ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ជាថ្មី​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដោយ​ច្រាន​ចោលការ​ចោទ​ប្រ​កាន់​ដោយ​គ្មាន​ភ័ស្តុតាង​ពី​ម​ជ្ឈ​ដ្ឋា​ន​ដែលមាន​និន្នាការ​ប្រឆាំង​នៅតែ​បន្ត​លើកឡើង​ដដែលៗ​តាមរយៈ​បណ្តាញ​សង្គម សារ​ព័ត៌មាន​នានា​ដែលជា​ការ​ឃោ​សនា​អកុសល និង​ជាពិសេស​តាម​ការឃោសនា​ពី​ការ​បែក​បាក់​ផ្ទៃក្នុង​របស់​គណបក្ស​កំពុងកាន់​អំណាច បំណង​បំផុស​គំ​និ​ត​ដ៏​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ទន្ទឹម​ដែល​គណបក្សកាន់អំណាច​បានឈ្នះ​ការបោះ​ឆ្នោត​ថ្នាក់ជាតិ​កាលពី​ខែកក្កដា និង​បន្ត​ដឹកនាំ​ប្រទេស​នៅក្នុង​ផ្លូវ​ត្រឹមត្រូវ​។​


​លោ​ក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ បាន​សរសេរ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​ ២០២៣ ថា​៖ «​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ជាពិសេស​ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋ​សភា​ត្រូវបាន​បង្កើតឡើង មជ្ឈដ្ឋាន​ដែលមាន​និន្នាការ​ប្រឆាំង​នៅតែ​បន្ត​លើកឡើង​ដដែលៗ​តាមរយៈ​បណ្តាញ​សង្គម សារព័ត៌មាន​នានា និង​ជាពិសេស​តាម​ការឃោសនា​អកុសល ប្រឌិត​ព័ត៌មាន​នានា​ក្នុង​បំណង​ដ៏​កខ្វក់​ដើម្បី​បំបែក​​បំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​យកឈ្មោះ​ខ្ញុំ​ជា​ប្រធានបទ​មួយ​សម្រាប់​បម្រើ​មហិច្ឆតា​ទុច្ចរិត និង​ស្មោកគ្រោក​របស់​ពួកគេ​»​។​

​សារ​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​បងប្អូន​ជនរួមជាតិ​ដ៏​ច្រើន​លើសលប់​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មេត្តា​ជ្រាបថា ការលើកឡើង​របស់​ម​ជ្ឈ​ដ្ឋា​ន​ដែលមាន​និន្នាការ​ប្រឆាំង​នេះ ជាការ​ប៉ុនប៉ង​ទាំង​ល្ងិតល្ងង់​ក្នុង​គ្រា​អស់សង្ឃឹម និង​ជាការ​បំផុស​​បំផុល​ដ៏​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ក្រុម​ជន​អគតិ និង​ទុច្ចរិត​ទាំងនោះ បញ្ឈប់​ជាបន្ទាន់​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាំងស្ទះ​ដល់​ការ​​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​ធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​លើ​គោលការណ៍​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ​»​។​

​សារ​ដដែល​នេះ​បានបញ្ជាក់​ទៀតថា​៖ «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អះអាង​ឡើងវិញ​នូវ​គោលជំហរ​ដ៏​ពេញទំហឹង​ឥត​ងាករេ​របស់ខ្ញុំ​ថា ខ្ញុំ​នៅតែ​បន្ត​គាំទ្រ និង​លើក​ទឹក​ចិត្ត​តាម​ការដែល​អាចធ្វើ​បាន រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​សម្រេច និង​ទទួលបាន​ជោគ​ជ័យ​យ៉ាង​ល្អប្រសើរ តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​បានប្រកាស​កាលពី​ថ្ងៃទី ​២៤ ខែសីហា ឆ្នាំ ​២០២៣»​។


​លោកស្រី ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផងដែរ​នោះ បាន​ផ្ញើ​សារ​ដល់​សាធារណជន​ដូចគ្នា​ដែលមាន​ខ្លឹមសារ គាំទ្រ​រដ្ឋាភិបាល​ដែលមាន​លោក​ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​ច្រាន​ចោលការ​បំផុសបំផុល​ព័ត៌មាន​ពី​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ការបង្កើត​សមាស​ភាព​រាជរដ្ឋាភិបាល​ថ្មី ក្រោយ​ការបោះ​ឆ្នោត​។​


​លោកស្រីថ្លែងថា​៖ «​កុំ​ជឿ​តាម​ការ​ញុះ​ញ​ង់រ​បស់​ក្រុម​អគតិ​ទាំងនោះ ដែល​តែង​ព្យាយាម​បំផ្លិចបំផ្លាញ សន្តិភាព ស្ថិរភាព​នយោបាយ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា​»​។​

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​ថា ផ្ទៃ​ក្នុងគណ​បក្ស​ប្រជាជន​កម្ពុជា​មានការ​ស្រុះស្រួល​គ្នា ជាពិសេស​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ មិនមាន​ការបែកបាក់​ផ្ទៃក្នុង​ដូច​ការឃោសនា​អកុសល​របស់​ក្រុមប្រឆាំង​នោះឡើយ ដូចដែល​មាន​ឃើញ​ពី​ការដាក់ចេញ​យុទ្ធ​សាស្ត្រ ការបង្កើត​គណរដ្ឋមន្ត្រី​នានា សុទ្ធតែ​កើតចេញពី​ការមូល​មតិ​គ្នា​ពី​ផ្ទៃក្នុង​គណបក្ស​។​

​លោក​ប្រាប់ថា​៖ «​ត្រង់​ថា និន្នាការ​ប្រឆាំង គេ​លើកឡើង​យ៉ាងម៉េច វា​ជា​ចិត្តសាស្ត្រ ជា​វិធីសាស្ត្រ​នយោបាយ​របស់​ពួកគាត់​នៅក្នុង​ការទាក់ទាញ​ប្រជា​ពលរដ្ឋ ហើយ​បន្តុះបង្អាប់ និង​ញុះញង់​ប្រជាជន​ឱ្យមើល​ឃើញថា គណបក្ស​​ប្រជាជន​កម្ពុជា​មានប​ញ្ហា​នេះ​ឬ​នោះ តែ​អ្វីដែល​ឆ្លុះបញ្ចាំង​ការពិត​គឺ​ដូច​សម្តេច​ក្រឡាហោម ស ខេង លោក​បាន​មានប្រសាសន៍​នោះ​ហើយ​»​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា ថ្លែងថា ការពិត​ចំពោះ​ការបែកបាក់ ឬ​មិន​បែកបាក់​នោះ អាស្រ័យ​លើ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួន​​ឯង ខណៈ​ការសង្កេត​របស់លោក​មើលឃើញថា មិនមាន​ការបែកបាក់​ឡើយ​។​

​លោក​បន្តថា ប៉ុន្តែ​ការរិះគន់ និង​ការ​លើកឡើង​អវិជ្ជមាន​មួយចំនួន​កន្លងមក ដោយសារ​មានការ​តែងតាំង​មន្ត្រី​ជាន់​​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ច្រើនពេក ដែលនាំឱ្យ​គេ​យល់ថា ដើម្បី​សម្របសម្រួល​ផ្ទៃក្នុង​គណបក្សកាន់អំណាច កុំឱ្យ​មានការ​បែកបាក់​។​

​លោក​ថ្លែងថា​៖ «​គណបក្ស​កាន់​អំណាច គួរ​រក្សា​ឥរិយាបថ​ស្ងៀមស្ងាត់ ល្អ​ជាង​មានការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ទាំងនេះ បើសិនជា​ផ្ទៃក្នុង​គណបក្ស​មិន​បែកបាក់​ដូច​ពាក្យ​ចចាមអារ៉ាម​មែន​នោះ​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ថ្លែងថា មតិ​បំភាន់​សាធារណៈ​នេះ​មិនមែន​ថ្មី​ឡើយ ដែល​កើតមាន​យូរយារ​ណាស់​មកហើយ​ក្នុង​ប្រវត្តិ​នយោបាយ​កម្ពុជា ពោលគឺ​តាំង​ឆ្នាំ​ ១៩៩៧ មក​ក្នុង​យុទ្ធវិធី​បំបែក​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ពី​ប៉ូល​បក្សនយោបាយ​ប្រឆាំង ព្រោះ​គេ​យល់ថា ប៉ូល​ឥទ្ធិពល​លោ​កស ខេង និង​លោក​ហ៊ុន សែន មានប្រៀប​គ្នា​ដែល​អាចធ្វើឱ្យ​បក្ស​ប្រេះឆា​បាន​។​

​លោក​ថ្លែងថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់អំណាច​យូរ ប្រសិនបើ​បក្ស​នេះ​បែកបាក់​សាមគ្គី​ពិតមែន​នោះ មិនមែន​គ្រាន់តែ​បែកបាក់​បក្ស​ប៉ុណ្ណោះ​ទេ ពោលគឺ​បែកបាក់​សង្គម​តែម្តង​ដែល​អាច​បង្ក​ជា​សង្គ្រាមស៊ីវិល​»៕