ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​​រាយ លោក សុទ្ធ គឹម​កុល​មុន្នី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ បង្កើន​ការ​​ប្រុងប្រយ័ត្ន​បន្ថែមទៀត ខណៈ​ខេត្ត​ចំនួន​ ៣ កំពុង​ប្រឈម​នឹង​ទឹកជំនន់​។​


​លោក សុទ្ធ គឹម​កុល​មុន្នី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២៣​ ថា បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន ៣ កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់រួម​មាន​៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តកំពង់ធំ ដោយ​លោក​បញ្ជាក់ថា ខេត្ត​ទាំង ​៣ ​នេះ អាច​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​។​

​លោក​ថ្លែងថា​៖ «​កម្ពស់​ទឹក​ក្នុង​ខេត្ត​ទាំង​ ៣​ នេះ មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ គ្រាន់តែ​មានទឹក​ហូរ​ចូលទៅ​កាន់​តំបន់​ទំនាប​ខ្លះ​នៃ​ខេត្ត​រងគ្រោះ​ទាំងនោះ ហើយក៏​មិនទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​អី​ដែរ ហើយ​យើង​ក៏​បានឃើញ​អាជ្ញាធរ​នៅ​ខេត្ត​ទាំងនោះ ចេញ​សេចក្តីជូនដំណឹង​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​រួចរាល់​ហើយ​ដែរ​»​។


​យ៉ាងណាមិញ បើទោះបី​មិនទាន់​ប្រឈម​នឹង​បញ្ហា​គ្រោះទឹកជំនន់​ខ្លាំង​ក៏ពិតមែន លោក​ថា គិត​មកដល់ពេលនេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅតែ​បន្ត​តាមដាន​កិច្ចការងារ​នេះ​ជាប្រចាំ ហើយ​បាន​ត្រៀមលក្ខណៈ និង​វិធានការ ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះទឹកជំនន់​នៅតាម​មូលដ្ឋាន​រួចរាល់​ហើយ​ផងដែរ​។​

​លោក សុទ្ធ គឹម​កុល​មុន្នី បាន​បន្តថា​៖ «​គិត​មកដល់ពេលនេះ យើង​បាន​ត្រៀម​វិធានការ មធ្យោបាយ សម្ភារ និង​ត្រៀម​កងកម្លាំង​អន្តរាគមន៍​ឆ្លើយ​តប​ហើយ​ដែរ គឺ​ខាង​កងទ័ព ក្រុម​​រុករក និង​សង្គ្រោះ សម្រាប់​សង្គ្រោះ​នៅតាម​មូលដ្ឋាន​នីមួយៗ​ចំនួន​ ១៦​ កង ដែលមាន​ប្រមាណ​ជាង ​២​ ពាន់​នាក់ លើសពីនេះ​ក៏មាន​ទាំង​កង​​កម្លាំង​រាជ​អាវុធហត្ថ នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​បញ្ហា​ទឹកជំនន់​នៅ​ទូទាំងប្រទេស​»​។​


​ជាមួយគ្នានេះ អ្នកនាំពាក្យ​ដដែល​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ បង្កើន​ការប្រុងប្រយ័ត្ន ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ត្រៀម​អន្តរាគមន៍​ជួយ​​សង្គ្រោះ​ពលរដ្ឋ ពី​ទឹកជំនន់​ឱ្យបាន​ជាប់​ជាប្រចាំ​ផងដែរ​។​

​លើសពីនេះ លោក សុទ្ធ គឹម​កុល​​មុន្នី ក៏បាន​ជំរុញ​ឱ្យ​កងកម្លាំង​អន្តរាគម​ន៍​ទាំងអស់ ត្រូវ​ត្រៀម​គ្រ​ប់ម​ធ្យោ​​បាយ និង​សម្ភារ ដើម្បី​ចុះ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ ពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ទៅកាន់​ទីទួល​សុវត្ថិភាព និង​ត្រៀមលក្ខណៈ​ដើម្បី​ធ្វើ​ការជួសជុល​ស្ដារឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ដែល​ខូចខាត​ផងដែរ​។​

​រដ្ឋបាលខេត្ត​កំពង់ធំ បានចេញ​សេចក្តីជូនដំណឹង​ផងដែរ​កាលពី​ថ្ងៃទី ​១៧ ខែកញ្ញា ដោយ​លើកឡើងថា ស្ថានភាព​កម្រិត​ទឹកស្ទឹង​សែន​នៅ​ស្ថានីយ​កំពង់ធំ នៅ​រក្សា​កម្ពស់ ១៣,៤១ ម៉ែត្រ​ដដែល ព្រោះ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេ ប៉ុន្តែ​កម្រិត​ទឹក​អាច​នឹង​ឈានដល់​ការប្រកាសអាសន្ន​បើ​មាន​ភ្លៀង ២-៣ ថ្ងៃ​ទៅមុខទៀត​។​

​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ រដ្ឋបាលខេត្ត​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជា​​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សែន ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ងាយ​រងគ្រោះ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ហាម​កូន​​ចៅ​តូចៗ​កុំឱ្យ​ចុះ​លេង​ទឹក និង​ត្រូវ​រៀបចំ​សម្ភារ ឯកសារ​សំខាន់ៗ និង​ស្វែងរក​ទីទួល​សុវត្ថិភាព ដែល​នៅក្បែរ​បំផុត និង​រាយការណ៍​ជា​​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងករណី​មានការ​លិចលង់​ណាមួយ​កើតឡើង​។​

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តក្រចេះ ក៏បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ដងព្រែក​ឱ្យមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​លើ​បញ្ហា​ទឹកជំនន់​ផងដែរ ដោយសារតែ​ស្ថាន​ភាព​ទឹក​នៅក្នុង​ខេត្តក្រចេះ​មានការ​​ហក់​ឡើងដល់​ ១៩,៩៥​ ម៉ែត្រ ហើយ​តាម​ការ​ព្យាករ​ទឹកទន្លេ​មេគង្គ​នៅក្នុង​ខេត្តក្រចេះ​នៅ​ថ្ងៃទី ​១៨ ខែកញ្ញា​នេះ កម្ពស់​ទឹក​បន្ត​ឡើង​ទៀត ហើយ​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ពលរដ្ឋ ពិសេស​គ្រួសារ​ដែល​រស់នៅ​ជាប់​ដ​ង​ទន្លេមេគង្គ ព្រែក ប្រុង​ប្រ​យ័​ត្ន​ឱ្យបាន​ខ្ពស់​ផងដែរ​៕