គ.ជ.ប បង្គាប់ឱ្យលោក សម រង្ស៊ី និង បុគ្គល ៣៦ រូបផ្សេងទៀតចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត

លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ថតរូបជុំគ្នាកាលពីខែមេសា ឆ្នាំ ២០១៩។ រូបថត Sam Rainsy's Page
លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ថតរូបជុំគ្នាកាលពីខែមេសា ឆ្នាំ ២០១៩។ រូបថត Sam Rainsy's Page

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បានបង្គាប់ ឱ្យលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ចំនួន ២០ លានរៀល និងបក្ខពួកចំនួន ៣៦ នាក់ផ្សេងទៀត ក្នុងម្នាក់ ១០លានរៀលពាក់ព័ន្ធបទល្មើសដែលបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យ ដាច់ដោយឡែកពីគ្នា ចំនួន ៣៧ ច្បាប់ ទៅកាន់ក្រុមប្រឆាំងទាំងនោះ ចំនួន ៣៧ នាក់ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ជាក់ថា «ក្នុងករណីមិនបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្តតាមកាលកំណត់នេះ គ.ជ.ប នឹងអនុវត្តនីតិវិធី ទាមទារប្រាក់ពិន័យតាមមាត្រា ១៦៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។

បើតាមសេចក្តីបង្គាប់នេះ បុគ្គលទាំង ៣៧ រូបនោះ រួមមានឈ្មោះ សម រង្ស៊ី, សេង ម៉េងប៊ុនរ៉ុង, សោ ចាន់ដេត, គង់ សភា, ហេង ដាណារ៉ូ, គឹម សុខ, ឆាំ ឆានី, មូរ សុខហួរ, ឡុង រី, ហូរ វ៉ាន់, អេង ឆៃអ៊ាង, នុត រំដួល, រិន រដ្ឋ, តាន់ រិទ្ធី, ឆឺយ ឧត្តមរស្មី, នាង សុឃុន, ឆាំ សុភាន់, ម៉ៅ វិបុល, ខាត់ សំណាង, ម៉ាក់ វណ្ណនី, លួន សុវ៉ាត,អូនពៅ, ផន ផាន់ណា, ថន ស្តើង, នូ សុធា, សាដាត សាម៉ាតធី, ម៉ោញ សារ៉ាត, ហៃ វណ្ណា, សុត ស៊ីឡូត, ហេង គឹមឡាយ, សែម សម្បត្តិ, ង៉ា រឿង, ឈុន វាន, សេង រតនា, ស សុខេម, សួង នាគព័ន្ធ, ឡេង សុធារី, និង ប៉ែន ប៊ុនថន។

បើតាម គ.ជ.ប ការបង់ប្រាក់ពិន័យនេះ ត្រូវធ្វើឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ឬនៅ ទីស្ដីការ គ.ជ.ប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតបង្គាប់នេះ។

លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បញ្ជាក់ថា ករណីដែលជនល្មើសទាំង ៣៧ នាក់ខាងលើ នេះ មិនព្រមបង់ពិន័យតាមការសម្រេចនេះទេ គឺ គ.ជ.ប នឹងរៀបចំលិខិតទៅតុលាការ ដើម្បីឱ្យអនុវត្តទៅតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដែលតម្រូវឱ្យជនដែលប្រព្រឹត្តល្មើសនេះបង់ប្រាក់ពិន័យ។

លោកថ្លែងថា៖ «អ៊ីចឹង! តុលាការ នឹងបង្គាប់ឱ្យបុគ្គលដែលប្រព្រឹត្តល្មើសនេះ បង់ប្រាក់ពិន័យទៅតាមនីតិវិធីរបស់តុលាការ។ នេះ ជាខ្លឹមសាររួមនៃមាត្រា ១៦៦ ដែលអនុញ្ញាតឱ្យ គ.ជ.ប ធ្វើលិខិតទៅតុលាការ ដើម្បីចាត់វិធានការ ឱ្យជនប្រព្រឹត្តល្មើសឱ្យអនុវត្តការបង់ពិន័យ ហើយតុលាការ នឹងយោងទៅលើសេចក្តីសម្រេចរបស់គ.ជ.ប»។

លោក អេង ឆៃអ៊ាង ដែលកំពុងនៅក្រៅប្រទេស បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា៖ « យើងខ្ញុំ រីករាយក្នុងការបង់ប្រាក់ពិន័យនេះ... ។ ដូច្នេះសូមលោក ទេព នីថា ចាត់តំណាងរបស់លោក មកទទួលប្រាក់ពិន័យនេះ ពីយើងខ្ញុំតាមការគួរ»។

សូមបញ្ជាក់ថា លោក សម រង្ស៊ី និងបក្ខពួក ៣៦នាក់ទៀត ដែលខ្លះនៅក្រៅស្រុក និងខ្លះទៀត នៅក្នុងស្រុក ត្រូវបានគ.ជ.ប បង្គាប់ផាកពិន័យនេះ ដោយសារតែល្មើសនឹងច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោត ហើយបើទៅបោះឆ្នោត ត្រូវគូសសញ្ញាខ្វែងលើសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

Content image - Phnom Penh Post

ព័ត៌មានថ្មីៗ