​ភ្នំពេញៈ ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស ​១​ ពាន់​នាក់ បាន​ស្លាប់ និង​ជាង ២ ៧០០​ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៨ ​ខែ ដើមឆ្នាំ​ ២០២៣ ​នេះ ដែល​អត្រា​នេះ​ថយចុះ ​៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ យោងតាម​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ពិធី​បើក​យុទ្ធនាការ ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។


​យោងតាម​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ស្រង់​សម្ដី លោក ប៉េង ពោធិ៍​នា បាន​ថ្លែងថា ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំ​ ២០២៣​ នេះ គ្រោះថ្នាក់​ច​រា​ចរណ៍​ផ្លូវគោក បាន​កើតមានឡើង​ចំនួន​ ២ ១២៦​ លើក​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១ ០១៥ ​នាក់ របួសធ្ងន់ ​១ ៧៧៥​ នាក់ និង របួសស្រាល ១០១៦ ​នាក់​។​ក្នុងចំណោម​អ្នករងគ្រោះ​ទាំងនោះ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​។

​លោក ប៉េង ពោធិ៍​នា បាន​បញ្ជាក់ថា៖ «​គ្រោះថ្នាក់​ច​រា​ចរណ៍​ជា​បញ្ហា​សុខភាព​សា​​ធា​រណៈ​ដែល​ទាមទារ ឱ្យមាន​ការដោះស្រាយ​ជាបន្ទាន់ ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅតែមាន​តួលេខ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បានធ្វើឱ្យ​កម្ពុជា​ខាតបង់​ថវិកាជាតិ​ប្រ​មាណ​ជាង ៤០០ ​លាន​ដុល្លារ​អាមេរិក ក្នុង ​១ ​ឆ្នាំ ដោយ​មិនទាន់​គិតពី​ផលវិបាក​សង្គម​នានា​ជាច្រើន​ទៀត​»​។​


​នា​ពិធី​នោះដែរ លោក ពិន​ ប្រាកដ អភិបាលរង​ខេត្តសៀមរាប ក៏បាន​ថ្លែង​ដែរ​ថា កត្តា​កំណើន​មធ្យោបាយ​យានយន្ត​ការនិយម​ប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន​ច្រើន​ការប្រើប្រាស់​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បាន​ត្រឹមត្រូវ គួបផ្សំ​កត្តា​មួយចំនួនទៀត​បាន​បង្កើត​ឱ្យមាន​ជា​បញ្ហា​ប្រឈម ដូចជា​ការកកស្ទះ​ចរាចរណ៍ និង​ការកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។​

​លោក​អភិ​បាន​រង​ខេត្ត​សៀម​រាប​ថា ការ​ប្រារព្ធ​យុទ្ធនាការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់បំផុត គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ​ឱ្យ​យល់ដឹង​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ច​រា​​ចរណ៍ និង​ត្រូវ​យកចិត្តទុកដាក់​គោរព​ច្បាប់​ស្តីពី​ច​រា​ចា​រណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​នៅ​កម្រិត​ទាប​។​


​លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP) ប្រចាំ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​អ្នកស្លាប់ និង​អ្នករងរបួស​នៅមាន​ចំនួន​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ បើទោះបីជា​ការប្រៀបធៀប​កាលពី​ឆ្នាំ​ ២០២២​ មាន​សញ្ញាណ​ថយចុះ​ក៏ដោយ​។​

​លោក​ គឹម បញ្ញា បាន​ថ្លែងថា​៖ «​នៅក្រោយ​ការស្លាប់ ការរង​របួស​នេះ គឺជា​សោក​នាដកម្ម ការឈឺចាប់​ដែល​កើតចេញពី​ការបាត់បង់ ការខាតបង់​នូវ​ធនធានមនុស្ស ថវិកា និង​ការបាត់បង់​ជន​បង្គោល​ដែលជា​អ្នករក​ចំណូល​សម្រាប់​ក្រុមគ្រួសារ​»​។​

​លោក គឹម បញ្ញា ថ្លែង​បន្តទៀត ថា តួលេខ​នៃ​គ្រោះថ្នាក់​នេះ​បង្ហាញថា កម្ពុជា​ចាំបាច់​ត្រូវ​ចាត់វិធានការ​ឱ្យបាន​កា​ន់​តែ​ខ្លាំង​ដើម្បី​កាត់បន្ថយ​ការរង​គ្រោះ និង​សោកនាដកម្ម ព្រមទាំង​បញ្ហា​ប្រឈម​ការលំបាក​ដែល​កើតចេញពី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ​។

​លោក គឹម បញ្ញា បាន​ថ្លែងថា​៖ «​វិធាន​ការដែល​យើង​ត្រូវធ្វើ​គឺ​ត្រូវ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យមាន​ការចូលរួម​ពី​អ្នក​ពាក់​ព័ន្ធ ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ឱ្យបាន​តឹងរ៉ឹង ទូលំទូលាយ ឱ្យបាន​ជាប់លាប់​ទាំងថ្ងៃទាំងយប់ និង​ត្រូវអនុវត្ត​ឱ្យបាន​ស្មើភាព និង​ភាព​ត្រឹម​ត្រូវ និង​ត្រូវ​ឱ្យមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​ផងដែរ​»​។​

​មន្ត្រី​ជំនាញ​រូបនេះ​បាន​ថ្លែង​បន្ថែមទៀតថា ការពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ មិន​​មែន​ចង់ឃើញ​ប្រជាពលរដ្ឋ​ត្រូវបាន​ទទួលរង​ការផាកពិន័យ​នោះទេ តែ​ចង់ឃើញ​ប្រជា​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ដោយ អ្នកជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ហើយ​អ្នកជិះ​រថ​យន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​៕