ព្រះវិហារៈ រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្ពុជាស្នើសុំចុះបញ្ជីទៅអង្គការយូណេស្កូកាលពីឆ្នាំ ២០២១ ត្រូវបានស្ថាប័ននេះ ព្រមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារជូនជនរួមជាតិដោយលោកសង្កត់ធ្ងន់ថា ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្ដីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី ៤៥ របស់អង្គការយូណេស្កូ នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីតតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទនភាពមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណឆោកគគ៌រ្យ ឬលិង្គបុរ បច្ចុប្បន្នហៅថា កោះកេរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការអន្តរជាតិនៃក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋានប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ ២០២១។
រហូតដល់ខែមីនា ឆ្នាំ ២០២២ ទើបសម្រេចទទួលយកសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចចុះ«រមណីយដ្ឋានប្រាសាទកោះកេរ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បន្តថា ៖ «មហាសមិទ្ធផលនេះ ជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀត របស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោហ៊ុន សែន ក្នុងការស្វះស្វែងយកការបង្រួបបង្រួមជាតិរួមទាំងការអភិរក្ស អភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីជាកេរមរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូន
អ្នកជំនាន់ក្រោយថែមទៀតផង»។
នាឱកាសនេះ លោក ហ៊ុន ម៉ាណែត ក៏បាន«កោតសរសើរដោយស្មោះ និងមូលវិចារណ៍ដ៏ថ្លៃថ្លា»ជូនចំពោះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈសមាជិកគណៈប្រតិភូកម្ពុជាគ្រប់រូប ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា និងស្មារតីពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវការចុះ«រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរដែនដីខេត្តព្រះវិហារ និងស្ថាប័ននានាត្រូវពង្រឹងឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោកនាយករដ្ឋមន្ត្រី ក៏ណែនាំដល់គ្រប់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ៧ ព្រឹកនាថ្ងៃទី ២០ ខែកញ្ញា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗផងដែរ។
ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam ក៏បានសម្តែងការអបអរសាទរដល់ប្រទេសកម្ពុជា ផងដែរ ចំពោះសមិទ្ធផលនេះ។ លោកមានប្រសាសន៍តាមរយៈសេចក្តីប្រកាសថា៖ «ការចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយបញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីការពារ និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក Sardar Umar Alam បន្តថា៖«ដូចដែលយើងអបអរសាទរ សមិទ្ធផលនេះបើកទ្វារដល់ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ជីវភាពរស់នៅ។ អង្គការយូណេស្កូនឹងបន្តសហការគ្នាជាមួយប្រទេសកម្ពុជាសម្រាប់ការអភិរក្សទីតាំង រួម-ទាំងតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ និងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរទៅកាន់ពិភពលោកបន្ថែមទៀត»។
ចំណែក សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រលោក សំបូរ មាណ្ណារ៉ា បានថ្លែងនៅថ្ងៃទី ១៧ ខែកញ្ញាថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបញ្ហាការកសាង និងការពារ ព្រមជាមួយនឹងការទទួលយកនូវការគាំពារពីអន្តរជាតិ ពិសេសអង្គការយូណេស្កូ ទើបរមណីយដ្ឋានកោះកេរ ដែលជាផ្នែកមួយសំខាន់នៅក្នុងសតវត្សរ៍ទី១០ នៃ គ.ស ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក។
លោកថ្លែងថា៖«សម្រាប់ខ្ញុំនៅពេលរាជរដ្ឋាភិបាលធ្វើកិច្ចការនេះបាន គឺជាមោទនភាពរបស់ជាតិយើង ជាមោទនភាពរបស់រាជរដ្ឋាភិបាលមោទនភាពរបស់សង្គមនៃប្រជាជាតិទាំងអស់ នៃពិភពលោក។ យើងមានស្នាដៃបុព្វបុរសខ្មែរ ត្រូវបានបរទេសគេបានយកចិត្តទុកដាក់ យើងជាមនុស្សខ្មែរ កូនខ្មែរ យុវជនខ្មែរ គួរដឹកដៃគ្នា នាំគ្នាសិក្សាអំពីអ្វីដែលជារបស់ខ្មែរឱ្យបានច្រើនដើម្បីទុកជាកេរដំណែល គំនិត និងចំណេះដឹងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ»។
លោកសាស្ត្រាចារ្យបានចាត់ទុកថា ការដាក់បញ្ចូលជាបេតិកភណ្ឌនេះ មានតែអរគុណចំពោះរាជរដ្ឋាភិបាលក្នុងការប្រឹងប្រែង ពិសេសក្រសួងវប្បធម៌ ដែលបានប្រឹងប្រែងដើម្បីបង្កើតឱ្យមានការទទួលស្គាល់ និងការគាំពារពីអន្តរជាតិតាមរយៈអង្គការយូណេស្កូ។
សូមបញ្ជាក់ថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕