ក្នុងពេលជាង ៨ ខែ មានអ្នកកើតជំងឺគ្រុនឈាមជិត ២ ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ ៣៤ នាក់

ភ្នំពេញៈ ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាលលោកលាង ឫទ្ធាបានឱ្យដឹងនៅថ្ងៃទី ១៨ កញ្ញាថា កម្ពុជាមានអ្នកកើតជំងឺគ្រុនឈាមជិត ២ ម៉ឺននាក់ក្នុងនោះមានអ្នកស្លាប់ជាង ៣៤ នាក់ ក្នុងរយៈពេលជាង ៨ ខែ ឬរយៈពេល ៣៥ សប្តាហ៍ ឆ្នាំ ២០២៣ នេះ។
លោកបញ្ជាក់ថា ៖ «គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួនជាង ១ ម៉ឺន ៩ ពាន់នាក់ ក្នុងនោះមានស្លាប់ ៣៤ នាក់ដែលចំនួននេះកើនឡើង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២»។
ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ ស្ថានភាពនៃជំងឺគ្រុនឈាម មានការថយចុះ និងអាចគ្រប់គ្រងបានហើយ ប៉ុន្តែក្រសួងសុខាភិបាលនៅតែបន្តក្រើនរំឭកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នពីជំងឺនេះឱ្យបានខ្ពស់។
លោកនិយាយថា៖ «ឆ្នាំនេះ មានការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដោយសារតែ ស្ថិតនៅក្នុងរដូវភ្លៀង ប៉ុន្តែបើគិតត្រឹមរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះឃើញថា មានការថយចុះហើយ ដោយសារតែក្រសួងមានយុទ្ធនាការថ្នាក់ជាតិតាមរយៈការលុបបំបាត់ជម្រកមូស និងចេញយុទ្ធនាការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំសម្លាប់មូស ដល់មូលដ្ឋាននានារបស់ពលរដ្ឋ»។
លោក លាង ឫទ្ធា បញ្ជាក់ទៀតថា បើទោះជាចំនួនករណីគ្រុនឈាមកំពុងថយចុះ តែលោកបានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីជំងឺនេះឱ្យបានខ្ពស់ដោយត្រូវយកចិត្តទុកដាក់ សម្អាតទីធ្លាជុំវិញផ្ទះសំបែង និងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតពិសេសត្រូវការទុកដាក់សម្បកង់ឡាន សម្បកកំប៉ុងឱ្យបានត្រឹមត្រូវ ព្រោះនេះជាប្រភពដង្កូវ និងជម្រកមូសខ្លាដ៏ចម្បង។
លោកបន្ថែមថា៖ «ជំងឺគ្រុនឈាមឥឡូវអាចកើតឡើងបានទាំងប្រុស ស្រី ទាំងចាស់ ទាំងក្មេង ក្រោម ១ ឆ្នាំក៏ឈឺ ៨០ ឆ្នាំក៏ឈឺ។ អ៊ីចឹងកុំព្យាយាមលេបថ្នាំផ្តេសផ្តាសខ្លួនឯង ឬក៏ព្យាបាលពេទ្យដែលគ្មានចំណេះជំនាញច្បាស់លាស់។ ត្រូវរួសរាន់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ ម៉ោងទេ ហើយបើលើសពីនេះ គឺអាចពិបាកក្នុងការព្យាបាល និងអាចគ្រោះថ្នាក់ដល់អាយុជីវិត»។
ពាក់ព័ន្ធនឹងជំងឺគ្រុនឈាមនេះដែរ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលថ្ងៃទី ១៤ ខែកញ្ញា លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញក្តីបារម្ភពីការផ្ទុះឡើងនូវជំងឺគ្រុនឈាម ដោយជំងឺនេះ មានវដ្ដនៃការកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ពី ៥ ទៅ ៦ ឆ្នាំម្ដង។ ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានក្រើនរំឭកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាព និងបង្ការការឆ្លងជំងឺគ្រុនឈាម ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍។
បន្ទាប់ពីទទួលបានសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាមក្នុងរដូវភ្លៀងធ្លាក់។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត បានចុះដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំសម្លាប់មូស ដល់ប្រជាជននៅតាមមូលដ្ឋាន ខ្នងផ្ទះ យានដ្ឋាន សាលា-រៀន និងវត្តអារាម ជាពិសេសនៅតាមទីកន្លែងមានសម្ភារងាយដក់ទឹក ដែលទុកចោលមិនប្រើប្រាស់។
លោក ឫទ្ធា ឱ្យដឹងថា សម្ភារងាយដក់ទឹកមានដូចជាសម្បកកង់ឡាន-ម៉ូតូ សម្បកដប កំប៉ុង ត្រឡោកដូង និងសម្ភារជាច្រើនទៀត ដែលអាចបង្កឱ្យមានការកកើតនៃជម្រកមូសខ្លា។ លោកថា៖ «ត្រូវកប់ ឬដុតចោល និងរៀបចំកុំឱ្យមានទឹកដក់ដើម្បីចូលរួមលុបបំបាត់ និងទប់ស្កាត់ការកកើតសត្វមូស ស្របនឹងពាក្យស្លោក ខ្ញុំ និងគ្រួសាររបស់ខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះរបស់ខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»៕