ភ្នំពេញៈ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន បញ្ហា​ក្មេង​ទំនើង និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស​នៅតាម​សាលា ដើម្បី​ប​ញ្ជ្រាប​ចំណេះដឹង និង​កាត់​បន្ថយ​បាតុភាព​មិនល្អ​នៅ​ក្នុង​សង្គម​។​


​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្នាននគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់លោក ជួន ណា​រិន្ទ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេ​ញ​នូវ​​ផែនការ ដើម្បី​​ឱ្យកម្លាំង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ ចុះ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ទាំងអស់​នេះ​ដល់​សិស្សា​នុសិស្ស​។​

​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​ប​ញ្ជា​ក់​ថា៖​«​​នៅ​ថ្ងៃ​ទី​១២​ ​ខែ​កញ្ញា​ ឆ្នាំ២០២​៣​ ​នៅវិ​ទ្យា​ល័​យ​ឫ​ស្សី​កែវ ​លោ​ក​វរសេ​នី​យ៍ត្រី តូច​ គឹមសុង​ នាយប៉ុស្តិ៍​នគ​រ​​បា​ល​រ​ដ្ឋបាល​ឫ​ស្សី​កែ​វ​ សហការ​ជា​មួ​យ​នា​យក​សា​លា ​លោ​ក​គ្រូ​-​អ្នក​គ្រូ​ វិទ្យាល័យ​​ឫ​ស្សីកែវ ធ្វើការ​ផ្ស​ព្វ​ផ្សា​យអំ​ពីផ​​លប៉ះ​ពា​ល់​នៃ​កា​រ​ប្រើប្រា​ស់​សា​រធា​តុ​​ញៀ​ន ​ក្មេ​ង​ទំ​នើ​ង​ ច្បា​ប់​ច​រាច​រ​ណ៍​ផ្លូ​វ​គោក ដល់​សិ​ស្សា​​​នុ​សិស្ស​សរុប​ចំ​នួ​ន​ ៦៧នា​ក់​​»។


លោក តូច គឹម​សុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៣ កញ្ញា​ថា ការអប់រំ​ផ្សព្វ​ផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក្មេង​ទំនើង ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សា​នុសិស្ស បានធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។​

​លោក​​បន្តថា ការផ្សព្វ​ផ្សាយ​ទៅដល់​យុវជន គឺមាន​តែ​សាលា​ទេ​ ដែល​អាច​ផ្តល់ព័ត៌មាន​ឱ្យ​ពួកគាត់​បាន​ទូលំទូ​លាយ ខណៈ​ការផ្សព្វ​ផ្សាយ​នេះ ក្រៅ​ពី​ប​ញ្ជ្រាបនៅតាម​សាលា​ តាមរយៈ​ម៉ោង​សម្រាក​របស់​សិស្ស សមត្ថកិច្ច ក៏បាន​ចូល​ទៅ​អប់រំ​ណែនាំ​ដល់​សិ​ស្សានុសិស្ស​ នៅពេល​អំឡុង​គោរព​ទង់ជាតិ ដើម្បី​ផ្តល់នូវ​ចំណេះ​ដឹង​នានា ដើម្បីឱ្យ​ពួកគាត់​ជា​យុវ​ជន បាន​ដឹង និង​គេច​ចេញ​ឱ្យ​ឆ្ងាយ​។​


​លោក បាន​បញ្ជាក់ថា​៖«​បើ​យើង​ផ្សព្វផ្សាយ​នៅតាម​មូលដ្ឋាន យើង​ពិបាក​ប្រមូល​យុវជន​ឱ្យ​គាត់​មក​ចូលរួម​។ អ៊ីចឹ​ង​ហើយ​ខ្ញុំ ក៏​យក​គោលការណ៍​ណែនាំ​ហ្នឹង មក​អនុវត្ត និង​ផ្សព្វផ្សាយ​នៅតាម​​សាលារៀនឱ្យបាន​ទូលំទូលាយ​។ យើង​លើកយក​ពី​ផល​ប៉ះពាល់​ពី​ការប្រើប្រាស់​គ្រឿង​ញៀន ទៅដល់​យុវជន​ ឱ្យពួក​គាត់​មាន​ការ​យល់​ដឹង​»​។​

​កាលពីពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ខេត្ដ​មួយចំនួន​ បានប្រកាស​ពី​វិធានការ​នានា ​ដើម្បី​ទប់ស្កាត់​​ភាពអនាធិបតេយ្យ​បង្កឡើង​មកពី​ក្រុម​ក្មេង​ទំ​នើង ​បន្ទាប់ពី​មាន​ករណី​ក្មេង​ទំនើង បាន​បង្ក​អំពើហិង្សា និង​ការ​កាប់​ចាក់​គ្នា​បណ្តាល​ឱ្យមាន​អ្នករងគ្រោះ និង​រហូតដល់​ស្លាប់​ជា​បន្ត​បន្ទាប់ ដែល​ហេតុ​ការណ៍​ទាំងនេះ​បាន​បង្ក​ការភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិឋាន​ផងដែរ​។​

​ឆ្លើយ​តប​នឹងបាតុភាព​នេះ លោក តូច គឹម​សុង បាន​អះអាង​ថា បាតុភាព​នានា​នៅក្នុង​មូលដ្ឋាន​របស់លោក គឺមាន​លក្ខណៈ​ល្អ បើទោះជា​ធ្លាប់កើតមាន​ករណី​តិច​តួចតាម​រូបភាព​ក្មេង​ទំនើង គ្រឿងញៀន និង​អំពើ​លួច​អី​ជាដើម ប៉ុន្តែ​សមត្ថកិច្ច បាន​ចាត់​វិធានការ​បាន​ទាន់ពេល​វេលា និង​តែង​ដាក់ចេញនូវ​វិធានការ​នានា ដើម្បី​ការពារ​សុខសុវត្ថិ​ភាព និង​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​​មូលដ្ឋាន​ជាប្រចាំ​។​

​លោក បាន​បញ្ជាក់ថា​៖«​នៅក្នុង​មូលដ្ឋាន​របស់ខ្ញុំ គឺ​ករណី​គ្រឿងញៀន ឬ​ក្មេង​ទំនើង​អី មិនសូវ​កើតមាន​ទេ​។ និយាយឱ្យចំ​ទៅ​តិចតួច​បំផុត ហើយ​បើ​មាន​ក៏​យើង​បង្ក្រាបបាន និង​ធ្វើការ​ទប់​ស្តា​ត់បា​ន មិនឱ្យ​មានការ​រីក​រា​ល​ដាល​ទេ​។ និយាយ​ឱ្យចំ​ទៅ គឺ​ឃើញថា យុវជន​យើងមានការ​ស្វែងយល់ និង​ដឹង​ច្រើន​។ អ៊ីចឹ​ង​ទៅ នៅក្នុង​មូល​ដ្ឋាន​របស់​ខ្ញុំ មិនសូវមាន​សកម្ម​ភាព​ទាំង​អស់​នេះ​ច្រើន​»៕