ភ្នំពេញៈ ក្នុងឱកាស​ទិវា​មនុ​ស្សគ​-​ថ្លង់​កម្ពុជា​លើក​ទី​១១ ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​វិនិយោគ និង​យកចិត្ត​ទុក​ដាក់​លើកស្ទួយ​សុខុមាលភាព​ជនពិការ​ភាព ពិសេស​មនុ​ស្សគ​-​ថ្លង់ ដើម្បី​បង្ហាញ​ពី​ការផ្តល់​សិទ្ធិ​ក្នុងការ​ចូលរួម​ដោយ​ឥត​រើស​អើ​ង និង​ជាការ​លើកស្ទួយ​តម្លៃ​មនុ​ស្សគ​-​ថ្លង់​នៅ​កម្ពុជា​។​


​ការអំពាវនាវ​នេះ ធ្វើឡើង​នាឱកាស​ដែល​កម្ពុជា​បានរៀបចំ​ទិវា​មនុ​ស្សគ​-​ថ្លង់​កម្ពុជា​លើក​ទី១១ និង​អន្តរជាតិ​លើក​ទី៦៦ ឆ្នាំ ២០២៣ ក្រោម​ប្រធានបទ «​បរិ​យា​ប័ន្ន​ការងារ​សម្រាប់​មនុស្ស​គ​-​ថ្លង់ ដើម្បី​ការអភិវឌ្ឍ​»​ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ក្រោម​អធិប​តី​ភាព​លោក ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅ​ទីស្តីការក្រសួង​។​

​ទិវា​នេះ មានការ​ចូលរួម​ពី​ឥស្សរជន​តំណាង​ក្រសួង ស្ថាប័ន អភិបាលរង​រាជធានី​-​ខេត្ត អង្គ​​ការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ មនុ​ស្សគ​-​ថ្លង់ និង​ជន​មាន​ពិការ​​ភាព​សរុប​ចំនួន​ប្រមាណ ៤០០ ​នាក់​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច​។​


​លោក ជា សុ​មេធី ថ្លែងថា ការរៀបចំ​ទិវា​នេះ​ឡើង គឺជា​ការ​ផ្តល់ឱកាស ជួបជុំគ្នា​ក្នុង​ ១ ​ឆ្នាំ​ម្តង​រវាង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​អ្នក​គ​-​ថ្លង់ ដែលជា​ការបង្ហាញ​ពី​ការផ្តល់​សិទ្ធិ​ក្នុងការ​ចូលរួម​ដោយ​ឥត​រើសអើង និង​ជាការ​លើក​ស្ទួយ​តម្លៃ​របស់​ពួកគេ​ផងដែរ​។​

​លោកថ្លែងថា​៖ «​រាជ​រដ្ឋា​ភិ​បាល​បាន​យល់ច្បាស់​ពី​តម្រូវ​​ការ​បញ្ហា​ប្រឈម​នានា​របស់​ជន​មាន​ពិការភាព ពិសេស​បងប្អូន​ក្រុមគ្រួសារ​មនុ​ស្សគ​-​ថ្លង់​»​។


​លោក ជា សុ​មេធី បាន​បន្តថា​៖ «​ឈរលើ​បរិការណ៍ និង​ស្មារតី​ទទួលខុសត្រូវ​នេះ រាជ​រដ្ឋា​ភិ​​បាល​នីតិកាល​ទី​ ៧​ ដែល​ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​ ១ ដែល​គ្របដណ្តប់​ទៅលើ​កិច្ចការងារ​»​។​

​លោក ជា សុ​មេធី ថ្លែងថា ជារួម​ការវិនិយោគ​ជា​មួយ​ជន​មាន​ពិការភាព​លើ​ការអប់រំ បណ្ដុះ​​បណ្ដាល​ជំនាញ ជា​ទុន​ដ៏​សំខាន់​សម្រាប់​ផ្តល់​ធនធានមនុស្ស ការលើកកម្ពស់ និង​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​មានលទ្ធភាព​ទទួលបាន​ការងារ មុខរបរ មាន​ប្រាក់កម្រៃ​កាន់តែ​ប្រសើរឡើង ពិសេស​គឺអាច​រស់នៅ​បាន​ដោយ​ឯករាជ្យ ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា​។ លោក​ក៏បាន​ថ្លែង​ដោយ​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់​បន្ត​យកចិត្ត​ទុក​ដាក់ លើកស្ទួយ សុខុមាលភាព​ជន​មាន​ពិការភាព ពិសេស​មនុស្សគ​-​ថ្លង់​នៅ​កម្ពុជា ដោយ​ប្រែក្លាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព និង​ឯកសារ​គតិយុត្តិ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ពិការ​ភាព​ឱ្យ​ក្លាយជា​ការពិត​។

​លោក ឯម ច័ន្ទ​មករា រដ្ឋលេខា​​ធិ​ការ​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការបាន​ថ្លែងថា ការរៀបចំ​ទិវា​មនុ​ស្សគ​-​ថ្លង់ ជាការ​បង្ហាញឱ្យឃើញ​ពី​ការគិត​គូរ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋា​​ភិ​បាល សាធារណជន សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ ដើម្បី​លើកទឹកចិត្ត និង​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ព្រមទាំង​បង្កើន​ការលើកកម្ពស់​សិទ្ធិ និង​សេរីភាព​របស់​អ្នក​គ​-​ថ្លង់​នៅលើ​ពិភពលោក​។​

​យោងតាម​ក្រសួង​សង្គមកិច្ច​បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​ ៣៧ មាន​ជន​មាន​ពិការ​ភាព​ចំនួន ៣ ៧៤៨ ​នាក់ ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ៨៦២ នាក់ ជន​មាន​ពិការភាព​កម្រិតធ្ងន់​ចំនួន ២ ២៦០ ​នាក់ បើ​គិត​ជា​ភាគរយ​មាន​ចំនួន​ជាង ២%​។ ដោយឡែក វិស័យ​ឯកជន​រួមមាន ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ ដែល​បានប្រកាស​ចុះ​ប​ញ្ញិ​កា និង​ទទួលបាន​វិញ្ញាបនបត្រ​លើ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ទូទាំងប្រទេស​មាន​ចំនួន ២៩១ ​គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមាន​ជន​មាន​ពិការភាព ចូល​បម្រើ​ការងារ​ចំនួន ៥ ៨៣៩ ​នាក់ ស្ត្រី​មាន​ពិការភាព ៣ ៨៣៦ ​នាក់ សរុប​ទាំង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ទូទាំងប្រទេស​មាន​ចំនួន​ជន​មាន​ពិការភាព ៩ ៥៨៧​ នាក់​កំពុង​បម្រើ​ការងារ​។​

​អង្គការសហប្រជាជាតិ​បានកំណត់​យក​ថ្ងៃទី​ ២៣ ខែកញ្ញា ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​មនុ​ស្សគ​-​ថ្លង់​អន្តរជាតិ ដែលជា​ការទទួលស្គាល់​ពី​សារៈសំខាន់​នៃ​មនុ​ស្សគ​-​ថ្លង់ ដែលជា​សមាស​ភាព​ធនធានមនុស្ស និង​មិន​ត្រូវបាន​មើលរំលង​ដើម្បី​ឈានទៅ​សម្រេច​ឱ្យខាងតែបាន នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ពិសេស​ជាការ​បំពេញ​តាម​ការសន្យា​របស់​រដ្ឋ​ជា​ភាគី នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព និង​ស្របតាម​ទិស​ស្លោក «​មិន​ទុកឱ្យ​នរណាម្នាក់​នៅ ដាច់ដោយឡែក​»​។​

​ទិវា​នេះ​ផ្តល់ឱកាស​ដើម្បី​គាំទ្រ​និង​ការពារ​អត្តសញ្ញាណ​ភាសា​សញ្ញា​និង​ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​អ្នកប្រើប្រាស់​ភាសា​សញ្ញា​ទាំង​នៅ​ព្រះ​កម្ពុជា និង​នៅលើ​ពិភពលោក​៕