សៀម​រាប/​​តាកែវ/ព្រៃ​វែងៈកម្លាំង​សមត្ថ​កិច្ច សហការ​ជា​មួយ​គណៈ​គ្រប់​គ្រង​សាលា ​នៅ​ក្នុង​ខេត្ត​ចំនួន ​៣ រួមមាន​ខេត្ត​សៀមរាប តាកែវ និង​ព្រៃវែង បាន​ចុះ​ប្រមូល​សិស្ស​ដែល​គេច​សាលា ហើយ​នាំគ្នា​​ទៅ​ប្រព្រឹត្ត​អំពើ​ឥតប្រយោជន៍ផ្សេងៗដូចជា​លេង​ហ្គេម ឬជក់​បារី មក​ធ្វើ​ការ​អប់រំ ដើម្បី​ឱ្យពួ​ក​គាត់ត្រ​ឡប់​ទៅ​ចូល​រៀន​វិញ។​


ការចុះ​ប្រតិ​បត្តិ​កា​រ​ប្រ​មូល​សិ​ស្សទាំ​​ង​នេះ​ត្រូ​វបាន​ធ្វើ​ឡើង​ ខណៈដែ​ល​សិស្សា​នុ​សិ​ស្សនៅ​តាម​រាជ​ធា​នី​-​ខេត្ត​មួ​យ​ចំ​នួ​ន ​​បា​នយ​ក​ម៉ោង​សិ​ក្សា​គេច​ទៅ​ដើរ​លេ​ង​ ជួ​បជុំ​គ្នា​លេ​ង​ហ្គេ​ម ​ជ​ក់​បា​រី ​ឬ​ប្រ​ព្រឹត្ត​ស​ក​ម្ម​ភាព​ផ្សេងៗ​។​

​លោក លី ​ប៊ុ​នណា ប្រធាន​​មន្ទីរ​​អប់​​រំ យុវជ​ន និង​កីឡា ខេត្ត​សៀមរាប បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​​ថា ថ្មីៗ​នេះ ខាង​សមត្ថកិច្ច ​បាន​រួម​សហការ​ជា​មួយ​ខាង​នាយក​សាលា បាន​​ចុះ​​​ប្រមូល​​សិស្ស​​សាលា​១​ក្រុម​នៅ​ខាង​ស្រុក​សូទ្រ​និគម ដែល​បាន​​គេច​ពី​ការ​សិក្សាទៅ​នាំ​គ្នា​ទៅ​សំងំតាម​ក្យូសលេង​ហ្គេម​តាម​ទូរស័ព្ទ ជក់​បារី និង​ផឹក​ភេសជ្ជៈ​ជា​ដើម​។


បន្ទាប់​ពីប្រ​មូល​បាន​ក្រុម​សិស្ស​ទាំង​នោះ​ហើយ សមត្ថកិច្ច​ក៏​​បាន​​ធ្វើ​​ការ​អប់​រំ​ណែនាំ និង​ធ្វើ​កិច្ច​សន្យាឱ្យ​បញ្ឈប់​សកម្មភាព និង​អនុញ្ញាត​ឱ្យ​អាណា​ព្យាបាល​ ធ្វើ​លិខិតធា​នាយក​​ពួក​គាត់​ ត្រឡប់​ទៅ​​​គេហដ្ឋាន​វិញ​ ដើម្បី​អប់​រំ​បន្ត​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ករណី​ដែល​សមត្ថកិច្ច​ចុះ​ប្រមូល​ក្រុម​សិស្ស​គេច​សាលា​ទាំង​នេះ​ហើយ លោក​ពិនិត្យ​ឃើញ​ថា មិន​មាន​ករណី​សិស្ស​គេច​សាលា​បន្ត​កើត​មាន​ទៀត​ទេ នៅ​តាម​សាលា​រៀន​ទាំង​អស់ ​ក្នុង​ខេត្ត​សៀមរាប។


លោកថ្លែងបែបនេះថា៖«ដោយ​សារមា​ន​កិច្ច​អន្តរាគមន៍​ពី​ខាង​សមត្ថកិច្ច រួម​ទាំង​មន្ទីរ​អប់​រំ​ខេត្ត ​ក៏បាន​ចាត់​ឱ្យ​អ្នក​ជំនាញ​ទៅ​ធ្វើ​ការ​ណែនាំ ផ្សព្វ​ផ្សាយ ទៅ​ដល់​គណៈ​គ្រប់​គ្រង​សាលា លោកគ្រូ-អ្នកគ្រូ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ងារ​ដឹក​នាំ​គ្រប់​គ្រង​ស្ថាន​ភាព​សិស្ស​ឱ្យ​បាន ដើម្បី​កុំ​ឱ្យ​សិស្ស​អវត្ត​មាន និង​ដើម្បី​កុំ​ឱ្យ​សិស្ស ពួក​គាត់​ចេញ​ទៅ​ក្រៅ​ពាស​វាល​ពាស​កាល​បែប​នេះ​ជា​បន្ត​ទៅ​ទៀត​»។

បើតាម​លោក លី ប៊ុនណា មន្ទីរក៏បាន​ប្រជុំ និង​ណែនាំ ឱ្យ​គណៈ​គ្រប់​គ្រង​សាលា​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួងអប់រំ និងក្រើនរំឭកដល់​នាយក​សាលាឱ្យ​យក​ចិត្ត​ទុក​ដាក់​​ពង្រឹង​ការ​សិក្សា​រៀន​សូត្រ​របស់​សិស្សា​នុ​សិស្ស ជា​ពិសេស​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​សិស្ស​ដែល​នៅ​ក្រៅ​សាលារៀន​។

ដោយ​ឡែក​លោក គួន តៅ នាយក​វិទ្យាល័យ​អគ្គ​តេ​ជោ​អង្គ​ព្រះ​ស្ដេច កាលពីថ្ងៃ​ទី​៨ ខែ​កញ្ញា​ ​បាន​ស្នើ​សុំ​កង​កម្លាំង​ពី​អាជ្ញាធរឃុំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹងត្រាញ់​ខាង​ជើង នៅ​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ ដើម្បី​សហការ​គ្នា​ចុះ​ប្រមូល​សិស្ស​ដែល​គេច​សាលា មិន​ចូល​រៀន នៅ​តាម​កន្លែង​លក់​កាហ្វេ ភេសជ្ជៈ និង​លក់​បាយ ដែល​មាន​ Wi-Fi ខណៈ​ដែល​កន្លែង​ទាំង​នោះ បាន​បិទ​បាំង​សិស្ស​ឱ្យ​ទៅ​ប្រព្រឹត្ត​«​ពាលា​​»ផ្សេងៗ​ដូច​ជា ការ​ស៊ី​ផឹក​គ្រឿង​ស្រវឹង ជក់​បារី​លេង​ល្បែង​ស៊ី​សង និង​លេង​ហ្គេម​ទូរស័ព្ទ​ជា​ដើម​។

ចំណែក​ស្នង​ការ​នគរ​បាល​ខេត្ត​ព្រៃវែង លោក ឈឿន ប៊ុនឆន កាលពីថ្ងៃ​ទី​៦ ​ខែ​កញ្ញា ​ក៏បាន​ណែនាំ​ឱ្យ​កម្លាំង​នគរបាល នៃ​អធិការ​ដ្ឋាន​នគរបាល​ទាំង ១៣​ក្រុង​-​ស្រុក ចាប់​ផ្តើម​​ចុះ​ធ្វើយុ​ទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ដល់​ក្នុង​សាលា​រៀន​ និង​ចាប់​ប្រមូល​ក្មេងៗ​គេច​វេះ​មិន​ចូល​សាលា​រៀន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​លេង​ហ្គេម លេង​ទូរស័ព្ទ និង​ជួប​ជុំ​​ពពាក់​ពពូន​គ្នា​មក​ធ្វើ​ការ​អប់​រំ​ណែនាំ​។

លោកបានឱ្យដឹងថា ក្រោយការ​អនុវត្ត​គឺបាន​ប្រមូល​សិស្ស​ដែល​គេច​សាលា បាន​ជា​ច្រើន​ករណី ហើយ​វាក៏​​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​សេរីភាព​របស់​សិស្ស​សាលា​ទាំង​នោះ​​ដែរ​ ក៏​ប៉ុន្តែ​បើ​នគរ​បាល​មិន​ចូល​រួម​ធ្វើ​ទេ​នោះ ក្មេងៗ​ជា​ច្រើន​អាច​នឹង​បោះ​បង់​ការ​សិក្សា​ចោលដោយ​សារ​រៀនមិ​ន​ទាន់​គេ ឬ​គ្មាន​ឈ្មោះ​ប្រឡង​ជា​ដើម​។ នេះ​បើ​តាម​ស្នង​កា​រដ្ឋា​ន​នគ​រ​បាល​ខេ​ត្ត​ព្រៃ​វែង។

លោក ឈឿន ប៊ុនឆន បញ្ជាក់​ថា​៖ «​បើ​លោក​គ្រូ អ្នក​គ្រូ អាណា​ព្យាបាល ឪពុក​ម្តា​យ​ ប្រ​ជា​ព​លរ​ដ្ឋ ឬ​នគរបាល​មិន​ចូល​រួម​កែ​តម្រូវ​បញ្ហា​នេះ​ទេ អនាគត​ក្មេងៗ​ទាំង​នោះ​អាច​ក្លាយ​ទៅ​ជា​ជំងឺ​សង្គម ដែល​ត្រូវ​តាម​ព្យាបាល​គ្មាន​ដែន​កំណត់។ ម្យ៉ាង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏​នឹង​ជួប​ការ​លំបាក​ដោយ​សារ​តែ​ក្មេងៗ​សិស្ស​សាលា​ដែល​យើង​មើល​ឃើញ​សព្វ​ថ្ងៃ​អនាគត​គឺ​ជា​អ្នក​មាន​ចំណែក​ចូល​រួម​សម្រេច​ជោគ​វាសនា​ជាតិ​ផង​ដែរ​»​។

ជុំ​វិញ​រឿង​នេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែង​​ថា ការដែល​សិស្ស​មួយ​ចំនួន​​មិន​ចូលរៀន​ មួយផ្នែក​អាចមកពីពួក​គាត់​មើលឃើញ​​​មាន​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​​គ្រប់​ទី​កន្លែង​សាធារណៈ ដូច្នេះ​ហើយ វា​ជា​អ្វី​ដែល​ធ្វើ​ឱ្យយុ​វជន ពួក​គាត់​ភ្លើត​ភ្លើន​ ទៅ​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​នោះ​ ហើយ​យក​ពេល​​វេលា​រៀនសូត្រ ទៅ​​សាកឬ​ប្រើ​ប្រាស់ជា​ដើម​។

មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និងកីឡា​ ដើម្បី​ស្នើ​សុំធ្វើការ​ពន្យល់​​លើ​បញ្ហា​នេះ​បាន​ទេ កាល​ពីថ្ងៃ​ទី​១៤ ខែ​ក​ញ្ញា​នេះ​៕