ភ្នំពេញៈ បន្ទាប់ពី​បានសម្រាក​អស់​រយៈពេល ​២​ សប្តាហ៍ ដើម្បី​ទុកពេល​ឱ្យ​កីឡាករ​ឆ្នើមៗ នៅតាម​ក្លិប​នីមួយៗ បានចូល​លេង​​ឱ្យ​​ក្រុមជម្រើសជាតិ កន្លង​មក​នេះ ការ​ប្រកួត​លីគកំពូល​កម្ពុជា នឹង​ចាប់​​ផ្តើម​​ការ​ប្រកួត​វិញ នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ​នេះ ហើយវា​ក៏ជាពេល​ដែល​ក្រុម​ម្ចាស់​ជើងឯក ភ្នំពេញ​ក្រោន វិល​មក​ជួប​ក្រុមជើងឯក​រង វិសាខា ផងដែរ ចំណែក​ក្រុម​ចំនួន ​៨ ​ទៀត ក៏ត្រូវ​ប្រជែង​គ្នា​រក​៣ពិន្ទុ​បន្ថែម​ដូចគ្នា។


សម្រាប់ការ​វិលមកជួបគ្នាជា​ថ្មី​រវាងក្រុម​ភ្នំពេញ​ក្រោន និង​វិសាខា នៅថ្ងៃទី​១៧ ខែកញ្ញា​នេះ វា​បាន​ក្លាយជា​ការ​ប្រកួត​ដ៏​ធំ​ប្រចាំសប្តាហ៍ទី​៥នេះ ដែល​មានការ​ទាក់ទាញ​ខ្លាំង​ពីអ្នកគាំ​ទ្រ ព្រោះជំនួប​នេះត្រូវ​បាន​​គេ​គិត​ថា នឹង​មាន​ភាព​តាន​តឹង​ខ្លាំង ព្រោះ​ក្លិប​ធំ​ទាំង​២​នេះ សុទ្ធតែ​បាន​បង្ហាញ​​ឆន្ទៈ​ក្នុងការ​ដណ្តើម​យក​៣ពិន្ទុ ដើម្បីបំពេញ​ក្តីស្រមៃ ក្នុងការ​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​ប្រចាំ​រដូវ​កាលនេះ។

ខ្សែ​ប្រយុទ្ធ ​រ៉ឹង ប៊ុនហៀង ដែល​ទើប​រក​បាន ​១ ​គ្រាប់​ឱ្យ​ក្រុមធំជម្រើសជាតិ​កម្ពុជា ពេល​ឈ្នះ​​ក្រុម​ម៉ាកាវ ៤-០ កាលពី​ថ្ងៃទី​១១ កញ្ញា​នោះ បាន​និយាយ​ថា៖​ «​យើង​បានបែក​គ្នា​មួយ​រយៈ ដោយ​សារជាប់​ភារ​កិច្ច​ជាមួយ​​​ក្រុមជម្រើសជាតិ ហើយការ​វិលមក​​វិញនេះ ក្រុម​វិសាខា​របស់​យើង ត្រូវ​​​​បើក​ទ្វារ​ទទួល​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោន។ យើង​ត្រៀម​ខ្លូន​បាន​ល្អ​ហើយ ហើយ​​សង្ឃឹម​​ថា យើងនឹង​​ធ្វើបាន​ល្អ ដើម្បី​ទទួល​បាន​៣ពិន្ទុ»។ ​


តាម​រយៈការ​ប្រកួតវិលជុំ​ចំនួន​៤​លើក​កន្លង​មកនេះ ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោន ​ដែល​កំពុងឈរ​នៅលេខ​២ និងលេខ​៣ ក្រោមក្រុមព្រះខ័នរាជសា្វយរៀង​នោះ មាន​៩ពិន្ទុ ជាមួយ​ការ​ឈ្នះ​៣ និងចាញ់​ ១ ​ប្រកួត​ដូច​គ្នា ដោយ​ក្នុង​នោះ វិសាខា បានចាញ់​ក្រុមបឹងកេត ៤-២ កាលពី​ថ្ងៃទី​២៧ ខែសីហា ហើយភ្នំពេញក្រោន បានចាញ់​ក្រុមកំពុង​ឈរ​នៅលេខ​១ មាន​១២ពិន្ទុ​ពេញ ស្វាយរៀង ២-១ កាលពី​ថ្ងៃទី​១១ ខែសីហា។


រំឭក​ទៅដល់​លទ្ធផល​នេះ រ៉ឹង ប៊ុនហៀង បាន​បញ្ជាក់ថា៖ «៤​ប្រកួត​កន្លងមក​នេះ យើង​ធ្វើបាន​ល្អគួរ​សម ដោយ​យើង​​របូត​៣ពិន្ទុ អ៊ីចឹង​នៅ​សប្តាហ៍នេះ យើងត្រូវ​រក​ឱ្យ​បាន​៣ពិន្ទុ ដើម្បី​ឆ្ពោះ​​ទៅរក​តំណែង​ជើង​ឯក។ ទោះ​យ៉ាង​ណា នេះជា​ការ​ប្រកួត​ដ៏តាន​តឹង​មែន​ទែន ព្រោះ​យើង​ត្រូវ​ប៉ះ​ក្រុម​ជើងឯក ហេតុ​នេះ​យើង​មិន​ទាន់​​សង្ឃឹម​ថា នឹង​ទទួលបានជោគជ័យ​ខ្លាំងពេក​​នោះ​ទេ ​តែ​ខ្ញុំ​​មាន​ការជឿជាក់​ទៅលើ​មិត្ត​រួម​ក្រុម និងការ​រៀបចំ​របស់​គ្រូបង្វឹក ថា​ពួក​យើង​នឹង​អាច​ធ្វើ​បាន»។​


យ៉ាង​ណាក៏​ដោយ ការ​បង្ហាញ​មហិច្ឆតា​ដណ្តើម​យក​៣ពិន្ទុ របស់​ក្រុម​វិសាខា វា​ស្ថិត​នៅ​ក្នុង​ភាពមិនទាន់ប្រាកដនៅឡើយ​ទេ ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ ភ្នំពេញ​ក្រោន មិន​ត្រឹម​​តែ​ធ្វើ​បាន​ល្អ សម្រាប់ការ​ប្រកួត​ក្នុងលីគកំពូល​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែពួកគេក៏​ទើប​ដណ្តើម​បាន​កៅអី ឡើង​ទៅ​លេងនៅវគ្គ​ចែកពូល​ពាន​ AFC Cup ផងដែរ បន្ទាប់ពី​បាន​យក​ឈ្នះ​ក្រុម Young Elephants របស់​ឡាវ ៣-០ ក្នុង​វគ្គជម្រុះបឋម និង​ឈ្នះ​ក្រុម​ Tampines Rovers របស់​សិង្ហបុរី ៣-២ ក្នុង​វគ្គ Play-off។

ជាមួយគ្នា​នេះ ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Andres Nieto ដែល​តែង​រក​បានគ្រាប់បាល់​ស្ទើរ​គ្រប់ការ​ប្រកួត​នោះ បានដាក់​គោលដៅខ្ពស់ ក្នុងការជួយ​​ក្រុម​ភ្នំពេញ​ក្រោន ឱ្យ​ឈ្នះ​ពាន​ ដោយ​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់ ខ្ញុំ​មាន​ភាព​រីករាយ​ជាមួយ​នឹង​ការ​បង្ហាញ​ថ្មីៗ​នេះ ហើយ​ក៏​ដូច​ជា​ការ​ជួយ​ក្លិប​ ទទួល​បាន​របស់​សំខាន់ៗ។ គ្រប់​រដូវ​កាល​ ដែល​នៅ​ជាមួយ​ក្លិប ខ្ញុំ​តែង​តែ​បង្ហាញ​ការ​លេង​ល្អ ហើយ​ខ្ញុំ​តែង​តែ​ព្យាយាម​ឱ្យ​អស់​លទ្ធភាព»។

ម្ចាស់​អាវ​លេខ​១០ Nieto ដែល​បាន​មកប្រកប​អាជីព​បាល់​ទាត់​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន តាំងពី​ខែមករា ឆ្នាំ​២០២០ មក​​នោះ បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ទាន់​ដល់​ចំណុច​កំពូល​​​របស់​ខ្ញុំ​ទេ! ខ្ញុំ​នៅ​មាន​​គោលដៅ​ជា​ច្រើន​ទៀត ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់ AFC Cup ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ពាន​​រង្វាន់​​លីគ​កំពូល​ម្តង​ទៀត»៕

កម្ម​វិធី​ប្រកួត នៅថ្ងៃទី​១៦ ខែកញ្ញា

- ព្រៃវែង v Tiffy Army នៅកីឡដ្ឋាន​ព្រៃវែង រសៀល​ម៉ោង ៣:៤៥

- ព្រះខ័នរាជស្វាយរៀង v អង្គរ​ថាយហ្គឺរ នៅ​កីឡដ្ឋាន​ស្វាយរៀង ល្ងាច​ម៉ោង ៦:០០

កម្ម​វិធី​ប្រកួត​ នៅថ្ងៃទី​១៧ ខែកញ្ញា

- អាយអេសអាយ​ដង្កោសែន​ជ័យ v ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ISI ល្ងាចម៉ោង ៦:០០

- បឹងកេត v គិរីវង់សុខសែនជ័យ នៅ​ពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០

- វិសាខា v ភ្នំពេញក្រោន នៅកីឡដ្ឋាន​ព្រីនស៍ ល្ងាច​ម៉ោង ៦:០០