​បន្ថយ​ការចំណាយ និង​ចំណេញ​ពេលវេលា​។​


​ការគាំទ្រ​នេះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា ក្នុង​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ​និ​យោ​ជិត​នៅ​ខេត្តកំពង់ស្ពឺ​ដោយ​អនុញ្ញាតឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ឱ្យមាន​ការធ្វើ​លិខិតឆ្លងដែន​នៅក្រៅ​ប្រទេស​ដែល​ការអនុវត្ត​នេះ​ចាប់ផ្តើម​ពី​ប្រទេស​កូ​រ៉​ខាងត្បូង​មុនគេ ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ ក៏ដូចជា​ពល​​រដ្ឋ​ខ្មែរ​ក្នុងការ​ធ្វើឯកសារ​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បានសម្រេច​ឱ្យ​បង្កើត​ការិយាល័យ​អនុព័ន្ធ​មួយ​។ បង្កើត​ប៉ុស្តិ៍​អចិ​ន្រៃ្ដ​យ៍​ដើម្បី​បញ្ជូន​មន្ត្រី​អត្តសញ្ញាណ​កម្ម​ទៅ​ប្រចាំការ​ទីនោះ ដើម្បី​គ្រប់គ្រង​ទិន្នន័យ ហើយ​ធ្វើ​ការឱ្យ​តែម្តង​កុំឱ្យ​ពលករ​យើង​ពិបាក​»​។​


​លោក​ថា​៖«​អ៊ីចឹង​! បងប្អូន​មិនបាច់​ព្រួយបារម្ភ​រឿង​ខាត​ការងារ​ជិះ​យន្តហោះ​មក​ខ្មែរ​ទេ បើ​មិន​បានមក​ធ្វើ​ទាន់ពេល អាច​ប្រឈម​នឹង​ការបាត់បង់​ភាព​ស្របច្បាប់​»​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រសួងការបរទេស ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ គិតគូរ​ពី​ក្រប​ខ័​ណ្ឌ និង​ថវិកា បង្កើត​ប៉ុស្តិ៍​ថ្មី ដោយ​ពិភាក្សាគ្នា​ឱ្យស្រប​តាមច្បាប់​ជា​ធរមាន​។


​តាងនាម​មន្ត្រីការទូត បុគ្គលិក ព្រមទាំង​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ លោកស្រី ជ្រឹង​-បុ​ទុមរ​ង្ស៊ី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ បានចេញ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ចំពោះ​ការអនុញ្ញាតឱ្យ​ធ្វើលិខិត​ឆ្លងដែន​នេះ​។​

​លោកស្រី​បានបញ្ជាក់​តាមរយៈ​លិខិត​ថ្លែងអំណរគុណ​ចុះ​ថ្ងៃទី ​១០ ខែកញ្ញា ថា​៖ «​ការប្រកាស​នេះ​គឺជា​ដំណឹង​ដ៏​សែន​រីករាយ​ឥតឧបមា សម្រាប់​បងប្អូន​ពលក​រ ពល​ការិនី និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ក្រៅប្រទេស មិនថាតែ​នៅ​សា​ធារ​ណ​រដ្ឋ​កូរ៉េ​ប៉ុណ្ណោះ​ទេ​»​។​

​លោកស្រី​បាន​បន្តថា នេះ​ជាការ​សម្រេចចិត្ត​ប្រកបដោយ​គតិ​បណ្ឌិត និង​ប្រកបដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ​របស់លោក​នាយក​រដ្ឋមន្ត្រី ក្នុង​គោលដៅ​បង្ខិត​សេវាសាធារណៈ​ឱ្យ​ដល់ដៃ​ប្រជា​ពលរដ្ឋ និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក​ប៉ាវ ស៊ីណា ក៏បាន​គាំទ្រ​ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នេះ​ផងដែរ ដោយ​លោក​ប្រាប់ថា​៖«​ការសម្រេច​ដូច្នេះ ពិតជា​បាន​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​យើង​ច្រើន​មែនទែន ទាំង​ការ​កាត់​​បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​កាត់បន្ថយ​ការចំណាយ​មួយផ្នែកធំ ពិសេស វា​ជាការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​បងប្អូន​ពលករ​របស់​យើង​»​។​

​ដោយឡែក​ពលរដ្ឋ និង​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េ​បាន​បង្ហោះ​វីដេអូ​ដែលមាន​ខ្លឹមសារ​ស្រដៀង​គ្នា ដោយបាន​គាំទ្រ​ការសម្រេចចិត្ត​នេះ​។ ពលរដ្ឋ​ខ្មែរ ១ ​រូប​បាន​លើកឡើងថា​៖ «​នេះ​ជា​អំណោយ​ដ៏​ពិសេស​ដែលជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់មាន​ពីមុនមក សូម​អរគុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បានផ្តល់​កាដូ​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ អាចធ្វើ​លិខិត​​ឆ្លងដែន​ថ្មី​បាន​នៅទីនេះ ​(​កូរ៉េ​)»​។​

​ចំណែក​ពលករ​ខ្មែរ​នៅ​កូរ៉េ​ម្នាក់ទៀត លោក ពេ​ជ វីរៈ បាន​ថ្លែង​តាមរយៈ​វីដេអូ​ដែរ​ថា​៖ «​សូម​អរគុណ​ថ្នាក់ដឹកនាំ​កម្ពុជា​សម្រាប់​ការយកចិត្តទុកដាក់​ដ​ល់​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស នេះ​គឺជា​ដំណឹង​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​។ ដូច្នេះ​ពេល​លិខិតឆ្លងដែន​យើង​ផុតកំណត់ ឬ​ជ្រុះ​បាត់ យើង​លែង​មានការ​​ពិបាក​ឡើងមក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើលិខិត​នេះ ហើយ​យើង​ក៏​មិន​អស់ថ្លៃ​សេវា​ដើម្បី​ជួល​គេ​ឱ្យ​​ធ្វើ​ជូន​ដែរ​»៕