ក្រសួងបរិស្ថាន បានចាត់ទុកការប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពី កាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់។
នៅក្នុងសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៣ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅឆ្នាំនេះ គឺជាខួបលើកទី៣៨ នៃ «អនុសញ្ញា ទីក្រុងវីយ៉េន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៦ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។
ក្រសួងបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំឭកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ក្រសួងបរិស្ថាន តាមរយៈលិខិតនេះ បានបង្ហាញពីការចូលរួមជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់ ធ្វើឱ្យស្រទាប់អូហ្សូនមានលំនឹង និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
ក្រសួងបានលើកឡើងទៀតថា ក្នុងនាមជារដ្ឋភាគី កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។
ថ្មីៗនេះ កម្ពុជាបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងកំពុងរៀបចំផែនការគ្រប់គ្រងសារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជា បានផ្ដល់សច្ចាប័ននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥ °C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់ សារធាតុនេះ។
«ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សុខភាពសាធារណៈ និងសន្តិសុខថាមពលផងដែរ។ នេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់សេដ្ឋកិច្ចកម្ពុជា និងសម្រាប់ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុសកលផងដែរ»។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន។
សូមជម្រាបថា កន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុគីមីផ្សេងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ជំនាន់មុន ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូ- កាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ ក្រៅពីការបំផ្លាញស្រទាប់អូហ្សូន សារធាតុ ទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅផែនដីផងដែរ៕