ភ្នំពេញៈ កសិករដាំដុះស្រូវផ្ការំដួលនៅតាមបណ្តាខេត្តមួយចំនួនស្នើឱ្យក្រសួងកសិកម្ម ជួយរក្សាតម្លៃស្រូវផ្ការំដួលឱ្យស្ថិតនៅក្នុងតម្លៃមួយសមរម្យ នារដូវប្រមូលផលក្នុងខែវិច្ឆិកាខាងមុខ ខណៈដែលក្រសួងក៏កំពុងជំរុញឱ្យមានការផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការឡើងថ្លៃប្រភេទស្រូវ IR និង OM បានធ្វើឱ្យកសិករដែលដាំដុះស្រូវប្រភេទនេះ មានសេចក្តីត្រេកអរយ៉ាងខ្លាំងប៉ុន្តែក្រោយមកស្ថានភាពនៃតម្លៃស្រូវនេះ ក៏បានត្រឡប់មករកសភាពធម្មតាវិញ។ ដំណាលគ្នានេះដែរកសិករដែលដាំដុះស្រូវប្រភេទ ផ្ការំដួល ដែលនឹងត្រៀមប្រមូលផលក្នុងរយៈពេល ២ ខែខាងមុខទៀតនេះ ចង់ឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ គិតគូរជួយរក្សាលំនឹងតម្លៃស្រូវផ្ការំដួលព្រោះពួកគាត់បារម្ភថា វានឹងមានតម្លៃទាបនៅពេលប្រមូលផល។
លោក ជា សាន កសិករដាំដុះស្រូវផ្ការំដួលនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញាថា ប្រភេទស្រូវផ្ការំដួលនេះ គេអាចដាំដុះបានត្រឹមតែម្តងប៉ុណ្ណោះក្នុង ១ ឆ្នាំ ព្រោះជាប្រភេទស្រូវប្រកាន់រដូវ ហើយការដាំដុះត្រូវការការថែទាំខ្លាំងជាងស្រូវធម្មតា (IR និង OM) និងពឹងផ្អែកច្រើនលើទឹកភ្លៀង។
មិនត្រឹមតែប៉ុណ្ណោះ លោកថា សម្រាប់ពូជវិញកសិករ មិនអាចទុកធ្វើពូជខ្លួនឯងបានទេ ដោយពូជត្រូវទិញពីស្ថានីយផលិតពូជរបស់ក្រសួងកសិកម្ម ឬទិញពីសហគមន៍ ព្រោះការទុកប្រើខ្លួនឯង នឹងធ្វើឱ្យគុណភាពស្រូវមិនល្អ មិនទទួលបានពូជសុទ្ធ នៅពេលលក់ឈ្មួញនឹងទម្លាក់ថ្លៃ។
លោកប្រាប់ដូច្នេះថា៖ «ដាំស្រូវរំដួលនេះ យើងប្រើដើមទុនច្រើន និងចំណាយពេលវេលាក្នុងការថែទាំដិតដល់ណាស់។ ជាទូទៅ ស្រូវរំដួលលក់បានថ្លៃជាងស្រូវ IR និង OM ចន្លោះពី ១០០ រៀលទៅ ១៥០ រៀល ដូចនេះ បើ IR និង OM ឡើងថ្លៃ រំដួលក៏លក់បានថ្លៃទៅតាមហ្នឹងដែរ។ ឥឡូវ IR និង OM បានធ្លាក់ថ្លៃបន្តិចមកវិញហើយ អ៊ីចឹងយើងបារម្ភថា ដល់ពេលច្រូតកាត់ស្រូវផ្ការំដួល តម្លៃស្រូវទាបជាងនេះទៀត»។
ចំណែក លោក ឃុន សាអែម ប្រធានសហគមន៍កសិកម្មបាភ្នំមានជ័យបាននិយាយដែរថា មិនថា ស្រូវប្រភេទផ្ការំដួល, IR ឬ OM នោះទេ បើសិនជាមានការសម្រុកច្រូតដំណាលគ្នាក្នុងពេលតែមួយ ច្បាស់ណាស់ឈ្មួញប្រាកដជាទម្លាក់តម្លៃមិនខាន។ ហេតុដូចនេះហើយទើបសហគមន៍តែងតែប្រាប់ដល់សមាជិក កុំឱ្យមានការច្រូតដំណាលគ្នាក្នុងពេលតែមួយ។
លោកបញ្ជាក់ថា៖ «ស្រូវផ្ការំដួលនេះ ថ្វីដ្បិតតែមានតម្លៃល្អមែន តែនៅពេលកសិករប្រមូលផលដំណាលគ្នា វាអាចនឹងធ្លាក់ថ្លៃដែរ។ កសិករខ្លះ ប្រមូលផលតាមគ្នា ទាំងដែលស្រូវមិនទាន់ទុំល្អក៏មាន។ ដូចនេះសូមឱ្យខាងក្រសួង និងមន្ទីរជួយផ្សព្វផ្សាយដល់កសិករបន្ថែមទៀត កុំឱ្យមានការប្រមូលផលដំណាលគ្នាក្នុងពេលតែមួយ ដែលធ្វើឱ្យឈ្មួញទម្លាក់ថ្លៃបានតាមចិត្ត»។
លោកបន្ថែមថា សម្រាប់ខេត្តព្រៃវែងតំបន់ដែលមានការដាំដុះស្រូវផ្ការំដួលច្រើនជាងគេ គឺមាន ៣ ស្រុក រួមមានស្រុកស្វាយអន្ទរ,កំចាយមារ និងកញ្ជ្រៀច ដោយសារតែស្រុកទាំងនេះនៅឆ្ងាយពីប្រភពទឹក និងពឹងផ្អែកលើទឹកភ្លៀងទើបគេដាំដុះស្រូវប្រភេទនេះច្រើនខណៈដែលតំបន់ដទៃទៀតដែលនៅក្បែរប្រភពទឹកគេមិននិយមដាំស្រូវផ្ការំដួលទេ គេដាំ IR និង OM ដែលធ្វើបាន ២ ទៅ ៣ ដង ក្នុង ១ ឆ្នាំចំណេញជាង។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ចំពោះតម្លៃស្រូវផ្ការំដួល ឡើងចុះកម្រិតណានោះវាអាស្រ័យដល់ពេលប្រមូលផលសិនទើបអាចដឹងបាន ប៉ុន្តែលោកថា ជាធម្មតា ស្រូវប្រភេទនេះ ថ្លៃជាងស្រូវធម្មតា ដូច្នេះបើស្រូវ IR និង OM ឡើងថ្លៃ ស្រូវរំដួលក៏ឡើងទៅតាមនេះដែរ។
បើតាមរបាយការណ៍នាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ ខែ ក្នុងឆ្នាំ ២០២៣ នេះការនាំចេញអង្ករក្រអូបប្រភេទ ផ្ការំដួល សម្រេចបានជាង ៨០ ភាគរយ តែបើមើលការដាំដុះរបស់កសិករវិញឃើញថា នៅមានតិចតួចប៉ុណ្ណោះសម្រាប់ប្រភេទស្រូវផ្ការំដួលនេះ។
ជុំវិញចំណុចនេះ លោក លន់ យ៉េង ពន្យល់ថា៖«ផ្ការំដួលជាស្រូវប្រកាន់រដូវ ទិន្នផលទាប ពឹងទឹកភ្លៀង និងមួយឆ្នាំធ្វើបានម្តង។ គេដាំ IR និង OM ច្រើនព្រោះធ្វើបាន ២ ទៅ ៣ ដង ហើយងាយស្រួលលក់ទៅវៀតណាម ព្រោះវៀតណាមទិញតែស្រូវធម្មតាទេ»។
ទោះជាបែបនេះក្តី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា ក៏នៅតែជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរដែរ។ក្នុងពេលចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្មក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី ១០ ខែកញ្ញា លោករដ្ឋមន្ត្រីបានលើកឡើងថា ជាយន្តការគឺចាំបាច់ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងនូវបណ្តាញពូជស្រូវសុទ្ធពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែចង្វាក់ទីផ្សារល្អ។
លោក ឌិត ទីណា ជំរុញឱ្យកសិដ្ឋានផលិតស្រូវពូជ និងសហគមន៍កសិកម្ម នៅក្នុងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួលដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់,ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។
លោកថា៖ «ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូបនិងផ្ការំដួលគឺជួយដល់អ្នកផលិតពូជសុទ្ធនិងបង្កើនផលចំណេញសម្រាប់ទាំងអស់គ្នា។ ក្រសួងនឹងជួយជំរុញឱ្យមានការសហការសម្របសម្រួលជាមួយអាជ្ញាធរនិងរោងម៉ាស៊ីនកិនស្រូវពីទីផ្សារ និងតម្លៃនេះ»៕