កំពង់ឆ្នាំងៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ណែនាំឱ្យមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង រៀបចំថ្នាលបណ្តុះកូនឈើ ដោយបណ្តុះឱ្យបាន ១ឆ្នាំ ១០ ម៉ឺនដើម សម្រាប់ចែកជូនដល់សាធារណជនហើយលោកក៏ស្នើឱ្យពង្រឹងកិច្ចសហការជាមួយស្ថាប័ននានាក្នុងគម្រោងកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀនផងដែរ។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានបានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញាថា លោករដ្ឋមន្រ្តីណែនាំដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ឆ្នាំង។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា ៖ «យើងសូមស្នើឱ្យមន្ទីរបរិស្ថាន ត្រូវរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើឱ្យបាន ១ឆ្នាំ ១០ ម៉ឺន ដើម សម្រាប់ចែកជូនដល់សាធារណៈជន យកទៅដាំតាមមូលដ្ឋានរបស់ពួកគេបន្ត»។
ដើម្បីពង្រឹងសក្តានុពលបរិស្ថានខេត្តកំពង់ឆ្នាំងលោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់បន្តអនុវត្តការងារអាទិភាព ក្នុងនោះរួមមានការចូលរួមចំណែកថែរក្សាបរិស្ថាន ដោយគ្រប់គ្រងប្លាស្ទិក នៅតាមបណ្តាសាលារៀន តំបន់រមណីយដ្ឋាន និងទីសាធារណៈសំខាន់ៗមួយចំនួននៅក្នុងខេត្ត។
លោកបានលើកឡើងថា ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងប្រែក្លាយតំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យទៅជារបៀងទេសចរណ៍កាន់តែមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរ មកកាន់តំបន់រមណីយដ្ឋាននៅក្នុងខេត្តកាន់តែច្រើន និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមកផងដែរ។
លោកបញ្ជាក់ថា៖«ការអនុវត្តបែបនេះ គឺជាភាពវៃឆ្លាតក្នុងការបំពេញការងារខណៈមន្ទីរយើងមានគ្នាតិច ហើយចង់សម្រេចបានលទ្ធផលធំ និងលឿនរហ័ស គឺត្រូវជំរុញឱ្យប្រជាពលរដ្ឋជួយ និងសហការជាមួយមន្ទីរ ទើបការងារទទួលបានលទ្ធផលល្អ»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងលោក ម៉ន ផល្លា មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣។
ទន្ទឹមនឹងនេះដែរ ពាក់ព័ន្ធនឹងគម្រោងកាត់បន្ថយប្លាស្ទិកតាមសាលារៀន ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា មានសាលាចំនួន ២៨ និងសិស្សចំនួន ១៤ ៤១២នាក់ បានចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក»។
លោក អ៊ាង សុផល្លែត បានថ្លែងថា៖«ក្នុងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗជាទីស្រឡាញ់ទាំងអស់ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»។
លោកបញ្ជាក់ថា ការចូលរួមរបស់គ្រប់ភាគីនាពេលនេះ នឹងជួយធ្វើឱ្យបរិស្ថានប្រទេសកម្ពុជាស្រស់ស្អាត គ្មានជាតិពុល ដែលជាទីមនោរម្យសម្រាប់ខ្មែរគ្រប់រូប។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ សូមជួយជំរុញយុទ្ធនាការនេះឱ្យបានកាន់តែផុលផុសបន្ថែមទៀត ខណៈគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា មានតែនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះដែលបានចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
លោក ហែម សុភេម ស្ថាបនិកនិស្សិតប្លាស្ទិក បានថ្លែងថា កន្លងមក លោកមិនត្រឹមតែសម្អាតសំរាមនោះទេតែមានទាំងក្រុមយុវជនជាសិស្សវិទ្យាល័យមួយចំនួន ក៏បានចូលរួមផងដែរ ក្នុងនោះមួយក្រុមដើរសម្អាតសំរាមនិងប្លាស្ទិក និងមួយក្រុមទៀតអប់រំប្រជាពលរដ្ឋតាមផ្ទះ ហើយលោកក៏សង្ឃឹមដែរថា ការធ្វើនេះនឹងបញ្ឈប់ការចោលសំរាមពាសវាលពាសកាល។
សូមរំឭកថា ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយចាប់ផ្តើមដំបូងគេចេញពីសាលារៀននៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕