ភ្នំពេញៈ មន្ត្រី​អប់រំ​ និង​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​ការគាំទ្រ​និង​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​សួន​សុវត្ថិភាព​ចរាចរណ៍​និង​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​សាលារៀន​ដើម្បី​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​នេះ​ដល់​សិស្សានុសិស្ស សំដៅ​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​។​


​ការគាំទ្រ​នេះ​ស្រប​ពេលដែល​កាកបាទក្រហមកម្ពុជា​ទើបបាន​រៀបចំ​បង្កើត​សួន​សុវត្ថិភាព​ចរាចរណ៍​មួយ​ក្នុង​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ​២០២៣ ដែល​សួន​នេះ​មាន​ខ្លឹមសារ​អប់រំ​ផ្សព្វ​ផ្សាយ​ទៅលើ​ច្បាប់​ចរាចរណ៍ ការយល់ដឹង​ពី​ស្លាក​សញ្ញា​ចរាចរណ៍​ដល់​សិស្សានុសិស្ស លោកគ្រូ ឣ្ន​ក​គ្រូ ធានា​នូវ​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព បង្ការ​ការស្លាប់​របួស​និង​ពិការ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

​ជុំវិញ​គំនិត​ផ្តួចផ្តើម​នេះ ប្រ​ធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​លោក​ ហែម ស៊ីណា​រ៉េត បានឱ្យដឹងថា ការរៀបចំ​ឱ្យមាន​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​សាលារៀន​គឺជា​គំនិត​ដ៏​ល្អប្រសើរ​មួយ​ដែល​បាន​ចូល​រួមចំណែក​ក្នុងការ​បង្រៀន​សិ​ស្សា​-​នុ​សិស្ស​ឱ្យបាន​យល់​បន្ថែមទៀត​ទៅលើ​ការប្រើប្រាស់​ទ្រូងផ្លូវ ការប្រើប្រាស់​មធ្យោបាយ​យាន​​យន្ត​នៅតាម​ដងផ្លូវ និង​ច្បាប់​ចរាចរណ៍​ជាដើម​។​


​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គាំទ្រ​និង​ផ្តល់​ការលើកទឹកចិត្ត​ឱ្យមាន​ការបំពាក់​ស្លាក​ឬ​គំនូស​ចរាចរណ៍​នៅតាម​សាលា​មួយ​​ចំនួន​ដែលមាន​លទ្ធភាព​ធ្វើទៅបាន​ហើយ​ខ្ញុំ​សង្ឃឹមថា ការងារ​លើក​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​សាលារៀន​នេះ​នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​បន្ថែមទៀត​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​លោក ស៊ីណា​រ៉េត បាន​ប្រាប់​ឱ្យដឹងទៀតថា​៖«​មួយរយៈ​ពេលមុន​នេះ​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ទំនាក់ទំនង​មក​ខាងយើង យើង​ក៏បាន​ឱ្យ​គោលដៅ​សាលា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អាច​បំពាក់​ជា​ស្លាក​សញ្ញា​ចរាចរណ៍​បាន​។​ខ្ញុំ​បានផ្តល់​សាលា​មួយចំនួន​ទៅឱ្យ​ខាង​មន្ទីរ​សាធារណការ ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​មន្ទីរជំនាញ​មានគំនិត​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅតាម​សាលារៀន​»​។​


​ជាមួយគ្នានេះ​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​គាំទ្រ​ចំពោះ​សកម្មភាព​កាកបាទក្រហមកម្ពុជា​ក៏ដូចជា​គណៈ​គ្រប់គ្រង​សាលា​ក្នុងការ​ផ្តួចផ្តើម​និង​ជំរុញឱ្យមាន​ការ​ផ្សព្វផ្សាយ អប់រំ បង្កើន​ការយល់​ដឹង​ច្បាប់​ចរាចរណ៍​ដល់​សិ​ស្សា​-​នុ​សិស្ស ពិសេស​នៅ​កម្រិត​វិទ្យា​ល័យ​ដែល​ពួកគាត់​ដល់​វ័យ​ត្រូវ​កាន់​ដៃចង្កូត​នេះ​ផងដែរ​។

​លោក​បាន​ថ្លែងថា​៖ «​ការយល់ដឹង​ពី​ស្លាក​សញ្ញា​ពី​សុវត្ថិភាព​ចរាចរណ៍​មាន​សារៈសំខាន់​ណាស់​។​ខ្ញុំ​លើកទឹកចិត្ត​ឱ្យមាន​ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍​នេះ​ក៏ដូចជា បង្កើត​សួន​សុវត្ថិភាព​ចរាចរ​ណ៍​នៅតាម​បណ្តា​វិទ្យាល័យ​ផ្សេងទៀត​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​យ៉ាងណាមិញ លោក​ថា ការ​​ដាក់​ស្លាក​សញ្ញា​ជា​រឿង​មួយ ប៉ុន្តែ​សូមឱ្យ​មានការ​ផ្សព្វផ្សាយ​ ឱ្យបាន​ជាប់​ជាប្រចាំ ដែល​អាច​ធ្វើឡើង​តាមរយៈ​ការផ្សព្វផ្សាយ នៅ​ម៉ោង​គោរព​ទង់ជាតិ និង​ការផ្សព្វផ្សាយ​ នៅ​ចុង​ម៉ោង​សិក្សា​ជាដើម​។ មួយវិញទៀត លោក គឹម បញ្ញា ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​លោក​ធ្លាប់​សង្កេតឃើញ​មាន​ជាប្រចាំ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេងៗ​ គឺ​សិស្ស​ចាប់ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ ហាក់​មិនសូវ​ពាក់មួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ​ឡើយ​។​

​លោក​ថា​៖«​ការដាក់បញ្ចូល​ឬ​ការបង្កើតឱ្យមាន​គោ​លន​យោ​បាយ​បទបញ្ជាផ្ទៃក្នុង​រឿង​ការ​ពាក់មួក​សុវត្ថិភាព​ឬ​ការគោរព​ច្បាប់​សូមឱ្យ​ធ្វើបាន​នៅ​ទូទាំង​ប្រទេស ហើយ​មាន​វិធានការ​អនុវត្ត​ដោយ​ត្រូវ​ព្រមាន ធ្វើការ​​ណែនាំ ដាក់វិន័យ​ធ្វើ​ម៉េច​ឱ្យ​ក្មេងៗ​ចូលរួម​គោរព​»​។​

​សូមបញ្ជាក់​ដែរ កាកបាទ​ក្រហម​កម្ពុជា បាន​បង្កើតជា​សួន​សុវត្ថិភាព​ចរាចរណ៍​ដោយមាន​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​សារ​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​ទៅ​សិក្សា​និង​ចូលទៅ​ហាត់ប្រាណ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​កាកបាទក្រហមកម្ពុជា​បានបញ្ជាក់​ដែរ ថា បន្ទាប់ពី​កសាង​សួន​នេះ​រួចរាល់​ដែលមាន​ទាំង​អត្ថន័យ​និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ទៅលើ​ស្លាក​សញ្ញា​និង​ច្បាប់​ចរាចរណ៍​រួច កាកបាទក្រហមកម្ពុជា​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ចុងខែ​កញ្ញា ឆ្នាំ​ ២០២៣ និង​មាន​ផែនការ​កសាង​សួន​សុវត្ថិ​​ភាព​ចរាចរណ៍​ដូចគ្នានេះ​នៅក្នុង​វិទ្យាល័យ​ចំនួន​ ២​ បន្ថែមទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​នា​ចុង​ឆ្នាំនេះ​៕