ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក និង​គ្រូ​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ បាន​បង្ហាញ​ក្តី​សង្ឃឹម​ខ្ពស់ ក្នុង​ការ​ដណ្តើម​យក​មេ​ដា​យ មក​ជូន​ជាតិពី​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើស​រើស​ជើង​ឯក​អា​អេ​រ៉ូ​ប៊ិក​អាស៊ី​លើក​ទី​៨ ឆ្នាំ​២០២៣ (8th Aero​bic Gymnastics Asian Cham​pionship 2023) នៅ​ទីក្រុង​ Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី​ ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​ផ្លូវ​ការ​ពីថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃទី​១៨ ​ខែកញ្ញា​។​


​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ណ​យ ផា​ណា ​ប្រតិភូ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​ដោយ​មាន​គ្រូបង្វឹក​ គ្រូ​ជំនួយ​៣​នាក់ និង​អត្ត​ព​លិ​ក​៨​នាក់សរុប​១១​នាក់ ​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​មាតុ​ប្រទេស​ឆ្ពោះទៅកាន់​ប្រទេស​ម៉ុង​ហ្គោ​លី កាល​ពី​យប់​ថ្ងៃទី​១២ ​ខែកញ្ញា ​បន្ទាប់ពី​ពួក​គេបា​នទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ យុវជ​ន និង​កីឡា ​ហើយ​អ្នក​ទាំង​នេះ​នឹង​ត្រូវ​ប្រកួត​ប្រជែង​លើ​ប្រភេទ​វិញ្ញាសា​ឯកត្ត​ជន​ទាំង​បុរស ​និង​នារី ​ព្រមទាំង​ការប្រកួត ​ទ្រី​យ៉ូ (Trio) និង​ប្រកួត​ជា​ក្រុម​។​

​លោក​ ណយ ​ផា​ណា ជា​គ្រូ​បង្វឹក និង​ជា​ប្រធាន​ប្រតិភូដឹក​នាំ​ការ​ប្រកួត​នេះ​បាន​ប្រាប់​ឱ្យដឹ​ងនៅ​ព្រលាន​យន្ត​ហោះ​អន្ត​រជាតិ​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី​១២​ ខែកញ្ញា ​ថា នេះ​​ជា​លើក​ទី​១ ​ដែល​ក្រុម​កីឡា​កា​យស​ម្ព័ន្ធ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ​បន្ទាប់​ពី​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣​ នៅលើ​ទឹកដី​កម្ពុជា​ បាន​បញ្ចប់កាល​ពី​ថ្ងៃទី​១៧ ​ខែឧសភាដោយ​ក្នុង​នោះក្រុម​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជាដណ្តើម​បាន​មេដាយ​ប្រាក់​១និង​សំរឹទ្ធ​៣​។​


​យ៉ាង​ណាមិ​ញ សម្រាប់​ការ​ប្រកួត​ជើង​ឯក​អាស៊ីនៅ​ម៉ុង​ហ្គោ​លីលើក​នេះ ​លោក ណ​យ ផា​ណា ​បាន​ថ្លែង​ថា​៖ «​យើង​បាន​ផ្តោត​លើ​ការ​ហ្វឹក​ហាត់​ទៅតាម​ផែន​ការតាំងពី​ការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ​បាន​បញ្ចប់​រយៈ​ពេល​១០​ថ្ងៃ ​ហើយ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បណ្ឌិត​ ថោង ខុន ជា​ប្រធាន​សហ​ព័ន្ធធ្វើឱ្យ​ជំនាញ​របស់​ក្រុម​អត្ត​ពលិក​យើង​មាន​ការ​កើន​ឡើងដែល​យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ ​សម្រាប់​ជាតិ​មាតុ​ភូមិ​»​។​


​អគ្គលេ​ខាធិ​ការ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​លោក ​ណ​យ ផា​ណា បាន​បន្ថែម​ថា សម្រាប់​ប្រភេទ​កីឡា​ជំនាញ​កាយ​សម្ព័ន្ធ​នេះ បើ​ហ្វឹក​ហាត់​ហើយ ​តែ​មិន​បាន​ចេញទៅ​ប្រកួត ​ក៏​មិន​អាច​មាន​ការ​រីក​ចម្រើន​ដែរ​ អ៊ីចឹង​ការ​ចេញ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ មាន​គោលដៅ​២​ផ្សេង​គ្នា ទី​១ យើង​ត្រូវ​កំណត់​គោល​ដៅ​ដណ្តើម​យក​គុណ​ផល ឬ​លទ្ធ​ផល​ល្អ​ជូន​ជាតិ​ និង​ទី​២ យើង​ក៏​អាច​ទទួល​យក​បទ​ពិសោធន៍​ដែរថា​ តើ​ការហ្វឹក​ហាត់​របស់​អត្ត​ព​លិ​ក​យើង​មាន​ការ​ខ្វះ​ខាត​អ្វីខ្លះ​? ហើយ​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​មាន​ចំណុខ​ខ្វះ​ខាត​អ្វី​ខ្លះ​?​​


​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ចេញ​ទៅ​ប្រកួតនៅលើ​ឆាក​អន្តរ​ជាតិ​ម្តងៗ ក៏​ដើម្បី​ទទួល​យក​ជា​បទ​ពិសោធ​ន៍​គួបផ្សំ​ដែរ​ ប៉ុន្តែ​មិន​មែន​ថា រាល់​ការ​ចេញ​ទៅ​ប្រកួត​សុទ្ធតែ​ដើម្បី​បទ​ពិសោធន៍​នោះ​ទេ គឺ​ក្នុង​ដំណាក់​កាល​នេះ មិន​អាច​បែប​ហ្នឹង​ឡើយ​! មាន​ន័យ​ថា យើង​ត្រូវ​ស្វែងរក​លទ្ធ​ផល ហើយ​សម្រាប់​ការ​ចេញ​ទៅ​លើក​នេះ ​យើង​នឹង​ខិត​ខំ​ឱ្យ​អស់ពី​​កម្លាំង​កាយ​ចិត្ត ​ដើម្បី​ស្វែង​រក​លទ្ធ​ផល​ល្អ​ជូន​ជាតិ​មាតុ​ភូមិ​»​។

​សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ទាំង​៨​នាក់ ​ដែល​បាន​ចេញទៅ​ប្រកួត​ជើងឯកអាស៊ី​លើក​នេះ ​លោក ​ណ​យ ផា​ណា បាន​ឱ្យ​ដឹង​ថា មាន​តែ​កីឡា​ការិនី ​ណែម ​មិនា ​ម្នាក់​ទេ ដែលជា​ឈាម​ជ័រ​ថ្មី ចំណែក​កីឡា​ការិនី ស៊ីវ ចន្ថា​, ឌឹ​ម អ៊​ន​ធីតា​, ណេ​ម សុខ​ហេង​, ឈួន ស្រី​នាត​, ឈួន សុវណ្ណ​បញ្ញា​, សួស ​ស្រី​ពៅ និង​កីឡា​ករ​ ត្រ​ន ប៊ុន​ធឿន សុទ្ធ​តែ​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី ​និង​ស៊ី​ហ្គេម ​កន្លង​មក​ ហេតុ​នេះ​ឱកាស​ដណ្តើម​បាន​មេដាយ​នៅតែ​អាច​កើត​មានសម្រាប់​ក្រុម​កម្ពុជា​។​

​គ្រូ​បង្វឹក​រូបនេះ បាន​បញ្ជាក់​ថា​៖ «​ការប្រ​កួត​ជើង​ឯក​អាស៊ី​កន្លង​មក ​យើង​ធ្លាប់​ដណ្តើម​បាន​មេដាយ​ប្រាក់ ​និង​សំរឹទ្ធ ​តែ​បើ​យើង​ពិនិត្យ​ទៅលើ​ស្ថាន​ភាព​ជាក់​ស្តែង​ពេល​នេះ ​គឺ​ប្រទេស​នៅក្នុង​តំបន់​ក៏បាន​ហាត់​ខ្លាំង ​ហើយ​ពេល​ខ្លះ​ក៏បាន​ហាត់ ​និង​ប្រកួត​ច្រើនជា​ង​យើង​ផង​ អ៊ីចឹង​ខ្ញុំ​គិត​ថា ​ឆ្នាំនេះ ​នឹងមាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​។ ប៉ុន្តែ​ការ​ប្រជែង​នេះ ​មិន​មាន​នរណា​ក្រៅពី​វៀត​ណាម ថៃ ​ហ្វីលី​ពីន ជប៉ុន ​និង​កូរ៉េ ដែល​ជា​ប្រទេស​ធំៗ​នោះ​ទេ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អនិង​មាន​មេដាយនៅ​ក្នុង​ចំណោម​មេដាយ​មាស​ ប្រាក់ ​និង​សំរឹទ្ធ​នេះ​»​។​

​ចំណែក​កីឡាកា​រិនី ឌឹ​ម អ៊​ន​ធីតា​ ដែល​ធ្លាប់​ឈ្នះ​បាន​មេដាយ​ប្រាក់​សម្រាប់​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជើង​ឯក​អាស៊ី ​នៅ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន និង​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ជា​ក្រុមក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣ នៅ​​កម្ពុជា​នោះ ​បាន​តាំង​ចិត្ត​ខ្ពស់​ក្នុងការ​បំបែក​កំណត់​ត្រា​ថ្មីសម្រាប់​កា​រឈាន​ទៅ​ប្រជែង​យក​មេ​ដាយ​មាស ចំពោះ​ការ​ប្រកួត​លើក​នេះ​។​

​អ៊​ន​ធីតា បាន​ថ្លែង​ថា​៖«​ខ្ញុំ​បាន​ហ្វឹក​ហាត់​កីឡា​កាយ​សម្ព័​ន្ធចំនួន ​១០​ ឆ្នាំ ​ហើយ ​ហើយក៏​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​អាស៊ី​បែប​នេះចំនួន​២​ដង​ដែរ ​ដោយ​ធ្លាប់​ឈ្នះ​បាន​មេដាយ​ប្រាក់​ ចំណែក​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ខ្លួ​ន​ខ្ញុំ​ផ្ទាល់ ​ចង់​បាន​មេដាយ​លើស​ពី​ប្រាក់​។ បើ​ទោះបី​ជា ខ្ញុំ​មិន​ទាន់​បាន​ដឹង​ពី​សមត្ថ​ភាព​គូប្រកួត​របស់​ខ្លួន​ថា គេ​មាន​កម្រិត​បែប​ណា តែ​ខ្ញុំ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ និង​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ថា នឹងធ្វើ​បាន​ល្អដើម្បី​រក​មេ​ដាយ​ជូន​ជាតិ​»​។​

​ចំណែក​កីឡាកា​រិនី ណែម ​មិនា ​ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ឯកត្តជ​ន​នារីបាន​ថ្លែង​ថា​៖«​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ចេញ​ទៅ​ប្រកួត ​នៅ​លើ​ឆាក​អន្ត​រជាតិ ​ហើយ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថ​ភាព​។ បើ​ទោះបី​ជា​ទទួល​បាន​ល​ទ្ធ​ផល​បែប​ណា ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​យក ​ព្រោះ​វា​ជា​បទពិ​សោធន៍​លើក​ដំបូង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​បន្តនៅលើ​ប្រភេទ​កីឡាដែល​ខ្ញុំ​ស្រឡាញ់​មួយ​នេះ ព្រោះ​គោល​ដៅ​របស់​ខ្ញុំគឺ​ខ្ញុំ​ចង់​ដណ្តើម​បាន​មេ​ដាយ​ពី​ការ​ប្រកួត​អន្តរ​ជាតិ​ជូន​ជាតិ​»៕