​សៀមរាបៈ ក្រុម​អ្នកបច្ចេកទេស នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះ ឃើញ​សំណង់​រចនាសម្ព័ន្ធ​ថ្មី មួយ​គឺ​ការសង់​ជញ្ជាំង​ខឿន​ថ្ម ២​ ជាន់​ត្រួតគ្នា នៅ​រួត​ទី​៣​ នៃ​ប្រា​សាទ​បាយ័ន​។ នេះ​បើ​យោងតាម អាជ្ញាធរ​ជាតិ​អប្សរា​។​


​ការប្រទះឃើញ​សំណង់​ដែល​ខុសប្លែក​ពី​ប្រាសាទបុរាណ​នានា​ទាំងអស់នេះ គឺ​ក្នុងអំឡុង​ពេលដែល​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ប្រាសាទ កំពុង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ​នៅ​រួត​ទី៣ ​នៃ​ប្រាសាទ​។

​ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខឿន​រួត​ទី៣ នៅ​ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណ​លី​លីន មាន​ប្រសា​សន៍​ថា នេះ​ជា​លើក​ទី២ ​ហើយ ដែល​ក្រុម​អ្នកបច្ចេកទេស​រកឃើញ​ថា មានការ​សាងសង់​ខឿន​ប្រា​សាទ​បុរាណ​ត្រួតគ្នា រហូតដល់​ ២ ​ជាន់​នៅ​រួត​ទី​ ៣​ នៃ​ប្រាសាទ​បា​យ័ន ដែល​ខុសប្លែក​ពី​សំណង់​ប្រាសាទបុរាណ​នានា ដោយ​គេ​ឃើញ​សង់​ខឿន​មួយ​ជាន់​រួចហើយ មាន​សង់​ខឿន​មួយទៀត​បន្ថែម​ពី​ខាងក្រៅ ព្រមទាំង​ការប្តូរ​ប្លង់​ស្ថាបត្យកម្ម​ក្នុងអំឡុងពេល​សាងសង់​នោះ​ផង​។


​ក្រុម​អ្នកបច្ចេកទេស​បាន​សង្កេត​ឃើញថា ខឿន​ដែល​សាងសង់​មុន គឺ​អត់​សូវ​មាន​ក្បាច់រចនា​ទេ គឺ​មានតែ​ស្នាម​ដាប់​រំលីង​ថ្ម​តែប៉ុណ្ណោះ ចំណែកឯ​ខឿន​ដែល​សាងសង់​ពង្រីក​ក្រោយ​គឺ​ឃើញ​មាន​ក្បាច់រចនា​ជា​ចម្លាក់​ពងត្រី​យ៉ាង​ស្អាត​។ ក្រុម​ស្ថាបត្យករ បាន​សន្និដ្ឋានថា ការសាងសង់​ខឿន​ប្រាសាទបុរាណ​ថែមថយ​បែបនេះ ប្រហែល​បណ្តាលមកពី​អ្នក​សាងសង់​មានការ​ផ្លាស់ប្តូរ​គំនិត​នៃ​ការ​រចនា​សំណង់​ឱ្យ​កាន់តែ​ស្អាត​ជាង​មុន​។​

​កញ្ញា សុវណ្ណ​លី​លីន បាន​ពន្យល់​ទៀតថា ការប្រទះឃើញ​សំណង់​ប្រាសាទបុរាណ​មាន​ខឿន​ ២​ ជាន់​នេះ គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​បានបង្ហាញ​ឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​សំណង់​ស្ថាបត្យកម្ម​នៅតាម​ប្រាសាទខ្មែរ​បុរាណ​កាន់តែ​បាន​ស្វែងយល់​បន្ថែមទៀត សម្រាប់​ការ​ចងក្រង​ផ្នែក​ស្ថាបត្យកម្ម​សម័យអង្គរ​ទុកជា​ឯកសារ​ឱ្យ​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​៕​