ភ្នំពេញៈ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ការ​ចាប់​​ផ្តើម​​ជាមួយ​សុខភាព​ល្អ តាមរយៈ​ការពង្រឹង​សមត្ថភាព​បច្ចេកទេស និង​ការសម្របសម្រួល​ទឹកស្អាត និង​អនាម័យ​របស់​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រយៈពេល ​១០ ខែ ​បន្ត​ដើម្បី​សម្រេចឱ្យបាន​ខេត្ត ដែលបញ្ឈប់​ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន​ ៣ បន្ថែមទៀត​។​


​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកញ្ញា បន្ទាប់ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានទទួល​ស្គាល់​​កិច្ចសហ​ប្រតិប​ត្តិ​ការ​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ភ្លែ​ន ដែល​បាន​សហ​ការ​គ្នា​តាំងពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ក្រោម​ការសម្រប​សម្រួល​​​បច្ចេកទេស និង​ការអនុវត្ត​ក្នុង​ក្របខ័ណ្ឌ​នាយក​ដ្ឋាន​ថែទាំ​សុខភាព​ជនបទ​។​

​លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា កិច្ចសហ​ការ​​នេះ បានផ្តល់​ផល​ជះ​យ៉ាងច្រើន​ដល់​ការពង្រឹង​សមត្ថភាព​បច្ចេកទេស និង​ការសម្របសម្រួល​ទឹកស្អាត និង​អនាម័​យ​​ជនបទ​នៅ​កម្ពុជា ជាពិសេស​ការកែលម្អ​អនាម័យ​ជនបទ និង​បរិស្ថាន​ប្រកបដោយ​ផាសុកភាព​ដែល​នាំមក​នូវ​ចំនួន​ភូមិ ឃុំ​ស្រុក និង​ខេត្ត ODF ជាច្រើន​។​


​លោក លន់ សាយ​តេង បាន​បញ្ជាក់ថា​៖«​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៣ កម្ពុជា​បានសម្រេច​ខេត្ត ODF ចំនួន​ ៦​ ដែល​វា​បានផ្តល់​ប្រយោជន៍​ដល់​កុមារី​ស្ត្រី និង​ប្រជាជន​រាប់លាន​នាក់​ក្នុងការ​ទទួលបាន​សេវា​អនាម័យ​ជា​មូលដ្ឋាន និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទឹកស្អាត និង​អនាម័យ​ដែល​អាចធ្វើឱ្យ​សុខភាព​របស់​ពួកគេ​ប្រសើរឡើង និង​អាច​ទទួលបាន​ឱកាស​ផ្សេងៗ ជាពិ​សេ​ស​​ការអប់រំ និង​ការងារ​»​។

​តាម​ការប្រកាស​គម្រោង​រយៈពេល ​១០ ខែ​ នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ កញ្ញា២០២៣ ដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២៤ ដោយមាន​ថវិកា​សរុប​ចំនួន ​៥២ ០០០ ដុល្លា​រ សហរដ្ឋអាមេរិក ដែល​នឹង​ផ្តល់​ផល​ទៅដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ចំនួន ​២០០ ​នាក់ ស្របពេល​ប្រជាជន​ប្រមាណ ​៥​ លាន​នាក់ នៅក្នុង​ខេត្ត និង​ស្រុក​ចំនួន​ ៣​ បន្ថែមទៀត ត្រូវបាន​រំពឹងទុក​ក្នុងការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។​


​អង្គការ​ភ្លែ​ន បាន​ឱ្យដឹង​ថា​៖«​សកម្មភាព​សំខាន់ៗ ​របស់​គម្រោង​រួមមាន ការផ្សព្វផ្សាយ​ពី​ផែនទី​ចង្អុលបង្ហាញ​ផ្លូវការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ២០២៣ ទៅ ២០២៥ និង​គោលការណ៍​ណែនាំ​ផ្សេងៗ រួមមាន​ឯកសារ​ណែនាំ​ស្តី​ការ​គ្រប់​​គ្រង​អនាម័យ​ពេល​មាន​រដូវ​។ ការគាំទ្រ​ក្រុមការងារ​បច្ចេកទេស​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​កសាង​ផែនការ ODF ដែ​ល​​រួមមាន​ខេត្តសៀមរាប រតនគិរី ស្ទឹង​ត្រែង កំពង់ចាម និង​ត្បូងឃ្មុំ​»​។​

​បន្ថែម​ពីនេះ សកម្មភាព​គម្រោង នឹង​គាំទ្រ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ (MRD) ចុះទៅ​ធ្វើការ​ផ្ទៀងផ្ទាត់ ODF ខេត្ត​ចំនួន​៣បន្ថែមទៀតដែល​បានដាក់​គោលដៅ​សម្រេច​ឱ្យបាន​ក្នុង​ឆ្នាំ​២០២៤ នោះ គឺ​ខេត្តសៀមរាប កំពង់ចាម និង​ត្បូងឃ្មុំ ស្រប​ពេល​គម្រោង នឹង​គាំទ្រ​ដល់មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ស្រុក​១​ក្នុង​ខេត្តតាកែវ ដើម្បី​ពិនិត្យ​បញ្ជាក់ និង​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ជា​ស្ថាពរក្នុងពេលឆាប់ៗ​។

​លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ទទួលបន្ទុក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​និយាយថា តាមរយៈ​ការគាំទ្រ​បច្ចេកទេស​ពី​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​នៃ​កម្មវិធី​ចាប់ផ្តើម​ជាមួយ​សុខភាព​ល្អ​របស់​អង្គការ​ភ្លែ​ន គឺ​បានផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ និង​សហគមន៍​រាប់រយ​​រាប់​ពាន់​នាក់ ជាពិសេស​កុមារី​ស្ត្រី​មាន​ពិការភាព និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេង​ទៀត រួមទាំង​ជនជាតិដើម​ភាគតិច​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ភូមិភាគឦសាន​ដែល​ដាច់​ស្រយាល​ដូចជា​រតនគិរី​និង​ស្ទឹង​ត្រែង​ជាដើម​។​

​លោក បាន​បញ្ជាក់ថា​៖«​វា​នៅតែមាន​ការខ្វះចន្លោះ និង​ភាពខុសគ្នា​នៃ​ការទទួលបាន​ទឹកស្អាត និង​អនាម័យ​ជា​មូលដ្ឋាន​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​ទីក្រុង និង​នៅ​តំបន់​ជនបទ​កម្រិត​នៃ​ការអប់រំ​ទំហំ​គ្រួសារ​ជនជាតិដើម​ភាគតិច និង​ភេទ ជា​ពិសេស​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា រតនគិរី ស្ទឹងត្រែង មណ្ឌល​គិ​រី និង​ព្រះវិហារ​»​។

​បន្ថែម​ពីនេះ លោក លើកឡើង​ថា ការគ្រប់គ្រង​អនាម័យ​ប្រកបដោយ​សុវត្ថិភាព គឺ​នៅ​មិនទាន់មាន​ទិន្នន័យ​គ្រប់គ្រាន់​នៅឡើយ ហើយ​ទិន្នន័យ​ទាក់ទង​នឹង​ការគ្រប់គ្រង​អនាម័យ​ពេល​មាន​រដូវ​ក៏​នៅ​មិនទាន់មាន​ដែរ ស្របពេល​ការ​លើក​កម្ពស់​ការ​គ្រប់គ្រង​អនា​ម័យ​ពេល​មាន​រដូវ​នៅមានកម្រិត​នៅ​ឡើយដែរ​។​

​ដូច្នេះ លោក គឹម​ថា​ន យល់ថា​៖«​ទោះបី​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​លើ​វិស័យ​អនាម័យ​ជនបទ តែ​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​តម្រូវឱ្យ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង ក្រសួង​និងអង្គការ​ភ្លែ​ន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​គម្លាត​នៅក្នុង​វិស័យ WASH ជនបទ​នេះ ដូចជា​ភាពខុសគ្នា​ក្នុងការ​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័​យ​ជា​មូលដ្ឋាន​រវាង​តំបន់​ជនបទ និង​ទី​ក្រុង និង​រវាង​ប្រជាជន​ដែលមាន​ការអប់រំ​តិចតួច និង​កម្រិត​អប់រំ​​ខ្ពស់។ អ្នក​ដែល​ទទួលបាន​សេវា​តិចតួច គឺជា​អ្នកក្រីក្រ​បំផុត​នៅ​ឆ្ងាយ​បំផុត​ឬ​អ្នក​ដែល​រស់នៅក្នុង​បរិស្ថាន​ដ៏​លំបាក​បំផុត​»​។​

​យោងតាម​អង្គការ​ភ្លែ​ន បានឱ្យដឹងថា កម្ពុជា មានការ​កើនឡើង​ក្នុង​កម្រិត​តិចតួច​នៃ​ការទទួលបាន​សេវា​ទឹក​ផឹក​ប្រកប​ដោយ​សុវត្ថិភាព គឺ​ពី​ ១៦​ ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ដល់ ​១៨ ​ភាគរយ នៅ​ឆ្នាំ​២០២០​ ហើយ​វឌ្ឍនភាព​សេវា​កម្ម WASH នៅតាម​សាលារៀន​ជនបទ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ទិន្នន័យ​ការទទួលបាន​សេវាកម្ម​ទឹក​ផឹក​មាន ៧៥ ភាគរយ និង​សេវាកម្ម​អនាម័យ​មាន​ ៧៦​ ភាគរយ ប៉ុន្តែ​លទ្ធផល​ទាំងនេះ មិន​គ្រប់គ្រាន់​នៅក្នុង​សេវា​អនាម័យ​ជា​មូលដ្ឋាន​ ដែល​ទទួល​បានតែ​៣២​ភាគរយ​ប៉ុណ្ណោះ​​៕