តាមរយៈជំនួបរវាងលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ភាគីចិន បានគូសបញ្ជាក់ថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ខណៈកម្ពុជាចាត់ទុកថាចិននៅតែជាមិត្តដ៏ល្អ ដែលបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ នៅមហាវិមានប្រជាជននៃរដ្ឋធានីប៉េកាំង។ នេះបើយោងតាមខ្លឹមសារនៃជំនួបដែលត្រូវបានផ្សព្វផ្សាយសាធារណៈតាមប្រព័ន្ធតេឡេក្រាមលោក ហ៊ុន ម៉ាណែត។
នៅក្នុងជំនួបនេះលោក ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។ លោកក៏បានថ្លែងនូវការអបអរសាទរជូនចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយលោក ជឿជាក់ថា ក្រោមការដឹកនាំនេះ ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ហើយកាន់តែរឹងមាំថែមទៀត។
ប្រភពដដែលឱ្យដឹងថា៖«ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន»។
ជាកិច្ចឆ្លើយតបលោក ហ៊ុន ម៉ាណែត បានជម្រាបជូន អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនមួយ ហើយលោកបានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។
ប្រភពដដែលរំលេចថា៖«សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលនូវផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម»។
ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានគូសរំលេចជូនលោក ស៊ី ជីនពីង អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល សន្តិសុខស្បៀង និងវិនិយោគជាដើម។ លោកក៏បានស្នើភាគីចិនបន្ត គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។ លោកក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។
បើតាមប្រភពដដែល៖«ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ»។
គួរជម្រាបផងដែរ ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ក៏បានអញ្ជើញទៅកាន់ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ផងដែរ៕