​ក្រុម​ឪម៉ាល់ បាន​ប្រើពេល​ជាង​១០​ឆ្នាំ ទើប​អាច​ឈ្នះ​ពានបាល់​ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ

Content image - Phnom Penh Post
ក្រុមឪម៉ាល់​អេហ្វស៊ី​ ​លើក​ពាន​បន្ទាប់ពីឈ្នះការ​ប្រកួត​បាល់​ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ឆ្នាំ​២០២៣ (Tiger Futsal Cup 2023) កាលពី​យប់​​ថ្ងៃទី​១០ ខែកញ្ញា។ រូបថត ហ្វេសប៊ុក

ភ្នំពេញៈក្រុម​ហ្វុតសាល ដែល​មាន​អាយុកាល​​ចាស់វស្សាជាង​គេ​ ប្រចាំ​នៅប្រទេស​កម្ពុជា ឪម៉ាល់​អេហ្វស៊ី​ ទើបតែ​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់​របស់​ខ្លួន ដើម្បី​លើក​ពាន​ការ​ប្រកួត​បាល់​ទាត់​ក្នុង​សាល​ថ្នាក់ជាតិ ឆ្នាំ​២០២៣ (Tiger Futsal Cup 2023) បន្ទាប់​ពី​ពួកគេបាន​យក​ឈ្នះ​ក្រុម​ Down Town Sport ទាំង​លំបាកដោយ​លទ្ធផល ៧-៥ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ កាលពី​យប់​​ថ្ងៃទី​១០ ខែកញ្ញា។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង កាលពី​ឆ្នាំ​​២០១២ ក្រុម​ឪម៉ាល់​អេហ្វស៊ី (Ov Mal FC) ​​បាន​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​២០ ពី​ការ​ប្រកួត​​ហ្វុតសាល ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ឯក​ជន ប៉ុន្តែ​​សម្រាប់ការ​ប្រកួត​បាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ ​ ដែល​រៀបចំ​ឡើង​ដោយសហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា តាំង​ពី​ឆ្នាំ​២០១៥មក​នោះ​ គឺ​ពួក​គេបាន​ត្រឹម​ជើងឯក​រង​ចំនួន​៤​ដង និង​បាន​ចំណាត់​ថ្នាក់​លេខ​៣​ចំនួន១​ដង។

តែទោះបី​ជា​យ៉ាង​ណា សម្រាប់ការ​ប្រកួតពាន​ Tiger Futsal Cup 2023 នេះ ក្រុម​ឪម៉ាល់ ​​បានឈ្នះ​គ្រប់ការ​ប្រកួត នៅ​ក្នុងវគ្គជម្រុះ​តាមពូល និង​បាន​ទទួល​ចំណាត់ថ្នាក់លេខ​១ ក្នុង​ការ​ប្រកួត​វិលជុំ​ដំណាក់​កាល​ទី​២ រវាង​ក្រុមខ្លាំង​ទាំង​៦ ដោយ​ឈ្នះ​៤ និងចាញ់​១​ប្រកួត ហើយ​ការ​ជួបក្រុម Down Town Sport ជាថ្មី នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃទី​១០​ ខែកញ្ញា​នេះ ក្រុម​ឪម៉ាល់ បាន​បន្ត​យក​ឈ្នះ ដោនថោន ៧-៥ បន្ថែម​ទៅលើការ​ឈ្នះ ៥-៤ ពេលជួបគ្នា នៅ​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ទី​២។

ការ​រក​ឃើញ​ជ័យជម្នះ​នេះបាន​ធ្វើ​ឱ្យ​ក្រុមឪម៉ាល់​អេហ្វស៊ី នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​រីក​រាយ​ខ្លាំង​​បំផុត ព្រោះវាជា​កំណត់​ត្រា​លើកដំបូង ដែល​ពួក​គេបាន​លើក​ពាន ការ​ប្រកួត​បាល់​ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ បន្ទាប់ពី​ពួកគេបាន​ប្រឹងប្រែង​លើ​វិស័យ​​មួយនេះ ​អស់រយៈពេល​ជាង​១០​ឆ្នាំ គឺ​តាំង​ពី​ការ​លេងត្រឹម​បាយបាន រហូត​ក្លាយជា​កីឡាករ​ពាក់កណ្តាល​អាជីព។

យ៉ាង​ណាក៏​ដោយ លោក នៃ ប៊ុនសុភ័ត្រា គ្រូ​បង្វឹក​ក្រុម​ឪម៉ាល់អេហ្វស៊ី បាន​និយាយ​ក្រោយ​​ការ​ប្រកួត​ថា ការ​យកឈ្នះ​ក្រុម​ដោនថោន ពិតជាមានការ​លំបាក​ខ្លាំង ដោយក្រុមទាំង​២នេះ បាន​រក​គ្រាប់បាល់​ប្រដេញ​គ្នា ជាមួយ​ការ​ប្រើប​ច្ចេក​ទេស​លេងយ៉ាងល្អរៀងៗ​ខ្លួន។ លោក​បញ្ជាក់​ថា៖ «​ដោនថោន ជា​ក្រុម​ការពារ​បាន​ល្អ និង​មាន​ការប៉ះទង្គិច​ខ្លាំង ហើយ​កីឡាករ​លេង​ម្នាក់ៗ ​របស់​គាត់គឺ​​ល្អ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​ក្រុម​ខ្ញុំ ​ឈ្នះ​គាត់​​តឹង​មែន​ទែន»។

ជាមួយការ​ឈ្នះ​ពាន​បាល់​ទាត់​ក្នុងសាល​ថ្នាក់ជាតិ ជា​លើកដំបូង​នេះ គឺ​សមាជិក​ភាគ​ច្រើន​​​​​របស់​ក្រុម​ឪម៉ាល់​អេហ្វស៊ី អាច​នឹង​ត្រូវបាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ជ្រើស​រើស​​សម្រាប់​​ការ​​ប្រមូល​ផ្តុំហ្វឹកហាត់ ជា​​ក្រុមជម្រើសជាតិ ​ដើម្បី​ត្រៀម​ចូល​រួម​ការប្រកួត​ពាន AFC Futsal Asian Cup 2024 នា​ដើម​ខែ​តុលា ឆ្នាំ​២០២៣​នេះ ដោយ​ក្រុម​កម្ពុជា បាន​ឈរ​នៅ​ពូល​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ាក់ និង​ម៉ាឡេស៊ី។

យ៉ាង​ណា​ក៏​ដោយ លោក នៃ ប៊ុនសុភ័ត្រា ដែល​ធ្លាប់​ដឹកនាំ​ក្រុម​មហាហង្ស ទៅ​ចូល​រួម​ការ​​ប្រកួត​ពាន​រង្វាន់​ AFF Futsal Championship 2022 តំណាងឱ្យ​កម្ពុជា នៅប្រទេស​ថៃ​នោះ បាន​មើល​ឃើញ​ថា គុណ​ភាពលេង​ហ្វុតសាល​របស់​កម្ពុជា នៅមានកម្រិត​ទាប​ បើ​ធៀប​ទៅ​នឹង​ប្រទេស​​​ក្នុងតំបន់ ដូចជា​ ថៃ វៀតណាម ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​ ជា​ដើម ព្រោះ​​ការ​ប្រកួត AFF Futsal Championship 2022 នោះ ក្រុម​កម្ពុជា បាន​ចាញ់​​ក្រុម​ថៃ ១៦-០ ចាញ់​ឥណ្ឌូនេស៊ី ១១-២ ចាញ់​ម៉ាឡេស៊ី ៧-៦ និងស្មើ​ក្រុម​ប្រ៊ុយ​ណេ ២-២។

លោក​បាន​និយាយ​ថា៖ «ពួក​យើង​នៅខ្សោយ​ណាស់ បើ​ធៀប​ទៅនឹង​កម្រិត​អន្តរជាតិ ព្រោះ​ខ្ញុំ​ធ្លាប់​ដឹកនាំ​ក្រុមមហាហង្ស ទៅ​ប្រកួត​ពាន AFF Futsal នៅប្រទេស​ថៃ ដោយយើង​បាន​ប៉ះ​ក្រុមខ្លាំងៗ​ ដែល​គេ​មានកម្រិត​លើយើង​ឆ្ងាយ ព្រោះ​​គេ​បាន​វិនិយោគ​លើ​បាល់​ទាត់​​ហ្វុត​សាល​នេះ​ច្រើន គឺ​គេ​មាន​លីគ​ហ្វុតសាល ប្រចាំ​ឆ្នាំ មាន​ក្លិប​អាជីព និង​​មាន​ជម្រើសជាតិ​ខ្លាំង តែ​យើង​មាន​ត្រឹម​​ក្លិប​ពាក់​កណ្តាល​អាជីពទេ»។

ជាមួយ​ហេតុ​ផល​នេះ លោក នៃ ប៊ុនសុភ័ត្រា បាន​​​និយាយ​បង្ការ​ទុក​មុន​ថា បើ​មាន​ក្រុមណា ចេញ​ទៅលេង​តំណាង​ជាតិ ​នៅ​ក្រៅ​ប្រទេស ហើយ​ទទួល​បាន​​លទ្ធផល​មិនសូវ​ល្អ សូមអ្នកគាំ​ទ្រ ​កុំ​បន្ទោស​ពួកគាត់ ដោយ​លោក​បាន​សង្កត់​ធ្ងន់ថា៖ «ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​​យើង​​បាន​ព្យាយាម​អស់ពី​សមត្ថ​ភាព​ហើយ ប៉ុន្តែ​យើង​បាន​ដឹងពី​គុណ​ភាព​របស់​គេ និងគុណ​ភាព​របស់​យើង វា​ខុស​គ្នា»។

បន្ថែម​លើ​នេះ លោកបាន​ផ្តល់​ជាគំនិត​ថា៖ «បើ​សិនចង់​ឃើញ​ហ្វុតសាល​របស់​ខ្មែរ​រីក​ចម្រើន​​ទៅ​មុខ លុះ​ត្រា​តែ​យើង​មានការ​វិនិ​យោគ​ខ្លាំង ទៅលើ​​វិស័យ​​​នេះ​ ហើយ​បើយើង​ធ្វើ​បែប​នេះ​បាន​មែន ខ្ញុំប្រាកដ​ណាស់​ មិនថា ​​៥ឆ្នាំ ឬ​១០​ឆ្នាំ​ទៀត ​ហ្វុតសាល​របស់​យើង នឹង​​អាច​​​ប្រកួត​ប្រជែង​ជាមួយ​ម៉ាឡេស៊ី វៀតណាម ​ថៃ និងឥណ្ឌូនេស៊ី បាន គឺ​ឱ្យ​តែ​យើង​​​មាន​លីគ​អាជីព និង​ក្លិប​អាជីព ដែល​មាន​ការ​ផ្តល់​ប្រាក់​ខែឱ្យ​កីឡាករ​​ដូចក្លិប​លេង​នៅ​​តារាងធំ។ ម្យ៉ាង​ទៀត បើ​យើងមាន​កីឡាករ​ថ្នាល​ចេះ​លេង​ហ្វុតសាល​តាំងពី​តូច​ទៅ គឺ​ទៅថ្ងៃ​មុខ​ទៀត ​​ហ្វុត​សាល​របស់​យើង ​នឹង​ខ្លាំង​»៕

ព័ត៌មានថ្មីៗ