​ភ្នំពេញៈ​​​​ គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​នៃ​អង្គការ​យូ​ណេស្កូ (UNESCO) ​នា​ថ្ងៃទី ​១៧ ​ខែកញ្ញា ​បាន​ចុះ​រមណីយ​ដ្ឋាន​ប្រា​សាទ ​កោះ​កេរ​ ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោ​ក​ក្នុងស​ម័យ​ប្រជុំ​លើក​ទី ​៤៥ ​រប​ស់ខ្លួន នៅ​ឯ​ទីក្រុង​រី​យ៉ា​ដ (Riyadh) ប្រទេស​អារ៉ាប៊ី​សាអ៊ូ​ឌីត​។​


​ហ្វេ​ស​ប៊ុ​ក​យូណេ​ស្កូ​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹង​ថា​៖«​អបអរ​សាទរ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​បញ្ជី​តំបន់​ប្រា​សាទ​កោះ​កេរ​៖ ​​រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​លិង្គ​បុ​រៈ​ឬ​ឆោ​ក​គគីរ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​!»​។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​ថា​៖«​អង្គការ​យូណេស្កូ​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​ផ្នែក​ប្រវត្តិ​សាស្ត្រនិង​ស្ថា​បត្យក​ម្ម​ពិសេស​នៃ​រមណីយ​ដ្ឋាន​បុរាណវិ​ទ្យា​កោះ​កេរ​និង​តម្លៃ​ជា​សកល​ដ៏​លេច​ធ្លោ​របស់ខ្លួន​ដែលជា​កិត្តិយស​ដល់​កេរ​ដំណែល​ដ៏​យូរអ​ង្វែង​នៃ​អរិយ​ធម៌​ខ្មែរនិង​ការខិត​ខំ​ប្រឹងប្រែ​ង​រប​ស់​ប្រទេស​កម្ពុជា​ដើម្បី​ការពារ​រតន​សម្បត្តិរ​បស់​ខ្លួន​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ​»​។​


​លោកនា​យក​រដ្ឋមន្ត្រីហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​តាម​រយៈ​សារលិខិត​​ថា ថ្ងៃទី​១៧ ​ខែកញ្ញា ឆ្នាំ​២០២៣ បា​ន​ក្លាយជា​​ទិវា​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ​ទៀត​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​ ដោយ​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភពលោ​ក​នៃ​អង្គការ​យូណេ​ស្កូ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ «​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​» ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​តាម​សំណើ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​

​លោក​ថ្លែង​ថា​៖ «​ព្រឹ​ត្ត​ិការណ៍​ថ្មី​នេះ គឺជា​មោទន​ភាព​មួយទៀ​តសម្រាប់​ប្រជា​ពលរដ្ឋ​ និង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​យើង​ដែល​កេរ​មរតក​វប្បធម៌​អតីត​រាជ​ធានី​​ខ្មែរ​បុរាណ ​ឆោ​កគ​គ៌​រ្យ ឬលិង្គ​បុ​រៈ ហើយ​បច្ចុប្បន្ន​ហៅ​ថា កោះ​កេរ កសាង​ក្នុង​សត​វត្សរ៍​ទី​១០(៩២៨-​៩៤៤) ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ និង​បុព្វ​បុរស​ខ្មែរ ​ត្រូវបាន​ក្រុម​ប្រឹក្សា​អន្តរ​ជាតិ ​ស្តីពី​ប្រាង្គ​ប្រា​សាទ ​និង​រមណីយ​ដ្ឋាន ​(ICOMOS) ទទួល​ស្គាល់​ថា​ជា​កំពូល​ស្នាដៃ​ដ៏​មហ​ស្ចារ្យ​នៃ​ស្ថាបត្យ​កម្ម​ខ្មែរ និង​មាន​តម្លៃ​លេច​ធ្លោ​ជាស​កល​ដែល​ចាំ​បាច់​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​»​។​


​លោក​បន្តថា​ ដូច​ករណី​មុនៗ​ដែរ ការស្នើ​សុំ​ចុះ «​រមណីយដ្ឋា​ន​ប្រា​សាទ​កោះ​កេរ​» ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ គឺជា​លទ្ធផល​នៃ​កិច្ច​ដំណើ​រការ​ងារ​ដ៏​យូរ ​និង​លំបាក​ស្មុគ​ស្មាញ ដោ​យមាន​​ការចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន​ ជាពិសេ​ស​ការរៀប​ចំឯ​ក​សារ ការ​ត្រួតពិ​និត្យ និង​វាយ​តម្លៃ​ដោយ​អ្នកជំ​នាញ​ការ​ជា​តិ និ​ង​អន្តរ​ជាតិ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុងដំណា​ក់​កាល​ដែល​កម្ពុជា និង​ពិភព​លោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹ​ង​ជំងឺ​កូ​វីដ​១៩​។

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​ដំណើរការ​ដ៏​ស្វិត​ស្វាញ​នេះ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ឆន្ទៈ​ដ៏​មោះមុ​ត​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការ​បញ្ជាក់​ពី​តម្លៃ​ដ៏​មហា​សាល​នៃ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ជា​ពិសេស​សម្រេច​ឱ្យ​បាន​នូវ​ការ​ចុះប​ញ្ជី «​រមណីយ​ដ្ឋាន​ប្រា​សាទ​កោះ​កេរ​» ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោកសម្រាប់​ជា​សម្បត្តិ​មនុស្ស​ជាតិ​ទាំង​មូលនិង​ការ​ពង្រឹង​មោទនភាព​ជាតិ​»៕