ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានលើកឡើងថា ការអនុវត្តអេកូទេសចរណ៍គឺជាទិសដៅចម្បង ដែលក្រសួងបរិស្ថាន បាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកជំនាញបានបង្ហាញការគាំទ្រ ដែលនឹងជួយជំរុញវិស័យទេសចរណ៍កម្ពុជាកាន់តែប្រសើរឡើង។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ លោក Colin Poole នាយកប្រចាំតំបន់មហាទន្លេមេគង្គ អាស៊ីខាងត្បូងនៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។
លោកអ៊ាង សុផល្លែត បានបន្ដថា ការអនុវត្តអេកូទេសចរណ៍ជាទិសដៅចម្បងដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ពិសេសផ្តោតលើការប្រែក្លាយតំបន់អេកូទេសចរណ៍ឱ្យទៅជារបៀងអេកូទេសចរណ៍ធម្មជាតិដែលអាចផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀត។
លោកបានបញ្ជាក់ថា៖ «ការផ្តោតការអនុវត្តអេកូទេសចរណ៍នេះគឺដើម្បីភាពទាក់ទាញពីភ្ញៀវទេសចរហើយការអនុវត្តនេះ នឹងជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ព្រោះប្រជាពលរដ្ឋនឹងមិនចូលព្រៃកាប់ឈើទៀតនោះទេ ប្រសិនបើពួកគាត់រកចំណូលបានមកពីការនាំភ្ញៀវទេសចរកម្សាន្ត ក្នុងតំបន់អេកូទេសចរណ៍ទាំងនោះ»។
សូមបញ្ជាក់ដែរថា នៅក្នុងជំនួបនេះ ភាគីទាំង២បានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ រួមមាន អង្ករ អាយប៊ិស(IBIS rice), ការអភិវឌ្ឍសហគមន៍,កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងកាគ្រប់គ្រងធនធានធម្មជាតិជាដើម។
យ៉ាងណាមិញ លោក Colin Poole នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង នៃអង្គការWCS ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគិតគូរ ដើម្បីគាំទ្រលើសកម្មភាពកាត់បន្ថយប្លាស្ទិកនេះ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាបន្តទៀត ដើម្បីសម្រេចបាននូវទិសដៅរួមរបស់ក្រសួងបរិស្ថានក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាថែមទៀត។
ជុំវិញរឿងនេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានគាំទ្រឱ្យមានការជំរុញ និងរៀបចំការអនុវត្តអេកូទេសចរណ៍នៅកម្ពុជាឱ្យបានច្រើន ព្រោះនឹងផ្តល់ផលចំណេញច្រើនដល់វិស័យទេសចរណ៍កម្ពុជាខណៈកម្ពុជាមានតំបន់អេកូទេសចរណ៍សក្តានុពលជាច្រើនដែលមិនទាន់បានយកចិត្តទុកដាក់ឱ្យបានទូលំទូលាយនៅឡើយ។
លោកស្រីបានបន្តថា៖ «នៅប្រទេសកម្ពុជាយើងមានអេកូទេសចរណ៍ច្រើន និងនៅមានភាពដើមច្រើនជាងគេ បើធៀបនឹងប្រទេសដទៃ ដូច្នេះខ្ញុំយល់ថា ប្រសិនបើមានការជួយជ្រោមជ្រែងឱ្យមានការបង្កើត អភិវឌ្ឍន៍ ការកែច្នៃកន្លែងអេកូទេសចរណ៍បន្ថែមនឹងជួយឱ្យមានផលិតផលច្រើន អូសទាញទេសចរ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន សេដ្ឋកិច្ចជាតិ ពិសេសជំរុញឱ្យមានការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាពតាមរយៈសហគមន៍អេកូទេសចរណ៍ទាំងនោះ»៕