ភ្នំពេញៈ ​ប្រធាន​ និង​សមា​ជិក​រដ្ឋ​សភា​ចំនួន​ ១១៤ ​រូប ​នៃ​សមា​ជិក​សរុប​ ១២៥ ​រូប ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ បាន​អនុម័ត​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​អធិ​ការ​កិច្ច ​និង​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​បង្កើត​រដ្ឋ​លេខា​ធិកា​រដ្ឋា​ន​កិច្ច​ការ​ព្រំដែន​ ក្នុង​គោល​បំណង​បន្ត​កែ​ទម្រង់​ឱ្យ​ស៊ី​ជម្រៅ​នៃ​កម្ម​វិធី​នយោ​បាយ​រាជ​រដ្ឋាភិ​បាល​អា​ណត្តិ​ទី​៧ ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា​។​​


​យោង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋ​សភា​ចេញ​ផ្សាយ​ក្រោយ​សម័យ​ប្រជុំ​រដ្ឋ​សភា​កាល​ពី​ថ្ងៃទី​១៤​ ខែកញ្ញា ​ឆ្នាំ​២០២៣​ បាន​ឱ្យ​ដឹង​ថា​ សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ ការ​បង្កើត​ក្រសួង​អធិ​ការ​កិច្ច​ តាក់​តែង​ឡើង​ក្នុង​គោល​បំណង​ប្តូរ​ឈ្មោះ «​ក្រ​សួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា​-​ព្រឹទ្ធ​សភា ​និង​អធិ​ការ​កិច្ច​» ​មក​ជា «​ក្រសួង​អធិ​ការ​កិច្ច​»​។ ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី ការ​បង្កើត​រដ្ឋ​លេខា​ធិកា​រដ្ឋា​ន​កិច្ច​ការ​ព្រំ​ដែន​ គឺ​រាជ​រដ្ឋាភិ​បាល​បង្កើត ​ស្ថាប័ន​នេះ​ជំនួស​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន ក្នុង​គោល​បំ​ណង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ថ្មី​មួយ ​ដែល​មាន​លក្ខណៈ​អចិ​ន្ត្រៃយ៍​ មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​និង​សមត្ថ​កិច្ច​ពេញ​លេញ​។​​

​យោង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​នេះ ​បាន​ឱ្យដឹ​ង​ថា​៖ «​ឆ្លើយ​តប​នឹង​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១​ បន្ត​កែ​ទម្រង់​ឱ្យ​ស៊ី​ជម្រៅ ​ទូលំ​ទូ​លាយ​ មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ដែល​នឹង​ផ្តោត​លើ​ការ​លើក​កម្ពស់​អភិ​បាល​កិច្ច​និង​សមត្ថ​ភាព​ស្ថាប័ន​ ការ​បង្កើត​បរិយា​កាស​អំណោយ​ផល​សម្រាប់​អភិ​វឌ្ឍន៍​សង្គម​-​សេដ្ឋ​កិច្ច​ ការ​អភិ​វឌ្ឍ​មូល​ធន​មនុស្ស​ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​ ការ​អភិ​វឌ្ឍ​វិស័យ​ឯក​ជន​ ដែល​ប្រកប​ដោយ​ភាព​ធន់​ ចីរភាព​ បរិ​យា​ប័ន្ន ​និង​សង្គម​ឌី​ជី​ថ​ល​»​​។​​


​រីឯ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី ​ការ​បង្កើត​រ​ដ្ឋ​លេខា​ធិកា​រដ្ឋា​ន​កិច្ច​ការ​ព្រំដែន ​គឺ​រាជ​រដ្ឋាភិ​បាល​បាន​រៀប​ចំ​បង្កើត​ឡើង​ដើម្បី​ជំនួស​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​។​

​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឱ្យដឹង​ថា​៖​ «​គោល​បំណង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ថ្មី​មួយ​ ដែល​មាន​លក្ខណៈ​អចិ​ន្ត្រៃយ៍ មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រង ​និង​សមត្ថ​កិច្ច​ពេញ​លេញ​ ព្រម​ទាំង​អាច​ស្រូប​ទាញ​បន្ថែម​នូវ​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថ​ភាព ជំនាញ​ពិត​ប្រាកដ ​ទាំង​ផ្នែក​បច្ចេក​ទេស​ ផ្នែក​ច្បាប់​ជាតិ​ ច្បាប់​អន្តរ​ជាតិ​ និង​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ នៃ​ការ​បន្ត​បេសក​កម្ម​ដ៏​ពិសិដ្ឋ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ ការ​ពង្រឹង​កិច្ច​ការ​ពារ​អធិប​តេយ្យ​និង​បូរណ​ភាព​ទឹក​ដី ​និង​ការ​លើក​ស្ទួយ​ការ​ថែរក្សា​សមិទ្ធ​ផល​ព្រំដែន​ជា​ប្រវត្តិ​សាស្ត្រ ​ទុក​ជា​មរតក​ដ៏​ឧត្តុង្គ​ឧត្តម​ជូន​កូន​ខ្មែរ​គ្រប់​ជំនាន់​»​។​​


​លោក ​ឈាង ​វុន​ សមា​ជិក​រដ្ឋ​សភា​ បាន​ថ្លែង​ថា​ ការ​អនុ​ម័ត​បង្កើត​ និង​ប្តូរ​ឈ្មោះ​ស្ថាប័ន​រាជ​រដ្ឋាភិ​បាល​ទាំង​២​គឺ​ដើម្បី​សម្រប​សម្រួល​ទៅ​ដល់​កិច្ច​ការ​ ការ​ងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​នៅ​ក្នុង​អាណ​ត្តិ​ថ្មី​ ជា​ពិសេស​នោះ​គឺ​ដើម្បី​បែង​ចែក​សេនា​ធិកា​រឱ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​នា​ពេល​អនា​គត​។​

​លោក​បន្ត​ថា​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​អា​ណត្តិ​ថ្មី​នេះ​បាន​បន្ត​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ទាំង​ស្ថាប័ន​រដ្ឋ​ និង​ស្ថាប័ន​ចំណុះ​រាជ​រដ្ឋាភិ​បាល​ ហើយ​កិច្ច​ការ​ទាំង​នេះ​ពុំ​មែន​ដូច​ដែល​ការ​លើក​ឡើង​របស់​ក្រុម​ប្រឆាំង​មួយ​ចំ​នួន​ដែល​តែងតែ​លើក​ឡើង​ថា​គឺ​ជា​ការ​បែង​ចែក​អំណាច​គ្នា​នោះ​ទេ​។​

​លោក​ថ្លែង​ថា​៖​ «​គោល​បំណង​តែ​១​គត់​គឺ​បម្រើ​សេចក្តី​ត្រូវ​ការ​ និង​កិច្ចការ​របស់​ប្រទេស​សម​ស្រប​ទៅ​នឹង​ស្ថាន​ការ​ណ៍បច្ចុប្បន្ន​តែ​ប៉ុ​ណ្ណោះ​។ ​ការ​អនុ​ម័ត​របស់​រ​ដ្ឋ​ស​ភា លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​អធិការ​កិច្ច​ ការ​បង្កើត​រដ្ឋ​លេខា​ធិ​កា​រដ្ឋា​ន​កិច្ចកា​រ​ព្រំដែន​ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កិច្ច​ការ​ងារ​បម្រើ​ជាតិ ​ជា​ពិសេស​រដ្ឋ​លេខា​ធិ​កា​រដ្ឋា​ន​កិច្ច​ការ​ព្រំដែន​ ដែល​ជា​កិច្ច​ការ​ចម្បង​មួយ​ក្នុង​ចំណោម​កិច្ច​ការ​សំខាន់ៗ​ និង​អាទិ​ភាព​ របស់​រាជ​រដ្ឋាភិ​បាល​អាណ​ត្តិ​ថ្មី​នេះ​»​។

​លោក ​ឡាំ ​ជា​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិ​កា​រដ្ឋា​ន​កិច្ច​ការ​ព្រំដែន​ ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​ថា ​កិច្ច​ការ​ព្រំដែន​ ជា​កិច្ច​ការ​អាទិភា​ព​១ ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ ជា​អាយុ​ជីវិត​របស់​ជាតិ​ដែល​ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិ​ភាព​ខ្ពស់​បំផុត​ ទាំង​លើ​ទិដ្ឋ​ភាព​ច្បាប់ ​បច្ចេក​ទេស​ និង​នយោ​បាយ​ សំដៅ​ធានា​រក្សា​ការ​ពារ​មិន​ឱ្យ​មាន​ការ​រំលោភ​បាន ជា​ដាច់​ខាត​ នូវអធិប​តេយ្យ ​និង​បូរណ​ភាព​ ទឹក​ដី​នៃ​កម្ពុ​ជា​​។​​

​លោក ​គិ ន ​ភា ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ថ្លែង​ថា​ ការ​បង្កើត​រដ្ឋ​លេខា​ធិកា​រដ្ឋា​ន​កិច្ច​ការ​ព្រំដែន​នេះ​គឺមាន​សារៈ​សំខាន់​ណាស់​សម្រាប់​កិច្ច​ការ​ងារ​ព្រំ​ដែន ​បូរណ​ភាព​ទឹក​ដី​ ពី​ព្រោះ​វា​ជាកា​រ​បង្កើត​លេខា​ធិការ​ដ្ឋាន​១​ ដាច់​ដោយ​ឡែក​ និង​ច្បាស់​លាស់​លើ​មុខ​ងារ​តួនា​ទី​របស់​វា​ ជា​ពិសេស​វា​ធ្វើ​អោយ​មាន​គុណ​ភាព ​និង​តម្លាភាព​លើ​កិច្ច​ការ​ងារ​ព្រំ​ដែន​ផង​ដែរ​។​​

​លោក​ថា​​៖«​កិច្ច​ការ​ងារ​ព្រំដែន​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​កិច្ច​ការ​ងារ​ចម្បង​របស់​រាជ​រដ្ឋាភិ​បាល​ផង​ដែរ​ ដូច្នេះ​រាជ​រដ្ឋាភិ​បាល​ត្រូវ​តែ​មាន​ស្ថាប័ន​ទទួល​បន្ទុក​កិច្ច​ការងារ​នេះ​១​ច្បាស់​លាស់​ រឹង​មាំ ​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់​ ដើម្បី​ដំណើរ​ការ​កិច្ច​ការ​ងារ​របស់​ខ្លួន​ និង​ធានា​ទទួល​បាន​លទ្ធ​ផល​ល្អ​លើ​កិច្ច​ការ​ព្រំ​ដែន​»​៕​