កងទ័ពចិន និងសម្ភារធ្វើសមយុទ្ធសុខាភិបាលដឹកមកដល់កម្ពុជា
ភ្នំពេញៈ សម្ភារ និងកងទ័ពរំដោះប្រជាជនចិនសម្រាប់ចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា មានឈ្មោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣» ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ។
តាមការថ្លែងប្រាប់ពីលោក ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាពនៅថ្ងៃទី ១៤ ខែកញ្ញា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃទី ១ ដែលកងទ័ពរំដោះប្រជាជនចិនបានធ្វើដំណើរមកដល់កម្ពុជាដែលមានចំនួន ២៦៩ នាក់ រួមជាមួយសម្ភារមួយចំនួនសម្រាប់ចូលរួមធ្វើសមយុទ្ធផងដែរ។
លោកបានឱ្យដឹងទៀតថា សម្ភារដែលដឹកជញ្ជូនមកធ្វើសមយុទ្ធនេះរួមមាន រថយន្តសង្គ្រោះ ៣ គ្រឿង និងសម្ភារបរិក្ខារសុខាភិបាល សម្ភារសង្គ្រោះ ១០០០ ឈុត។
លោកថា៖ «ខ្ញុំគិតថា នេះជាការផ្លាស់ប្តូរបទពិសោធន៍យ៉ាងល្អរវាងកងទ័ពយើងទាំង ២ ហើយសង្ឃឹមថាយើងនឹងសហការគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នា ហើយយើងនឹងយកបទពិសោធន៍ទាំងនេះមកបម្រើឱ្យប្រទេសទាំង ២ ផងដែរ»។
លោក ប៉ែន សុក្រឹត្យវិទ្យា ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក៏មានវិស័យយោធាផងដែរ ដូចនេះ លោកគិតថា សមយុទ្ធនេះក៏ជាចំណុចល្អមួយដែលកម្ពុជា និងចិនសហការគ្នាលើវិស័យយោធារួមគ្នានេះ។
លោក ហួ ចាងអ៊ី នាយរងនាយកដ្ឋានសុខាភិបាលសាកលវិទ្យាល័យសុខាភិបាលទ័ពអាកាស និងជាប្រធានកងទ័ពសុខាភិបាលចិនបានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដែរថា លោកពិតជាមានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសមយុទ្ធលើកដំបូងរវាងកងទ័ពចិន និងកងទ័ពកម្ពុជាដែលរៀបចំជាសមយុទ្ធសុខាភិបាលរួមគ្នានេះ។
លោកបានថ្លែងថា៖ «ថ្ងៃនេះ កងទ័ពចិនប្រើជើងយន្តហោះ ១២ ជើងដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារមកចូលរួមសមយុទ្ធក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងបំបែកឯកទគ្គកម្មនៃកងទ័ពរបស់យើងដែរ។ ជាងនេះទៅទៀត ចិន និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតខួប ៦៥ ឆ្នាំជាមួយគ្នាផងដែរដែលយើងពិតជាមានក្តីសោមនស្សរីករាយដែលបានរៀបចំសមយុទ្ធសុខាភិបាលជាមួយនឹងកងយោធពលខេមរភូមិន្ទនាពេលនេះ»។
លោក ហួ ចាងអ៊ី បានបញ្ជាក់បន្ថែមថា ភាគីចិនជឿជាក់ថា សមយុទ្ធលើកនេះប្រាកដជាទទួលបានជោគជ័យ ១០០ ភាគរយ ហើយនឹងជួយបង្កើនការពង្រឹងនិងពង្រីកមិត្តកងទ័ពប្រទេសចិននិងកម្ពុជាកាន់តែរឹងមាំបន្ថែមទៀត។
សូមរំឭកផងដែរថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន រៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រយៈពេល ១៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីអបអរសាទរខួបលើកទី៦៥ ឆ្នាំនៃថ្ងៃបង្កើតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិនជាមួយកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានធ្លាប់បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធសុខាភិបាលនេះ ប្រជាពលរដ្ឋទូទៅអាចចូលរួមពិនិត្យជំងឺដោយឥតគិតថ្លៃបាននៅថ្ងៃទី ២២ និង ២៣ ខែកញ្ញា នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី ៤ ក្នុងខេត្តសៀមរាប៕