បាត់ដំបងៈ លោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​អ្នកជំនាញ​ពាក់ព័ន្ធ​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​តម្លៃ​ស្រូវ​អង្ករ ដើម្បី​ធ្វើ​យ៉ាង​ណា ជួយ​ដល់​ប្រជាកសិករ​ឱ្យមាន​ទីផ្សារ ទទួលបាន​ផលចំណេញ​ទាំងអស់គ្នា និង​ជួយ​ដល់​សេដ្ឋ​កិច្ច​ជាតិ​។​


​លោក​ ឌិ​ត ទីណា និង​ថ្នាក់​ដឹក​​នាំ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ១០ កញ្ញា បាន​ជួបពិភាក្សា​ការ​​ងារ​ជាមួយ​លោក​សុខ លូ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ភូ ពុ​យ ម្ចាស់​រោង​ម៉ា​ស៊ីន​កិនស្រូវ​បៃតង​កម្ពុ​ជានា​ខេត្តបាត់ដំបង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​តម្លៃ​ស្រូវ​អង្ករ​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងកសិកម្ម​។

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ណែនាំ​ឱ្យមាន​ការសហការ​គ្នា​ល្អ​និង​កសាង​បណ្តាញ​ពូជស្រូវ​សុទ្ធ ពិសេស​ពូជស្រូវ​សែន​ក្រអូប​និង​ផ្ការំដួល ដែលមាន​តម្លៃ​ថ្លៃ មានការ​ចុះបញ្ជី មាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ មាន​ខ្សែ​ច្រវាក់​ទីផ្សារ​ល្អ​។ លើសពីនេះ​ទៀត ត្រូវ​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​សុទ្ធ​នេះ​និង​ប្រមូល​ទិញ​មកវិញ​តាម​តម្លៃ​កិច្ចសន្យា​។ លោក ​ឌិ​ត​ ទីណា បញ្ជាក់ថា នេះ​ជា​គោល​បំណង​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​ទីផ្សារ​ទទួលបាន​ផល​​ចំណេញ​ទាំងអស់គ្នា និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។​


​បន្ទាប់ពី​កិច្ចពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​បាន​បន្ត​ចុះ​ពិនិត្យ​ក​សិ​ដ្ឋា​ន​ផលិត​ពូជស្រូវ​ទួល​សំរោង ស្ថិតក្នុង​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុងពេល​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ស្រូវ ឡស​ម្ងួ​ត គ្រឿងចក្រ​កសិកម្ម និង​សិក្សា​ពី​ដំណើរការ​នៃ​ការផលិត​ពូជស្រូវ​រួចមក លោក​ឌិ​ត ទីណា បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ផលិត​ពូជស្រូវ​ល្អ សែន​ក្រអូប និង​ផ្ការំដួល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​ការប្រើប្រាស់​។​

​ជាមួយគ្នានេះដែរ លោក ​ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បានឱ្យដឹងថា ការរក្សា​តម្លៃ​ស្រូវ​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ប្រកួត​​ប្រជែង តែ​ផ្តល់​ប្រាក់ចំណេញ​ដល់​កសិករ គឺជា​យុទ្ធសាស្ត្រ​យូរអង្វែង ដែល​នឹង​ផ្តល់​និរន្តរភាព​ដល់​វិស័យនេះ​។ លោក ឃឹម ហ្វី​ណង់ ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែកញ្ញា​ថា នៅក្នុង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​ ២០២២-២០៣០ បានកំណត់​ចក្ខុ​វិស័យ​គ្រប់​ជ្រុងជ្រោយ​មួយ​សំដៅ​កសាង​កសិកម្ម​កម្ពុជា​ដែល​«​ទំនើប មាន​ភាព​ប្រកួតប្រជែង បរិ​យា​ប័ន្ន​ធន់​នឹង​ការប្រែប្រួល​អាកាស​ធាតុ និង​មាន​និរន្ត​ភាព​»​។


​លោក​ថា ក្នុងនោះ​មានការ​លើកឡើង​ពី​ទិសដៅ​នៃ​ការធ្វើឱ្យមាន​ភាពរឹងមាំ​ទាំង​ផ្នែក​ផលិតកម្ម និង​ការ​នាំចេញ ពោលគឺ​កាត់​បន្ថយថ្លៃ​ដើម​នៃ​ការផលិត និង​បង្កើន​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។​

​លោក​និយាយថា​៖ «​ដើម្បីឱ្យ​គោលដៅ​នេះ អាច​សម្រេចបាន​ទន្ទឹមគ្នា​សម្រាប់​វិស័យ​ស្រូវ​អង្ករ លុះត្រាតែ​យើង​អាច​សម្រេចបាន​ចំណុចកណ្តាល​មួយ ដែល​អាច​ទទួលយកបាន​ទាំង​សម្រាប់​កសិករ និង​អ្នក​នាំចេញ ប៉ុន្តែ​នៅសល់​មនុស្ស ១​ ក្រុម​ទៀត​ដែល​ត្រូវ​ទទួល​បានការ​គាំពារ​ដែរ នោះ​គឺ​អ្នកប្រើប្រាស់​»​។​

ពលរដ្ឋ​រុះរើ​ផ្ទះ​របស់ខ្លួន​ចេញពី​ដង​ទន្លេ​សេកុង​នៅ​ខេត្តស្ទឹងត្រែង ពីថ្ងៃ​ទី​ ៥ មករា​។ រូបថត FB

​អ្នកនាំពាក្យ​ដដែល​បន្តថា​៖ «​បើ​ថ្លៃ​ពេក​ពិបាក​នាំចេញ អ្នក​ហូប​រអ៊ូ ថោក​ពេក អ្នក​ហូប​សប្បាយចិត្ត ឯ​អ្នក​ដាំ​ជា​អ្នក​រអ៊ូ​វិញ​ម្តង​! យើង​ត្រូវ​រក​ចំណុចកណ្តាល​រួម​នេះ​ឱ្យឃើញ​។ កសិករ​ចំណេញ អ្នក​នាំចេញ​ងាយ​រក​ទីផ្សារ អ្នក​ពិសា​បាន​សន្សំសំចៃ​។ ហេតុដូច្នេះ​ហើយ​ទើប​វា​មាន​ភាពចាំបាច់​ដែល​ត្រូវ​ថ្លឹងថ្លែង​ឱ្យបាន​សមរម្យ ក្នុងការ​​រកឱ្យឃើញ​ចំណុច​រួមមួយ​នៅក្នុង​វិស័យ​កសិកម្ម​ដែល​បម្រើឱ្យ​មនុស្ស​ទាំង​ ៣​ ក្រុម​នេះ​»​។​

​លោក ​ឃឹម ហ្វី​ណង់ ក៏​បញ្ជាក់ដែរថា ការរកឃើញ​ចំណុចកណ្តាល​រួម​នេះ រួមមាន​ការធ្វើឱ្យ​ថ្លៃដើម​ធាតុ​ចូល​កសិកម្ម​បន្ត​ថយ​​ចុះ​សម្រាប់​កសិករ​, ការពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​កាន់តែ​ទូលំទូលាយ​សម្រាប់​អ្នក​នាំចេញ និង​ការធានាបាន​ស្ថិរភាព​តម្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​ ហ៊ុន ឡាក់ អតីត​ថ្នាក់​ដឹកនាំ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អ្នករកស៊ី​ចាស់វស្សា​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ក៏បាន​ថ្លែង​ដែរ​ថា ការប្រែប្រួល​អាកាសធាតុ ការកើតឡើង​នូវ​គ្រោះធម្មជាតិ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន នៅលើ​ពិភពលោក និង​បញ្ហា​សង្គ្រាម បានធ្វើ​ឱ្យមាន​តម្រូវការ​ស្បៀង ដែល​នេះ​ជា​ឱកាស​សម្រាប់​ប្រទេស​ដែលមាន​អតិរេក​ស្រូវ ប៉ុន្តែ​នេះ​គ្រាន់តែ​ដំណាក់កាល​អន្តរកាល​ខ្លី​ប៉ុណ្ណោះ មិន​អាចមាន​ស្ថិរភាព​យូរអង្វែង​បានទេ​។​

​លោក​បាន​បញ្ជាក់ថា​៖«​មែន​ទែន​ទៅ ទាល់តែ​យើង​មានការ​រៀបចំ​ជា​ប្រព័ន្ធ​តែម្តង ដូចជា​ផ្នែក​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​,​ដើមទុន​សម្រាប់​អនុវត្ត​គោល​នយោបាយ​ទិញស្រូវ​ស្តុក​ទុក នៅពេល​រដូវ​ប្រមូល​ផល និង​ការ​គិតគូរ​ដល់​មធ្យោបាយ​ចំណាយ​ផ្សេងៗ​ដូចជា អគ្គិសនី ការដឹក​ជញ្ជូន កំពង់ផែ​ជាដើម ដែល​ធ្វើឱ្យ​វា​ប្រសើរឡើង​ដែល​អាច​ធានា​និរន្តរភាព​នៃ​ការផលិត និង​មាន​ភាព​ប្រកួតប្រជែង​បាន​»​។​

​ចំណែក លោក យ៉ង ប៉ាក អ្នក​ជំនាញ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អ្រា​ហ្គី​ប៊ី ​Agribee (Cambodia)​ យល់ឃើញថា បើ​ចង់ឱ្យ​តម្លៃ​ស្រូវ​កើន​នោះ អតិផរណា គ្រប់​ទំនិញ​នឹង​កើន​។ វិធីសាស្ត្រ​ដែល​គួរ​ពិចារណា គឺ​កាត់បន្ថយ​ថ្លៃដើម បន្ថយ​ហានិភ័យ និង​បង្កើន​ទិន្នផល​។

​លោក​ យ៉ង ប៉ាក បាន​ពន្យល់​បែបនេះ​ថា​៖«​យើង​អាច​ប្រើ​យន្តការ​បង្ការ​ទុក​កុំ​ឱ្យមាន​បញ្ហា​កើតមានឡើង ដូចជា​ការបង្ការ​ការ​កើតមាន​រោគ​អី្វ​មួយ​កើតឡើង ដូចនេះ​យើង​ត្រូវមាន​អ្វីមួយ​បង្ការ​ទុក​មុន ដូចជា​កើតមាន​សត្វល្អិត​ជាដើម​។ ការបន្ថយ​ថ្លៃដើម សំដៅ​ដល់​ថ្លៃ​បូមទឹក ថ្លៃ​ថ្នាំ​ដង្កូវ និង​ថ្លៃ​ពលកម្ម​។ ការ​បង្ការ​ហានិភ័យ គឺ​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ហា​និ​ភ័យ និង​ប្រព័ន្ធ​ធានារ៉ាប់រង​ដំណាំ និង​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់ ដែល​សព្វថ្ងៃ ប្រព័ន្ធ​ស្រោចស្រព​យើង​បានតែ ៣០ ​ភាគរយ​ទេ​»​។​

​ចំណែក​ការបង្កើន​ទិន្នផល​វិញ លោក​ យ៉ង ប៉ាក បញ្ជាក់ថា៖ «​ពូជស្រូវ​ខ្លះ យើង​គួរ​ឈប់​យកមកប្រើ ព្រោះ​សក្តានុពល​របស់​វា គឺ​បាន​ទិន្នផល​ទាប​។ ពូជ​ខ្លះ​រើស​ដី រើស​ទឹក រើ​សជី​ជាដើម តែ​ទោះជា​យ៉ាងណា​យើង ​(​ភាគី​ពាក់ព័ន្ធ​ )​ត្រូវមាន​ផែនការ​យុទ្ធ​​សាស្ត្រ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​កសិករ ទទួល​ទិន្នផល​ចន្លោះ​ពី ៧ ​តោន​ទៅ ៨​ តោន ក្នុង ១ ​ហិកតា​។ ១​ ហិកតា​ បាន​ទិន្នផល ៨​ តោន ទោះ​តម្លៃ​ទាប មក​ត្រឹម ៨០០ ​រៀល ក៏​នៅតែ​ចំណេញ​ដែរ​ហើយក៏​យើង​ស្រួល​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ ក៏​ដូច​ក្នុង​តំបន់​»​។​

​លោក យ៉ង ប៉ាក់ បាន​បន្តថា កន្លងមក តម្លៃ​ស្រូវ​ឡើង​ចុះ​លឿន​ពេក ធ្វើឱ្យ​អ្នកទិញ​អង្ករ នៅ​ទ្រឹង មិន​ហ៊ាន​សម្រេចចិត្ត​បញ្ជា​ទិញ​ពី​រោង​ម៉ាស៊ីន​។ ជាធម្មតា អ្នករកស៊ី បើ​តម្លៃ​មិន​ច្បាស់លាស់ គឺ​គេ​នៅចាំ​មើល​តម្លៃ​សិន​។ នៅពេល​តម្លៃ​រក្សា​លំនឹង ចន្លោះ​ពី ១​ សប្តាហ៍​ទៅ ​២ ​សប្តាហ៍ បាន​គេ​ចាប់ផ្តើម​ទិញ​-​លក់​។​

​លោក​បញ្ជាក់ទៀតថា​៖ «​ខ្ញុំ​គិតថា យើង​គួរ​មាន​គោលនយោបាយ សម្រាប់​រក្សា​តម្លៃ​ស្រូវ​ឱ្យនៅ​ក្នុង​ចន្លោះ​មួយ​ដែល​កសិករ​ក៏​ទទួលយកបាន ហើយ​រោង​ម៉ាស៊ីន​ក៏មាន​លទ្ធភាព​ទិញ ធៀប​ជាមួយ​តម្លៃ​អង្ករ​អន្តរជាតិ​។ មួយវិញទៀត យើង​ឃើញ​អ្នក​ដែលមាន​ឥទ្ធិពល​ក្នុងសង្គម​មួយចំនួន ដែល​មិន​នៅក្នុង​វិស័យ​ស្រូវ​អង្ករ តែង​តែ​បញ្ចេញយោបល់ ដែល​គ្មាន​មូលដ្ឋាន​ធ្វើឱ្យមាន​ការយល់​​ច្រឡំ​កាន់តែខ្លាំង​»​។

​លើសពីនេះ លោក​ យ៉ង ប៉ាក់ បាន​លើកឡើងថា ក្រសួង​ក​សិ​​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​ប្រព័ន្ធ​ទាក់ទង​ទាន់​ហេតុការណ៍ ​(Hotline)​ ឱ្យ​ពលរដ្ឋ ឬ​កសិករ អាចទាក់ទង​សួរ​បាន ដោយ​រដ្ឋាភិ​បាល មាន​អ្នកជំនាញ​នៅតាម​មូលដ្ឋាន ចាំ​ដោះស្រាយ​បញ្ហា និង​ជួយ​សម្របសម្រួល​ជូន​ប្រជា​កសិករ​។ ការនិយាយ​ដោយ​គ្មាន​មូលដ្ឋាន មិនបាន​ជួយ​ដោះស្រាយ​អ្វី​ដល់​កសិករ​ទេ តែ​បានតែ​បន្ថែម​កម្ដៅ​ប៉ុណ្ណោះ​៕