ភ្នំពេញៈអគ្គ​នាយក​អគ្គិ​សនី​កម្ពុជា លោក​ ប្រាំង ​ជល​សា បាន​អំពាវ​នាវ​ដល់​អតិថិ​ជន​ទាំង​អស់ឱ្យ​សហ​ការ​ជា​មួយ​អគ្គិ​សនី​កម្ពុជា​ដើម្បី​ចាត់​វិធា​នការ​តា​មផ្លូវ​ច្បាប់ ​ចំពោះ​បុគ្គល​មិន​ស្គាល់​អត្ត​សញ្ញាណ​ដែល​ទាក់​ទង​ឱ្យ​បង់​ប្រាក់​ឬ​ផ្ទេរ​ប្រាក់​ពាក់​ព័ន្ធ​នឹង​ការទូទា​ត់​ថ្លៃ​ប្រើ​ប្រាស់​អគ្គិ​សនី​ប្រចាំ​ខែ និង​សេវា​ផ្សេងៗ​។​


​ការអំ​ពាវ​នាវ​នេះ​ ធ្វើឡើ​ង​តាម​រយៈ​សេចក្តីជូ​នដំ​ណឹង​របស់​អគ្គិ​សនី​កម្ពុជា ដែល​ចុះហត្ថ​លេខា​ ដោយ​លោក ​ប្រាំង ជលសា ​ប្រតិភូ​រាជរដ្ឋាភិ​បាល​កម្ពុ​ជា ទ​ទួល​បន្ទុក​ជា ​អគ្គ​នាយក​អគ្គិ​សនី​កម្ពុជា ​កាល​ពី​ថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​

​សេចក្តី​ជូន​ដំណឹង​បាន​លើក​ឡើង​ថា មក​ទល់ពេ​លនេះ​​ អគ្គិស​នី​កម្ពុជា ​បាន​ទទួល​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ពី​អតិថិ​ជន​ថា ​មាន​ករណី​ជន​ខិល​ខូច​បាន​ក្លែង​បន្លំ​ជា​មន្ត្រី​អគ្គិ​សនី​កម្ពុជា ​ឆបោក​អតិថិ​ជន​តាម​រយៈ​ទូរ​ស័ព្ទ​ បណ្តាញ​ទំនាក់​ទំនង​សង្គម​ និង​មធ្យោបា​យ​នានា ​ដើម្បីឱ្យ​បង់​ប្រាក់ឬ​ផ្ទេរ​ប្រាក់​សម្រាប់​ការ​ទូទាត់​ថ្លៃ​ប្រើ​ប្រាស់​អគ្គិស​នី​ប្រចាំ​ខែ ថ្លៃ​ប្ដូរ​នាឡិ​កា​ស្ទង់ ប្តូរ​ឌី​សង់ទ័​រ និង​បរិក្ខារ​មួយ​ចំនួន​តាម​រយៈ​ភ្នាក់​ងារ​វី​ង និង​ទ្រូ​ម៉ាន់​នីដើម្បី​ចៀស​វាង​ការ​កាត់​ផ្តាច់​ចរ​ន្តអគ្គិ​សនី​ជា​បណ្តោះ​អាសន្ន​។


​លោក​ ប្រាំង ជលសា ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ថា ៖ «​ពា​ក់ព័ន្ធនឹង​បញ្ហា​នេះ អគ្គិ​សនី​កម្ពុជា ​សូម​អំពាវ​នាវ​ដល់​អ​តិ​ថិ​ជន​ទាំង​អស់​ ប្រសិនបើ​មាន​បុគ្គល​មិន​ស្គាល់​អត្ត​សញ្ញាណទំនាក់​ទំនង​ឱ្យ​បង់​ប្រាក់​ឬ​ផ្ទេរ​ប្រាក់​ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​នេះ ​សូម​មេត្តា​កុំ​បង់​ឬ​ផ្ទេរប្រា​ក់​ទៅ​បុគ្គល​នោះ​ឱ្យ​សោះ ហើយ​ត្រូវ​ជូន​ដំណឹង​មក​អគ្គិ​សនី​កម្ពុជា​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​»​។

​អគ្គិ​សនី​កម្ពុជា​ ក៏បាន​លើក​ឡើង​ដែរ​ថា ការ​ទូទាត់​ថ្លៃ​ប្រើ​ប្រាស់ ​អគ្គិសនី​ប្រចាំ​ខែ ឬ​បង់ថ្លៃ​សេវា​ផ្សេងៗ លុះត្រា​​តែ​មាន​វិក្កយ​បត្រ​ឬ​បង្កាន់ដៃ​​ទទួល​ប្រាក់​ត្រឹម​ត្រូវ​របស់​អគ្គិ​សនី​កម្ពុជា​ ហើយ​អគ្គិសនី​កម្ពុជាពុំ​បាន​ប​ញ្ជូន​និយោជិត​ណា​ម្នាក់​ឱ្យ​ទារ​ប្រាក់​ពី​អតិថិ​ជន​ដោយផ្ទា​ល់ឬ​តាម​មធ្យោបា​យ​ណាមួ​យ​ដោយ​គ្មាន​វិក្កយ​បត្រ​ផ្លូវកា​រនិង​ក្រៅពី​ប្រព័ន្ធ​បង់​ប្រាក់​របស់​អគ្គិ​សនី​កម្ពុជា​នោះទេ​​។​


​ប្រភព​ដដែល​បាន​បញ្ជាក់​ថា៖«​សម្រាប់​ការប​ង់​ប្រាក់ ​អតិថិជន​អាច​បង់​នៅតាម​បញ្ជរ​បេឡា​អគ្គិ​សនី​កម្ពុជា ​និង​តាម​រ​យៈធនា​គារឬ​គ្រឹះ​ស្ថាន​មីក្រូហិ​រ​ញ្ញវត្ថុ​ដែលជា​ដៃគូ​សហកា​រ​ជាមួ​យ​អគ្គិស​នី​កម្ពុជា​។អគ្គិសនី​កម្ពុជាមិ​ន​ទទួលខុ​សត្រូ​វចំពោះ​ទឹកប្រា​ក់​ដែល​បាន​ទូទា​ត់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​ឡើយ​»​។​

​ទាក់​ទង​នឹង​​ករណីនេះ លោក សេក សុជាតិ នាយក​ប្រតិប​ត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត​បានថ្លែង​ថា ​ជាទូទៅ​​អំពើ​ឆក​បោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ​វា​មិនមែន​​ទើបតែ​​កើតឡើ​ង​នា​ពេល​ថ្មីៗ​នេះ​ទេ ​ហើយក៏​មិនមែ​ន​តែ​កម្ពុជា​នោះ​ដែរ​ នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏មាន​អំ​ពើ​ឆក​បោក​នេះ​ដែរ​។

​លោក​បន្ត​ថា ខា​ង​អាជ្ញាធ​រ​អគ្គិសនី​​កម្ពុជា គួរតែ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ ​ឱ្យបាន​ទូលំ​ទូលាយ​តាម​រយៈ​ភ្នាក់​ងារ​រប​ស់ខ្លួន​ ដោយ​​បញ្ជាក់​នៅលើ​វិក្កយ​បត្រ​ភ្លើង​ឱ្យបាន​ទៅដល់​ដៃ​របស់​ប្រជាព​លរដ្ឋ​គ្រប់ៗ​គ្នានៅ​តាម​ខ្នង​ផ្ទះ​។​

​លោក ​សេក ​សុជាតិ ​បានប្រាប់​ថា​៖«​បទ​ល្មើស​នេះ ខ្ញុំ​មើលឃើញ​ថា វា​​បាន​បន្លំ​ដោយ​មាន​ភាព​ទូលំទូ​លាយ ​ដូច្នេះ​វា​ពិបាក​ក្នុង​ការកំ​ណត់​អត្ត​សញ្ញាណ​ជន​ខិល​ខូ​ច ដែល​បាន​ឆបោក​ប្រជា​ពលរដ្ឋ​ឱ្យ​បង់លុ​យ​ទៅ​គណនី​​ខ្លួន​ជាដើម​»​។​

​លោក​បន្ថែម​ថា ​អាជ្ញាធ​រ​អគ្គិ​សនី​កម្ពុជាក៏​គួរតែ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​តា​មរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​តាម​រយៈ​វិធី​ផ្សេងៗ​ទៀត ​ដែល​អាច​ធានា​ថា​ ព័ត៌​មាន​ទាំង​អស់​នេះ ត្រូ​វបាន​ទៅដល់​ដៃ​ប្រជា​ពលរដ្ឋ​គ្រប់ៗ​គ្នា​៕