ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល ​បាន​លើកឡើងថា ការធ្វើ​ពិធី​សាសនា នៅតាម​ដងផ្លូវ​ដែល​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ គ្រាន់តែ​ជា​ជំនឿ​មួយ​ទេ ប៉ុន្តែ​ពិធី​នេះ​ មិនអាច​ធ្វើឱ្យ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ឡើយ​។​


​ការលើកឡើង​ដូចនេះ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​រលាប្អៀរ រួមទាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ដឹកនាំ​ប្រជាពលរដ្ឋ ធ្វើ​ពិធី​បែប​ព្រះពុទ្ធសាសនា​ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពិសេស​ត្រង់ចំណុច​ផ្លូវបំបែក​ជា​៤ ត្រង់ចំណុច​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង ស្ថិតក្នុង​ភូមិ​អូរ​កណ្ដាល ឃុំ​ជ្រៃ​បាក់ ដោយសារ​កន្លងមក​ទីតាំង​នេះ​តែងតែ​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១២ ខែកញ្ញា​ថា ជាទូទៅ​ពិធី​បន់​ស្រន់ ឬ​ការរៀបចំ​ពិធី​សាសនា​អ្វីមួយ វា​គ្រាន់តែ​ជា​ជំនឿ​មួយ​ទេ ប៉ុន្តែ​វា​មិនអាច​ចាត់ទុក​ការ​បន់​ស្រន់ ឬ​ពិធី​សាសនា​ទាំងនោះ វា​ធ្វើឱ្យ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​នោះទេ​។


​លោក​បន្តថា អ្វីដែល​អាច​កាត់បន្ថយ​គ្រោះ​ចរាចរណ៍​បាន គឺ​អាស្រ័យទៅលើ​ការអនុវត្ត​វិធានការ​ច្បាប់ ឬក៏​ដោះស្រាយ​ទៅតាម​បច្ចេកទេស​នៃ​ច្បាប់​ចរាចរណ៍ និង​ទៅតាម​ស្ថានភាព​ផ្លូវ ស្ថានភាព​ទីតាំង​ជាក់ស្ដែង ដូច្នេះ​ទើប​ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​អាច​កាត់បន្ថយ​បាន​ពិតមែន​។​

​លោក យង់ គិ​ម​អេង ថ្លែងថា​៖ «​អាជ្ញាធរ​គ្រាន់តែ​នាំ​ប្រជាជន​ទៅ​បន់​ស្រន់​ប៉ុណ្ណឹង វា​មិន​ធ្វើឱ្យ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​បានទេ ទាល់តែ​អនុវត្ត​ច្បាប់​ចរាចរណ៍ ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​មូលហេតុ​កើតឡើង​គ្រោះថ្នាក់​នោះ​វិញ ប្រសើរ​ជាង​»​។​


​លោក​បន្តថា ការ​បន់​ស្រន់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​តំបន់​ទាំងនោះ វា​គ្រាន់តែ​ជាការ​លើកទឹកចិត្ត និង​ជា​ជំនឿ ឬក៏​ជាការ​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ប៉ុណ្ណោះ​។

​លោក​ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កន្លងមក​នៅ​ចំណុច​ផ្លូវបំបែក​ជា ​៤ ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​វាង​ក្រុង​កំពង់ឆ្នាំង​នេះ តែងតែ​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ មាន​ស្លាប់​និង​របួស​ជាដើម​។

​លោក​បន្តថា ខាង​អាជ្ញាធរ​ក៏​មិនបាន​ព្រងើយកន្តើយ​នោះដែរ​ចំពោះ​បញ្ហា​នេះ ដោយ​លោក​បាន​ចាត់​មន្ត្រីនគរបាល​ជាច្រើន​សម្រាប់​ប្រចាំការ​នៅ​ទីតាំង​នោះ ហើយក៏​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ទាំងយប់​ទាំង​ថ្ងៃ ខណៈដែល​ប្រជាពលរដ្ឋ​មិនបាន​គោរព​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​នោះទេ នៅពេល​ពួកគាត់​ឆ្លងផ្លូវ​ម្ដងៗ ខ្វះ​ការប្រុងប្រយ័ត្ន​។​

​លោក ខូវ លី ថ្លែងថា​៖ «​ខ្ញុំ​កំពុង​បារម្ភ​ថា​ផ្លូវ​ហ្នឹង មាន​ផ្លូវបំបែក​ច្រើនពេក ហើយ​កំពុង​រក​វិធានការ​ដើម្បី​ធ្វើ​ម៉េច​ឱ្យមាន​ភ្លើងស្ដុប​នៅ​ទីនោះ ពីព្រោះ​កម្លាំង​យើង​មិន​គ្រប់គ្រាន់​ទេ​។ មួយវិញទៀត ខ្ញុំ​ក៏បាន​សំណូមពរ​ទៅខាង​អង្គការ​ជប៉ុន​ឱ្យជួយ​បញ្ហា​បច្ចេកទេស​ផ្លូវ​នេះដែរ​»​។​

​លោក​បាន​ឱ្យដឹងទៀតថា អ្វីដែល​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ដើម្បី​ធ្វើ​ពិធី​សាសនា​នេះ វា​គ្រាន់តែ​ជំនឿ​មួយ​នៅក្នុង​ចិត្ត​របស់​ពួកគាត់​ទេ​ប៉ុន្តែ​បើ​និយាយថា ​វា​អាចរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​វា​មិនអាច​ទេ លុះតែ​តែ​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕