ភ្នំពេញៈ ប្រធានសមាគមជប៉ុនកម្ពុជា បានឱ្យដឹងថា វិនិយោគិន លើវិស័យ SMEs របស់ជប៉ុន មានការចាប់អារម្មណ៍ចំពោះវិស័យសំខាន់ៗ ពិសេសការផលិតទំនិញកែច្នៃដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា គួបផ្សំបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជាកំពុងមានតម្រូវការវិនិយោគក្នុងវិស័យនេះ។
នេះបើយោងតាមខ្លឹមសារ ដែលត្រូវបានផ្សព្វផ្សាយបន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣។
បើយោងតាមការប្រកាសពីលទ្ធផលនៃជំនួបនេះ លោក តាកាហាស៊ី ហ្វូមីអាគី បានបញ្ជាក់ថា វិនិយោគិនជប៉ុននៅក្នុងវិស័យ SMEs របស់ជប៉ុនមានការចាប់អារម្មណ៍ចំពោះវិស័យសំខាន់ៗ ២ ក្នុងនោះទី ១ គឺការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុនដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ។
លោកបន្តថា ៖ «ចំណែកវិស័យសំខាន់ទី ២ គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស,សេវាថែទាំអ្នកជំងឺមនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល»។
ចំពោះការលើកឡើងរបស់ ប្រធានសមាគមជប៉ុន-កម្ពុជា នេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបថា ការវិនិយោគក្នុងវិស័យទាំងនេះគឺជាអ្វីដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះ ក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ជាដើម។
លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលបំណងទាំងនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលអាណត្តិទី ៧ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់»។
ទាក់ទិននឹងគោលបំណងរបស់វិនិយោគិនជប៉ុននេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បង្ហាញការស្វាគមន៍។ លោកលឹម ហេង ក៏រំពឹងផងដែរថា ការវិនិយោគ និងបច្ចេកវិទ្យារបស់ជប៉ុន នឹងជំរុញការច្នៃផលិតផលកសិកម្មកម្ពុជា ខណៈដែលកន្លងទៅកម្ពុជានាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមច្រើនជាងផលិតផលកែច្នៃរួចទៅក្រៅប្រទេស។
លោកបញ្ជាក់ថា៖«កម្ពុជាមានផលិតផលកសិកម្មច្រើនប្រភេទ តែមានកង្វះខាតលើការកែច្នៃ ដោយត្រូវពឹងផ្អែកលើទីផ្សារប្រទេសជិតខាងដូចជា ដំឡូងមី ពោត ស្វាយចន្ទី កៅស៊ូ ជាដើមជាផលិតផលដែលមានសក្តានុពល និងមានតម្រូវការវិនិយោគបន្ថែមផ្នែករោងចក្រកែច្នៃ»។
លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា តាមរយៈគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគ សម្រាប់វិស័យឯកជនទាំងក្នុង និងក្រៅប្រទេសនឹងធ្វើឱ្យគម្រោងវិនិយោគរបស់ជប៉ុនមួយនេះ កា្លយជាគម្រោងអនុវត្តន៍ពិតប្រាកដ នៅក្នុងតំបន់សក្តានុពលណាមួយនៃប្រទេសកម្ពុជា។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ជប៉ុនជាប្រទេសដៃគូពាណិជ្ជកម្មជាមួយកម្ពុជាស្ថិតក្នុងលំដាប់ទី ៥ ដោយគិតចាប់ពីខែមករា ដល់សីហា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទៅជប៉ុន ក្នុងទំហំ ទឹកប្រាក់ជាង ៧៧០ លានដុល្លារ ថយចុះចំនួន ២,៤ ភាគរយ ខណៈកម្ពុជានាំ-ចូលពីជប៉ុនមកវិញ មានទំហំទឹកប្រាក់ ជាង ៤៣០ លានដុល្លារ ថយចុះជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕