ភ្នំពេញៈ ក្រសួងយុត្តិធម៌ បានប្រកាស​ឱ្យដឹងថា ក្រសួងយុត្តិធម៌​បាន​បន្តធ្វើ​ការអភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ក្នុង​ជំហាន​ទី​២​បន្ត បន្ទាប់ពី​ក្រសួង​បាន​ដាក់ឱ្យ​ដំណើរការ ជំហាន​ទី​១​កាលពី​ខែកុម្ភៈ​កន្លងមក ក្នុង​គោលបំណង រួមចំណែក​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង​យុត្តិធម៌ ក្នុងសង្គម​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើកឡើងថា ដើម្បី​ផ្តល់នូវ​ភាព​ឆាប់រហ័ស និង​ភាពងាយស្រួល​ជូន​ដល់​សាធារណជន​បន្ថែមទៀត ក្នុង​គោលដៅ​កាត់បន្ថយ​ការចំណាយ​លើ​ពេលវេលា និង​ថវិកា ក្រសួង​បាននិងកំពុង​បន្តធ្វើ​ការអភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ក្នុង​ជំហាន​ទី​២​ទៀត​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា ៖ «​ក្រសួងយុត្តិធម៌​ក៏​បាននិងកំពុង​បន្តធ្វើ​ការអភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ក្នុង​ជំហាន​ទី​២ ដើម្បី​ផ្តល់នូវ​ភាព​ឆាប់រហ័ស និង​ភាពងាយស្រួល​ជូន​ដល់​សាធារណជន​បន្ថែមទៀត ក្នុង​គោលដៅ​កាត់បន្ថយ​ការ ចំណាយ​លើ​ពេលវេលា និង​ថវិកា ក្នុងការ​ស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​»​។​


​ក្រសួង​បាន​បន្ថែម​ដែរ​ថា ចំពោះ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ដែលមាន​តម្រូវ​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុង​សហកា​រ​ជាមួយ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​រៀបចំ​បែបបទ​និង​នីតិវិធី​សម្រាប់​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​តាមរយៈ​ស្ថាន​តំណាង​កម្ពុជា​នៅតាម​បណ្តា​ប្រទេស​នានា​។​

​ប្រភព​ដដែល​បញ្ជាក់ថា ៖ «​ក្រសួងយុត្តិធម៌​នឹង​ជូនដំណឹង​ពី​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​នាពេលខាងមុខ ហើយ​ក្រសួង​ក៏​នឹង​ជូនដំណឹង​ពី​ពេលវេលា​ជាក់លាក់​នៃ​ការដាក់ឱ្យ​ដំណើរការ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស ឌីជីថល ក្នុង​ជំហាន​ទី​២ នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​»​។


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ​សុឺង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អា​ដហុក និង​ជា​អ្នកតាមដាន​បញ្ហា​សង្គម យល់ថា យន្តការ​របស់​ក្រសួងយុត្តិធម៌​ពាក់ព័ន្ធ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នេះ គឺជា​ដំណើរ​ល្អ​ដែល​ចំណេញ​ថវិកា ពេលវេលា និង​ផ្តល់​ភាពងាយស្រួល​និង​រហ័ស​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ថា កន្លងមក មានការ​លំបាក​ច្រើន​ទាំង​ការ​បង់ខាត​ថវិកា ពេលវេលា ជុំវិញ​ការធ្វើ​លិខិត​ថ្កោលទោស​នេះ ដោយ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ជាច្រើនលើក ច្រើនសា ដើម្បី​បំពេញ​សំណុំបែបបទ​។​

​លោក​ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​គាំទ្រ​លើ​យន្តការ​នេះ ដើម្បី​ផ្តល់​ការ​ចំណេញ​ទៅដល់​ប្រជាពលរដ្ឋ ដែល​គួរ​មានការ​ធ្វើ​ទំនើបកម្ម​ការផ្តល់សេវា​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នេះ ហើយ​ក្រសួង​គួរ​បន្ថែម​ការពិនិត្យ​លើ​យន្តការ​នេះ​បន្ថែមទៀត ដើម្បី​កែប្រែ​វា​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​និង​មាន​ប្រសិទ្ធភាព​»៕