ភ្នំពេញៈ​ លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅក្នុង​អាណត្តិ​ទី​៧ នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ នឹង​អាច​ចេញ​ជា​រូបរាង​នៅក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣​នេះ​។​


​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​លោក​បញ្ជាក់ថា ប៉ុន្តែ​ការកើតចេញ​ជា​រូបរាង​ឆាប់ៗ​នេះ ក៏​អាស្រ័យទៅលើ​ការត្រួតពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​របស់​គណបក្ស​នយោបាយ​នីមួយៗ និង​ពេលវេលា​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​ផងដែរ​។​

​លោក​បាន​ថ្លែងថា ៖ «​សម្រាប់​អាណត្តិ​ថ្មី​នេះ មាន​គណបក្សនយោបាយ​ចំនួន ៣០ ក្នុងចំណោម​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​បាន​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ជាង ៤០ គណបក្ស​ដែល​បានដាក់​ពាក្យស្នើសុំ​ចូលរួម​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នា​អាណត្តិ​ថ្មី​នេះ​»​។


​លោក ឈឹម ផល​វរុណ បានបញ្ជាក់​បន្ថែមថា ក្រោយពី​បិទ​បញ្ចប់​ទទួល​ពាក្យស្នើសុំ​ចូលរួម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​របស់​គណបក្សនយោបាយ​ទាំងនេះ លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ពិនិត្យ​លើ​សំណុំ​ឯកសា​របស់​គណបក្សនយោបាយ​ទាំងនោះ​រួចរាល់ និង​បាន​បញ្ជូនទៅ​ខុទ្ទកាល័យ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត រួចហើយ​ដែរ​កាលពី​ពាក់កណ្តាល​សប្តាហ៍​មុន​ដើម្បី​ពិនិត្យ និង​សម្រេច​។

​លោក​និយាយថា ពេលវេលា​ក្នុងការ​វិនិច្ឆ័យ​សម្រាប់​គណបក្ស​នីមួយៗ ចំពោះ​លក្ខណសម្បត្តិ​ជា​សមាជិក គឺ​អាស្រ័យ​ពេលវេលា​របស់លោក​នាយក​រដ្ឋមន្ត្រី ពីព្រោះ​គណបក្ស​ចូល​រួមមាន​រហូតដល់ ៣០ គណបក្ស​ដូចនេះ មិន​អាចធ្វើ​ប្រញាប់ប្រញាល់​បាន​នោះទេ​។


​លោក​បន្តថា ៖ «​ពេលវេលា​នាយករដ្ឋមន្ត្រី​នៅក្នុង​នីតិកាល​ចាប់ផ្តើម​នេះ គឺ​រវល់​មមាញឹក យើង​ក៏​ពិបាក​នឹង​ពេលវេលា​នេះដែរ គ្រាន់តែ​យើង​មាន​សុ​ទិ​ដ្ឋិនិយម​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​អាច​នឹង​បង្កើតបាន​​នៅក្នុង​ខែកញ្ញា​នេះ បើ​មិន​អ៊ីចឹង​ទេ មានតែ​ទៅ​ខែ​១០ បន្ទាប់​ទៀត​»​។​

​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ចុងខែ​សីហា​កន្លងទៅ ដោយមាន ៧ ជំពូក និង​២១ មាត្រា​៕