ភ្នំពេញៈ គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បានមកសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) របស់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។
យោងតាមការផ្សព្វផ្សាយរបស់ អ.ប.ព តាមបណ្តាញហ្វេសប៊ុក នាយប់ថ្ងៃទី ១០ ខែកញ្ញា បានលើកឡើងថា ការពិភាក្សានិងពង្រឹងកិច្ចសហ ប្រតិបត្តិការនៃស្ថាប័នទាំង ២ នេះធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីគណបក្សកុម្មុយនីស្តចិន និងគណៈកម្មការត្រួតពិនិត្យកិច្ចការប្រចាំខេត្តហឺណាននៅកម្ពុជារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ កញ្ញាឆ្នាំ ២០២៣។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ដំណើរទស្សនកិច្ចនៃគណៈប្រតិភូចិនមកកាន់ អ.ប.ព. លើកនេះ មានគោលដៅពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ និងរវាងខេត្តហឺណាននិង អ.ប.ព។
លោកបន្តថា ប្រតិភូចិនមកស្វែងយល់ពីចំណុចសំខាន់ៗ ក្នុងនោះមានច្បាប់ប្រឆាំងអំពើរលួយរបស់កម្ពុជា និងពិសេសការប្រកាសទ្រព្យសម្បត្តិនិងបំណុល ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការប្រមូលត្រឡប់វិញនូវទ្រព្យជាផលនៃបទល្មើស និងការជួយគ្នាទៅវិញទៅមក លើទិដ្ឋភាពច្បាប់។
លោក សយ ច័ន្ទវិចិត្រ សង្កត់ធ្ងន់ថា៖ «ទស្សនកិច្ចរបស់គណៈប្រតិភូចិនក្នុងពេលនេះ មានសារៈសំខាន់ក្នុងការពង្រឹងនិងពង្រីកបន្ថែមលើការងារប្រឆាំងអំពើពុករលួយ ខណៈកន្លងមកប្រទេសទាំង ២ បានសហការគ្នាបានល្អតាមរយៈការជួយគ្នាលើផ្នែកច្បាប់ ការផ្លាស់ប្តូរទស្សនៈតាមអង្គភាពជំនាញ ការចែករំលែកបទពិសោធន៍ ការជួយស៊ើបអង្កេតមុខសញ្ញាជាដើម»។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ១១ ខែកញ្ញា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានដឹកនាំមន្ត្រីជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូខេត្តហឺណាន។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍នាឱកាសនោះ ពីព័ត៌មានសង្ខេបអំពី អ.ប.ព., ប្រវត្តិបង្កើតច្បាប់ និងអង្គភាពប្រឆាំងអំពើពុករលួយ, រចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយរួមនឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិនានាផងដែរ។
អ.ប.ព. បានបន្តថា៖ «លោកទេសរដ្ឋមន្ត្រី បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រង់ទៅត្រង់មក រវាងគណៈកម្មការអធិការកិច្ចវិន័យខេត្តហឺណាននិង អ.ប.ព ហើយនិងរីករាយឆ្លើយតបរាល់សំណូមពររបស់គណៈប្រតិភូ»។
បើយោងតាម អង្គភាពប្រឆាំងអំពើពុករលួយ នាជំនួបនោះដែរ លោកស្រី QuXiaoli សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន ក៏បានលើកឡើងដែរថា លោកស្រី និងគណៈប្រតិភូរីករាយដែលបានជួបប្រជុំជាមួយលោក ឱម យ៉ិនទៀង និងសហការីនាពេលនេះ។
តាមរយៈ អ.ប.ព លោកស្រីមានប្រសាសន៍ថា៖ «ទំនាក់ទំនង ចិន-កម្ពុជាមានចំណងមេត្រីរាប់ពាន់ឆ្នាំមកហើយ ហើយឆ្នាំនេះ ថ្នាក់ដឹកនាំទាំង ២ គឺលោកប្រធានាធិបតី ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានរំឭកពីមិត្តភាព ថា ជាឆ្នាំមិត្តភាពហើយការមកទស្សនកិច្ចរបស់គណៈកម្មការខេត្តហឺណាននៅ អ.ប.ព. លើកនេះ ក៏ជាឆ្នាំមិត្តភាពផងដែរ»។
ទាក់ទងនឹងការបំពេញទស្សនកិច្ចនេះដែរ លោក ប៉ិច ពីសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TIC) យល់ថា ទំនាក់ទំនងនិងកិច្ចសហប្រិបត្តិការរវាងកម្ពុជានិងចិន លើកិច្ចការប្រយុទ្ធប្រឆាំងអំពើរលួយជារឿងល្អ ដោយសារមួយរយៈពេលចុងក្រោយនេះ ចិនកំពុងប្រើប្រាស់យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយដើម្បីធ្វើកំណែទម្រង់បក្សកុម្មុយនីស្តចិនដែលអាចផ្តល់បទពិសោធន៍ល្អៗដល់កម្ពុជា ជាពិសេស អបព យកមករៀនសូត្របន្ថែម។
លោក ប៉ិច ពិសី បន្ថែមថា៖ «នៅក្នុងកិច្ចសហប្រតិបត្តិការនេះ មេរៀនខ្លះ យើងអាចរៀនសូត្របាន ហើយមេរៀនខ្លះ យើងគួរចៀសវាង ដោយសារប្រព័ន្ធដឹកនាំរបស់កម្ពុជាជាប្រព័ន្ធប្រជាធិបតេយ្យ ខណៈចិនប្រើប្រព័ន្ធកុម្មុយនីស្ត»។
បន្ថែមពីនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរដោយលោកចង់ឱ្យភាគីទាំង ២ ធ្វើការពិភាក្សាគ្នាស៊ីជម្រៅលើការប្រឆាំងអំពើពុករលួយ ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានពីការលាងលុយកខ្វក់ ពីសំណាក់ក្រុមឧក្រិដ្ឋជនចិនចូលមកទឹកដីកម្ពុជា នារយៈពេលចុងក្រោយនេះដើម្បីលុបរូបភាពនយោបាយមិនល្អដល់ប្រទេសទាំង ២ លើឆាកអន្តរជាតិ៕