ភ្នំពេញ៖ វា​មិនមែនជា​ម៉ូតូ មិនមែនឡាន​ហ្គូ​ខាត​​ទេ និង​រឹត​តែ​​​មិនមែនជា​ម៉ាស៊ីន​ច្រូតកាត់​​ទៀត​​។ វា​ជា​រថយន្ត​អេឡិចត្រូនិក​តូច​​មួយ​ ដែលមាន​កៅអី​ផ្អែក​​ ដែល​​​បំពាក់​ដោយ​ប្រព័ន្ធ​បោសសម្អាត​នៅ​ខាងក្រោយ​ នោះ​គឺ​​​ម៉ាស៊ីន​បោសសម្អាត​។​

​ម៉ាស៊ីន​សម្អាត​ធូលី Eco-dust ជំនា​ន់ទី ១ (ECM-1) ដែល​បង្កើតឡើង​ដោយ​សិស្ស​ ៣ នាក់ ​មកពី​អនុវិទ្យាល័យ ហ៊ុន សែន សេរី​ភាព កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សហគមន៍​មូលដ្ឋាន និង​វិស័យ​អប់រំ​។​

ECM-1 ត្រូវបាន​រចនា​ឡើង​ដើម្បី​បដិវត្តន៍​វិធី​ដែល​មនុស្ស​សម្អាត​ទីសាធារណៈ​។ គម្រោង​ច្នៃប្រឌិត​ថ្មី​នេះ ផ្តួចផ្តើម​ដោយ​សិស្ស STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) ​ដែល​យុវជន​​ទាំងនេះបាន​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុងជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​។​


​យុវតី ទ្រី សូលី​ដែត ជា​សិស្ស​ម្នាក់​ដែល​អភិវឌ្ឍម៉ាស៊ីន​បោស​ធូលី​ ECM-1 បាន​ចែករំលែក​ក្តីរំភើប​​អំពី​ភាពជោគជ័យ​របស់​គម្រោង​នេះ​ថា​៖ «មើលទៅ​ វា​មិន​អស្ចារ្យ​ទេ​ ប៉ុន្ដែ​សម្រាប់​ខ្ញុំ វា​ពិត​ជា​អស្ចារ្យ​មែន​ទែន​ ដោយសារ​វា​ជា​សមិទ្ធផល​ជា​ក្រុម​ ដែល​អាច​ធ្វើ​ឱ្យ​ចេញ​ជា​រូប​បែប​នេះ​»។

​​ការអប់រំ STEM ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​​គោលដៅ​ទាំងនេះ ដូចដែលយុវជន​ រី​ម ប៉េង​ហុង សិស្ស​ម្នាក់​ទៀត​ដែល​ចូលរួម​ក្នុង​គម្រោង ECM-1 បានកត់សម្គាល់​។​


​យុវជន ប៉េងហុង​ បាន​និយាយថា៖ «​យើងអាច​​រៀនទ្រឹស្ដី​ផង និង​​អនុវត្ដផង​​។ យើង​អាច​ប្រើ​ប្រាស់​ទ្រឹស្ដី​មក​ផ្គុំ​ចូល​គ្នា​ដើម្បី​ផលិត​ជា​ម៉ាស៊ីន​ផ្សេងៗ ជា​ច្រើន​ទៀត»​។

​​គម្រោង​ច្នៃប្រឌិត​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ទូលំទូលាយ​ដែល​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្លួន​។​

​អ្នក​ស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស​របស់ ADB ប្រចាំ​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា បាន​ពន្យល់ថា កម្មវិធី​ទាំងនេះ​មាន​គោលបំណង​លើកកម្ពស់​គុណភាព និង​ភាព​ពាក់ព័ន្ធ​នៃ​ការអប់រំ​មធ្យមសិក្សា ជាពិសេស​ក្នុង​វិស័យ STEM។​

អ្នកស្រី Varma បាន​និយាយថា៖​ «​​កម្មវិធី​ក៏​គាំទ្រ​ដល់​ការណែនាំ​អំពី​អាជីព ភាពជា​ដៃគូ​របស់​សាលា​ជាមួយ​ឧស្សាហកម្ម​ក្នុងស្រុក ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណវុឌ្ឍិ និង​សមត្ថភាព​សម្រាប់​គ្រូបង្រៀន STEM និង​ការផ្តល់​ធនធាន​សិក្សា​ សម្រាប់​ការរៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការអនុវត្ត»​។​

នេះ​ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ផ្អែកលើ​ចំណេះដឹង និង​បច្ចេកវិទ្យា ដើម្បី​បំពេញ​តម្រូវការ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​វិ​វឌ្ឍ​។​

​ការអប់រំ STEM ក៏មាន​សារៈសំខាន់​ផងដែរ ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​នៃ​កម្លាំង​ពលកម្ម​សម្រាប់​ការផ្លាស់ប្តូរ​ឧស្សាហកម្ម​។​

​អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​កម្មវិធី​ដែល​ផ្តល់​មូលនិធិ​ដោយ ADB នៅ​កម្ពុជា គឺ​ស្របតាម​អាទិភាព​ទាំងនេះ ក៏ដូចជា​យុទ្ធសាស្ត្រ​របស់ ADB ឆ្នាំ ២០៣០​ ទាក់ទង​នឹង​ការដោះស្រាយ​ភាពក្រីក្រ​ ដែល​នៅ​សេសសល់ កាត់បន្ថយ​វិសមភាព និង​កា​រព​ន្លឿ​ន​វឌ្ឍនភាព​»។​

ប្រែក្លាយ​គំនិត​ទៅជា​ការពិត​​

​លោក ថុល ចាន់ថន ជា​គ្រូបង្រៀន​ផ្នែក STEM និង​គណិតវិទ្យា​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន សែន សេរី​ភាព បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ណែនាំ​សិស្ស​តាមរយៈ​គម្រោង​នេះ​។ លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សិស្ស​ក្នុង​ការកំណត់​បញ្ហា​ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពួកគេ​រកឃើញថា​ពាក់ព័ន្ធ​ផ្ទាល់ខ្លួន​។​

​លោក ចាន់ថន ថ្លែងថា​៖ «​ពួកគេ​ផ្តួច​ផ្តើមគំនិត​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​។ យើង​ជួយ​ពួកគេ​នូវ​អ្វីដែល​ពួកគេ​កំពុង​ជួប​បញ្ហា​ ដូច​ជាការ​ផ្សារ​ដែក​ដែល​អាចមាន​គ្រោះថ្នាក់​»។​

​ការ​រចនាម៉ាស៊ីន​ ECM-1 ប្រហាក់ប្រហែល​នឹង​រថយន្ត​អគ្គិសនី​តូច​មួយ ជាមួយនឹង​ការបន្ថែម​ប្រព័ន្ធបោស​សម្អាត​ ស្រដៀង​ទៅនឹង​ភ្ជួរ​រាស់​។​

​សមត្ថភាព​បោសសម្អាត​របស់​វា​លើសពី​ធូលី​ដី ព្រោះ​វា​អាច​ប្រមូល​ស្លឹកឈើ​ជ្រុះ និង​ទម្រង់​ផ្សេងៗ​នៃ​ការ​ទុកដាក់​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើឱ្យ​វា​ក្លាយជា​ដំណោះស្រាយ​ដ៏​សម្បូរបែប និង​ជាក់ស្តែង​សម្រាប់​ការថែរក្សា​កន្លែង​សាធារណៈ​ឱ្យ​ស្អាត ដូចជា​ច្រករបៀង និង​ផ្លូវ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ អំពី​អត្ថប្រយោជន៍​នៃ​គម្រោង​សម្រេច​លទ្ធផល​ដែល​ចំណាយ​ពេល ៣ខែ​​ថា​៖ «​ផលិតផល​ខ្លះ​ យើង​ធ្វើ​រួច​ហើយ តែមិន​អាច​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន ប៉ុន្ដែ​ម៉ាស៊ីន​បោស​សម្អាត​ដី​នេះ យើង​អាច​ប្រើ​វា​រាល់​ថ្ងៃ​បាន​»។

បំផុសគំនិត​អ្នក​ច្នៃប្រឌិត​នាពេល​អនាគត​​

​គម្រោងម៉ាស៊ីន​បោស​ធូលី​ ECM-1 ដើរតួ​ជាការ​បំផុសគំនិត​សម្រាប់​និស្សិត STEM ជំនាន់​ក្រោយ​។ យុវតី ថន ស្រី​និ​ច សមាជិក​ម្នាក់ទៀត​នៃ​ក្រុម​បាន​លើកទឹកចិត្ត​អ្នក​ច្នៃប្រឌិត​ដែលមាន​សេចក្តីប្រាថ្នា​កុំ​បោះបង់​គំនិត​របស់​ពួកគេ និង​ស្វែងរក​កិច្ចសហការ​នៅពេល​ចាំបាច់​។​

​កញ្ញា ស្រី​និ​ច បាន​និយាយថា៖ «នៅពេល​យើង​ចង់​ធ្វើ​អ្វីមួយ​ យើង​ត្រូវ​តែ​ធ្វើ​វា ទោះបីជា​វា​លំបាក​យ៉ាង​ណា​ក៏​ដោយ។ ធ្វើ​វា​ឱ្យ​បាន ហើយ​ពេល​បាន​លទ្ធផល យើង​ចង់​ធ្វើ​វា​ទៀត»។

យុវតី សូលីដែត ​បាន​និយាយថា វា​អាចជា​ក្តី​ប្រាថ្នា​សម្រាប់​និស្សិត STEM ជំនាន់​ក្រោយ​។ ប្រសិនបើ​ពួកគេ​មានគំនិត​ល្អ ប៉ុន្តែ​មិនអាច​អនុវត្ត​វា​តែម្នាក់ឯង​បានទេ ពួកគេ​អាចធ្វើ​ការ​ជា​ក្រុម ដើម្បី​រួមគ្នា​ច្នៃប្រឌិត​អ្វីមួយ​ដើម្បី​ជួយ​សាលារៀន និង​អភិវឌ្ឍ​សហគមន៍ និង​ប្រទេស​។​

យ៉ាង​ណាមិញ ប្រសិនបើ​គិត​ដល់​ការ​ផលិត​បន្ថែម​ដើម្បី​ជួយ​ក្នុង​ការ​បោស​សម្អាត​ទីធ្លារ​សាលារៀន លោក ចាន់​ថន បាន​និយាយ​ថា លោក​ត្រូវគិត​ថា តើ​វា​ជា​​តម្រូវ​ការឬទេ ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ និង​មាន​ប្រសិទ្ធភាព​ឬទេ​។

លោក​បន្ដថា សម្រាប់​គម្រោង​ឆ្នាំ​ថ្មី​នេះ លោក​កំពុង​តែ​គិត​មើល​ថា តើ​គួរ​បន្ដ​ផលិត​ម៉ាស៊ីន​បោស​ធូលី​បំពាក់​អាគុយដដែល ឬ​ម៉ាស៊ីន​សាំង​។

លោក​បាន​បញ្ជាក់​ថា​៖ «​បើ​សិន​យើង​ប្រើ​ម៉ាស៊ីន​សាំង វា​ប៉ះពាល់​បរិស្ថាន​បន្ដិច​មែន​ តែ​វា​មាន​សមត្ថភាព​បោស​សម្អាត​បាន​ទី​ឆ្ងាយ និង​អាច​បំពាក់​ឧបករណ៍​អ្វី​ផ្សេងៗ​ទៀត​។ យើង​ក៏​គិត​ដល់​ថា តើ​វា​គួរតែ​ត្រូវ​បាន​អភិវឌ្ឍ​ឱ្យ​កាន់តែ​ទំនើប​ ដូចជា ការ​បោស​សម្អាត​ស្វ័យ​ប្រវត្ដិ បើសិន​វា​ចាំ​បាច់​។

មួយ​វិញ​ទៀត លោក​ក៏​កំពុង​តែ​គិត​ដល់​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​នៃការ​អាន​សៀវភៅ​របស់​សិស្សានុសិស្ស​នៅ​ក្នុង​បណ្ណាល័យ​។ ដូច្នេះ សមិទ្ធផល​គម្រោង​បន្ទាប់​នេះ ទំនង​ជា​រ៉ូបូត​ទំនាក់​ទំនង​នៅ​ក្នុង​បណ្ណាល័យ​ដើម្បី​ទាក់ទាញ​សិស្ស​។

លោក ចាន់ថន បាន​និយាយថា​៖ «សិស្សានុសិស្ស​អាច​មាន​ទំនាក់​ទំនង​ជាមួយ​រ៉ូបូត​ ដូចជា ការ​សួរនាំ​អំពី​សេវាកម្ម​ក្នុង​បណ្ណាល័យ ស្វែង​រក​មុខ​សៀវភៅ​ និង​ការ​ស្រាវជ្រាវ​ផ្សេងៗ​»៕