ក្រសួង​បរិស្ថាន និងកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា បានបង្ហាញជំហរ​ធ្វើការរួមគ្នា​ក្រោមគម្រោង​សំខាន់ៗ​ជាច្រើន ក៏ដូចជា​សេដ្ឋកិច្ចចក្រា និងការអភិវឌ្ឍ​សហគមន៍ ដើម្បីរួមចំណែក​ការពារ​បរិស្ថាន និងកាត់បន្ថយ​ភាពប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា។


ការបង្ហាញ​ជំហរនេះ ធ្វើឡើង​ក្នុងឱកាស រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បានអនុញ្ញាត​ឱ្យលោកស្រី Alissar Chaker នាយក​កម្មវិធី​អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា និងសហការី​ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ នៅទីស្តី​ការក្រសួង​បរិស្ថាន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមហ្វេសប៊ុក​ផ្លូវការ​របស់ក្រសួង​បរិស្ថាន ក្នុងជំនួបនោះ លោកស្រី Alissar Chaker បានជម្រាប​ជូននូវ​កម្មវិធី​សំខាន់ៗ ដែលបាន​និងកំពុង​សហការជាមួយ​ក្រសួង​បរិស្ថាន ក្នុងនោះរួមមាន​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា គម្រោងការទប់ស្កាត់​សំណល់​ប្លាស្ទិកសមុទ្រ​នៅ​កម្ពុជា ការគ្រប់គ្រង​ធនធាន​ធម្មជាតិទៅក្នុង​តំបន់ទេសភាព​នៃព្រៃ​ធម្មជាតិ និងផលិតភាព​ធម្មជាតិ​នៅតំបន់​ភាគខាងជើង​នៃប្រទេស​កម្ពុជា។


ជាមួយគ្នានេះ UNDP ក៏បាននិងកំពុងរៀបចំ​​កម្មវិធី​សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៩ ដែលផ្តោត​ជាសំខាន់​លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍ​សហគមន៍ តាមរយៈ​គម្រោង REDD និងការប្រែប្រួល​អាកាសធាតុ ដែលនឹង​បន្ស៊ីគ្នាជាមួយ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល។

ប្រភពដដែល​បញ្ជាក់​ថា៖«លោកស្រី​បានបញ្ជាក់​ជាថ្មី​ថា UNDP នឹងបន្ត​សហការជាមួយ​ក្រសួង​បរិស្ថាន​បន្ថែមទៀត​ក្នុងវិស័យ​បរិស្ថាន ជាពិសេស​ពិភាក្សាលើការងារ បន្ទាប់ពី​បញ្ចប់​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី៣» ។


ក្នុងឱកាសនោះ​លោក អ៊ាង សុផល្លែត បានស្វាគមន៍ កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​បរិស្ថាន និងកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ដោយជំរុញឱ្យ​មានកិច្ចសហប្រតិបត្តិការ​ក្នុងភាពជាដៃគូ​បន្ថែមទៀត​លើយុទ្ធសាស្រ្ត​ចម្បងៗ​របស់ក្រសួង ដើម្បី​សម្រេច​បានការអនុវត្ត​ផែនការយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល។

លោកក៏បានជំរុញ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​រៀបចំ​យុទ្ធសាស្រ្តរួម ដើម្បី​កិច្ចការពារបរិស្ថាន និងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ លោករដ្ឋមន្រ្តី​បញ្ជាក់ជូន​ថា៖«ការងារ​អាទិភាព​របស់​ក្រសួង ជាពិសេស គឺការបង្កើត​របៀង​អេកូទេសចរណ៍​​​វប្បធម៌ ផ្សារភ្ជាប់​ពីតំបន់​អេកូទេសចរណ៍​មួយទៅតំបន់​អេកូទេសចរណ៍​មួយទៀតនៃ​តំបន់ការពារ ការបង្កើន​គម្របព្រៃ តាមរយៈ​ការដាំឈើ ដែលក្រសួងមាន​មហិច្ឆតា​ផ្តល់កូន​ឈើ ១ លាន​ដើម ជូនប្រជាពលរដ្ឋ សម្រាប់​ដាំដុះដោយមិនគិតថ្លៃ»។

គួរជម្រាប​ថា បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​បើកយុទ្ធនាការ​កាត់បន្ថយ​ប្លាស្ទិកនៅតាម​សាលារៀន​ទូទាំង​ប្រទេស​កម្ពុជា ដែលមាន​ការអបអរសាទរ និងចូលរួម​យ៉ាងច្រើន​ពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ៕