ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា នៅ​ឆ្នាំ​២០២៥​ ប្រជាពលរដ្ឋ​គ្រប់រូប​នៅតាម​សហគមន៍​ជនបទ នឹងមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​ការរស់នៅ​ក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ស្អាត​ប្រកបដោយ​និរន្តរភាព​។​


​លោក ឆាយ ប្ញ​ទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ថ្លែងនៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី «​ការបញ្ចប់​ការសិក្សា​រៀបចំ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍ និង​ធ្វើឱ្យ​ប្រសើរ​ឡើងលើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ប្រកបដោយ​និរន្តរភាព​ជំហាន​ទី​៤» ដែល​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ ឆ្នាំ​២០១៤-២០២៥ ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រជាជន​នៅ​តំបន់​ជនបទ ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ១០០​ភាគរយ​នៅ​ឆ្នាំ​២០២៥​ សម្រាប់​តំបន់​ជនបទ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៩​ ដូចជា ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ព្រះវិហារ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ និង​ខេត្តស្ទឹងត្រែង​។


លោក ឆាយ ប្ញ​ទ្ធិ​សែន បាន​ថ្លែងថា​៖ «​ក្នុង​គោលនយោបាយ​ជាតិ​បានកំណត់​នូវ​ទស្សនវិស័យ​ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ស្អាត​ប្រកបដោយ​និរន្តរភាព​»​។

​ ​លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​កម្ពុជា ថ្លែង​ថា តាម​ផែនការ និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ថ្មីៗ​នេះ ខាង​អង្គការ​របស់លោក ក៏​កំពុង​អនុវត្ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ដែល​គិតគូរ​ដល់​អាហារូបត្ថម្ភ​នៅ​ថ្នាក់ជាតិ​ផងដែរ​។


​លោក​និយាយថា គម្រោង​នេះ​នឹង​ព្យាយាម​ពង្រឹងសមត្ថភាព​ដល់​អ្ន​ក​ដឹកនាំ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​របស់​អង្គការ​ស្ដី​ពីបទ​អន្តរាគមន៍​ទៅលើ​ទឹកស្អាត និង​អនាម័យ​ដែល​គិតគូរ​ដល់​អាហារូបត្ថម្ភ​។​

​លោក យី គឹម​ថា​ន បញ្ជាក់ថា​៖ «​ប្រសិនជា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ធ្វើការ​លើ​បញ្ហា​អាហារូបត្ថម្ភ ឬ​បញ្ហា​ទឹកស្អាត និង​អនាម័យ គឺ​ពួកគាត់​អាច​ពិចារណា​ក្នុងការ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​របស់​យើង ដើម្បី​រៀបចំ​សកម្មភាព ធ្វើ​យ៉ាងម៉េច​ឱ្យ​ទឹកស្អាត និង​អនាម័យ អនុវត្ត​ស្របតាម​គោលនយោបាយ​របស់​រដ្ឋ​»​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់​ទឹកស្អាត​កម្រិត​មូលដ្ឋាន មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ពី ៥៨,៧​ ភាគរយ ដល់ ​៨២,៧​ ភាគរយ ហើយ​ផ្នែកអនាម័យ​កម្រិត​មូលដ្ឋាន បាន​កើនឡើង​ពី ៧១% ទៅ ៨៣,៧​ភាគរយ (CSES ២០២២) និង​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៤៣% ក្នុង​ឆ្នាំ​២០១៥ មក​ត្រឹម ១៦% ក្នុង​ឆ្នាំ​២០២២ (JMP ២០២៣)៕