ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ឈាង រ៉ា បាន​ជំរុញឱ្យមាន​ការលើកកម្ពស់​គុណភាព​ថែទាំ​សុខភាព​ទាំង​សេវាសាធារណៈ និង​ឯកជន ជាមួយនឹង​ការពង្រឹង​និយតកម្ម​សេវា​សុខាភិបាល ដោយ​លោក​សង្កត់ធ្ងន់ថា​ ទាំងនេះ​គឺជា​ការងារ​បន្ទាន់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ក្នុងការ​ស្វែងរក​សេវា​សុខាភិបាល​។​


​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​គណៈ​គ្រូពេទ្យ​កម្ពុជា កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី​ពិនិត្យមើល​«​ប្រកាស ស្តីពី​ការផ្សព្វផ្សាយ​លក្ខណៈវិជ្ជា​ជីវៈ​សុខាភិបាល​»​ក្នុង​គោលបំណង ធ្វើឱ្យ​សាធារណជន​បានទទួល​នូវ​ព័ត៌មាន​ដែល​អាច​ជឿជាក់​បាន​យកទៅ​ពិចារណា​ក្នុងការ​ស្វែងរក​សេវា​សុខាភិបាល​សមស្រប​ណាមួយ​ទៅតាម​សេចក្តីត្រូវការ ។

ប្រកាស​នេះ ក៏​ដើម្បី​ធ្វើឱ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់​មាន​សេចក្តីថ្លៃថ្នូរ គោរព​អនុវត្តតាម​លិខិតបទដ្ឋាន​គតិ​យុត្ត​ដែល​ចូល​ជា​ធរមាន​។​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​លោក ហ៊ុន ចំរើន ទីប្រឹក្សានាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត លោក ស៊ិ​ក ប៊ុណ្ណា និង​លោក ង៉ូ​វ កាង រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល និង​លោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​តំណាង​គណៈ​គ្រូពេទ្យ​កម្ពុជា​។


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ក្នុងជំនួប​នោះ​លោក ឈាង រ៉ា ជំរុញឱ្យមាន​ការចូល​រួម​អនុវត្ត​ឱ្យទទួល​បាន​ជោគជ័យ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន​៦ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ហើយ​សម្រាប់​ការចាប់ផ្តើម​អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​២០២៣​។

​លោក​បន្តថា​៖«​ក្នុងនោះ​អាទិភាព​ទី​១​គឺ «​ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​» ​និង​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ជំរុញ​លើកកម្ពស់​គុណភាព​ថែទាំ​សុខភាព​ទាំង​សេវាសាធារណៈ និង​ឯកជន ជាមួយនឹង​ការពង្រឹង​និយតកម្ម​សេវា​សុខាភិបាល ហើយ​ជា​ការងារ​បន្ទាន់​»​។​


​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា ការជំរុញ​គ្រាន់តែ​ជាការ​ពញ្ញាក់​ស្មារតី ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ទាមទារ​ឱ្យមាន​យន្តការ​បច្ចេកទេស និង​ផែនការ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​កំណែទម្រង់​វិស័យ​សុខាភិបាល​។ លោក​ថា​៖«​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី គ្រាន់តែ​ជា​សារ​នយោបាយ មិនមែនជា​បច្ចេកទេស​ដែល​ត្រូវ​យកទៅ​អនុវត្តបាន ដូច្នេះ​ជា​បច្ចេកទេស​ដែល​យកទៅ​អនុវត្តបាន​លុះត្រាតែមាន​ផែនការ​សកម្មភាព​ច្បាស់​លាស់​ថា​តើ ក្រសួង​មាន​ផែនការ​អ្វីខ្លះ​ ដើម្បី​ជួយ​ទៅដល់​វិស័យ​ឯកជន និង​រដ្ឋ? បើ​ពុំ​នេះ ការលើកឡើង​របស់គាត់​គ្រាន់តែ​ជា​ប្រសាសន៍​ដើម្បី​លើកទឹកចិត្ត ធ្វើឱ្យ​ពលរដ្ឋ​មានការ​សង្ឃឹម​មួយ​ភ្លែត​» ។​

​លោក គិ​ម​អេង នៅតែ​ជំរុញ​ឱ្យ​ក្រសួងសាមី​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ពង្រឹង​ផ្នែក​សុខាភិបាល​នៅក្នុង​ស្រុក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាពខ្លាំង​ជាង​នេះ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ ខណៈ​លោក​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ស្វែងរក​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស​តួយ៉ាង​នៅ​ថៃ និង​វៀតណាម ជាដើម​។​

​សូមជម្រាបថា ​ក្នុងពេល​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី ឈាង រ៉ា បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​មូលដ្ឋាន​សុខាភិបាល​ទាំងអស់ ត្រូវអនុវត្ត​បទដ្ឋាន​បច្ចេកទេស គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​លិខិតបទដ្ឋាន​គតិ​យុត្ត​ជា​ធរមាន​ក្នុង​ការផ្តល់សេវា​សុខាភិបាល​ជូន​អ្នកជំងឺ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ប្រកបដោយ​គុណភាព សុ​វ​ត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​៕