ភ្នំពេញៈ អ្នកជំនាញ លើកឡើងថា សមត្ថភាព​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​នៅមានកម្រិត​ខ្សោយ​ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប ស្របពេល​កម្ពុជា​ជា​ប្រទេស ​១ ដែល​ងាយ​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ចាំបាច់​ត្រូវការ​ការចូលរួម​។​


​ការលើកឡើង​នេះ បានធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​ ១៨ កញ្ញា ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​សមត្ថភាព​បច្ចេកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ដែលមាន​អ្នក​ចូលរួម​ប្រមាណ​ ៣០ ​នាក់ ភាគច្រើន​ជា​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​នានា​។​

​នៅក្នុង​ឱកាស​ធ្វើ​បទ​បង្ហាញ​លោក នង មុនិន្ទ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិ​វឌ្ឍន៍​កម្ពុជា បាន​ថ្លែងថា តាម​ការ​ស្រាវ​ជ្រាវ​ចាប់ពី​ឆ្នាំ ​២០០០ ដល់​ឆ្នាំ ២០១៩ មក​កម្ពុជា​នៅតែ​ស្ថិតនៅក្នុង​ប្រទេស​ដែល​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​អាកាស​ធាតុ​។ សមត្ថភាព​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​កម្ពុជា​នៅ​​តែមាន​កម្រិត​ខ្សោយ​ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​បន្ថែមទៀត ដើម្បី​ទប់​​ស្កាត់​ផលប៉ះពាល់​នានា​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។​


​លោក​បញ្ជាក់ថា​៖ «​បើសិនជា​យើង​និយាយ​ពី​គ្រោះមហន្តរាយ​នៅ​ប្រទេស​កម្ពុជា​ប្រៀប​ទៅ​ប្រទេស​ផ្សេងៗ ដូចជា​នៅ​ជប៉ុន​អី​ជាដើម ឃើញថា យើង​អត់​មាន​រញ្ជួយ​ដី​ទេ ហេតុអ្វី​បាន​ភាព​ងាយ​រងគ្រោះ​ខ្លាំងជាងគេ​? ទាំងនេះ គឺ​ពាក់​ព័ន្ធ​ទៅនឹង​ការ​សម្រប​ខ្លួន ឬ​សមត្ថភាព​បន្ស៊ាំ​ខ្លួន​របស់​កម្ពុជា​នៅ​ខ្សោយ​។

​ដោយ​សារ​អី​បាន​យើង​ថា នៅ​ខ្សោយ​គឺ​ពាក់​ព័ន្ធ​នឹង​ចំណេះដឹង​ការទទួលយក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​វិធីសាស្ត្រ​មួយចំនួន​ដែល​យើង​ត្រូវការ​ដើម្បី​ដោះស្រាយ ក៏ដូចជា​ទប់ទល់​នឹង​ផលប៉ះពាល​ពី​ការប្រែប្រួល​អាកាស​ធាតុ​»​។ ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​សកល ហើយ​បាន​បង្ក​ផលប៉ះពាល់​ស្ទើរតែ​គ្រប់​វិស័យ ជាពិសេស​លើ សន្តិ​សុខ​ស្បៀង សន្តិសុខ​ទឹក សុខភាព​សា​ធារ​ណៈ និង​សេដ្ឋកិច្ចសង្គម​ជាដើម​។ បន្ថែម​ពីនេះ​មានការ​កើនឡើង​កម្តៅ​កាន់​តែ​ខ្លាំង និង​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើង​កម្ពស់​នីវ៉ូទឹក​សមុទ្រ និង​រលក​កម្តៅ​កើតមានឡើង​កាន់តែច្រើន​។​


​លោក ភាវ សុ​វុទ្ធី អនុរដ្ឋលេខាធិការ​​ក្រសួងបរិស្ថាន​លើកឡើងថា ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​គឺ​ទាមទារ​ឱ្យ​យើង​ធ្វើការ​ត្រៀមខ្លួន​ក្នុងការ​ឆ្លើយតប​នឹង​កសាង​ភាព​ធន់​ឱ្យ​កាន់​តែ​ខ្លាំង និង​មាន​ភាពរឹងមាំ​ឡើង​។ ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ការ​បន្ស៊ាំ និង​កសាង​ភាព​ធន់ នឹង​អាកាសធាតុ​ក្នុង​សហគមន៍​មួយ វា​ចាំបាច់​ណាស់​ដែល​សហគម​ន៍​ទាំងអស់នោះ ត្រូវ​មានការ​យល់ដឹង​ពី​យន្ដការ​យុទ្ធសាស្ដ្រ​នានា ក៏ដូចជា​ផែនការ​ជាតិ​បន្ស៊ាំ​នឹង​ការ​ប្រែ​-​ប្រួល​អាកាសធាតុ​។ លោក​បញ្ជាក់ថា​៖«​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​

​ក៏ប៉ុន្ដែ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បន្ស៊ាំ និង​ឆ្លើយ​​តប​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រម​ទាំង​ជំរុញ​ការអនុវត្ត និង​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។ ទោះបី​ជា​យ៉ាងណាក៏ដោយ ធនធានមនុស្ស ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​របស់​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​កត្ដា​ប្រឈម ដោយ​ទាមទារ​ឱ្យមាន​ការចូលរួម​គាំទ្រ​ពី​គ្រប់ភាគី និង​ដៃគូ​អភិវឌ្ឍន៍​នានា​»​។​

​នៅ​ក្នុងន័យនេះ លោក ភាវ សុ​វុទ្ធី ក៏​អំពាវនាវ​ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​នៅ​ទូទាំងប្រទេស ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន និង​លើក​កម្ពស់​ការយល់ដឹង​ដល់​សហគមន៍​ទាំង​អស់ និង​ជាពិសេស​ការសរសេរ​ប​ក​ស្រាយ​ពី​ព័ត៌មាន ទិន្នន័យ​បែប​វិទ្យាសាស្ដ្រ រូប​សាស្ដ្រ​ទាក់ទង​ការប្រែប្រួល​អាកាស​ធាតុ ឱ្យស្រប​ទៅតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​ក្រុម​គោលដៅ និង​ក្រុម​ងាយ​រងគ្រោះ​ ឬ​ស្ថាប័ន​ជាតិ​អន្ដរ​​ជាតិ និង​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​

​លោក​ ពេញ ផេង ជា​អ្នកយកព័ត៌មាន​ម្នាក់​នៅ​វិទ្យុ VAYO បាន​ទទួលស្គាល់ថា ការផ្សព្វផ្សាយ​ពី​ការប្រែប្រួល​អាកាស​ធាតុ​ទៅកាន់​ពលរដ្ឋ​មូលដ្ឋាន គឺ​នៅ​មិនទាន់​ធ្វើបាន​ទូលំទូលាយ​នៅឡើយ​ទេ ជាពិសេស​ព័ត៌មាន​ទាំងនេះ ក៏​ហា​ក់នៅ​មិនទាន់មាន​ខ្លឹមសារ​ស៊ីជម្រៅ​នៅឡើយ​ដែរ​។ ស្របពេល​ផលប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ កំពុងតែបន្ត​កើតឡើង ការផ្សព្វផ្សាយ​ទៅដល់​ប្រជា​ពលរដ្ឋ និង​អ្នក​ងាយ​រងគ្រោះ​ឱ្យបាន​ដឹង និង​ទាន់ពេលវេលា គឺជា​រឿង​ចាំបាច់​ណាស់ ដើម្បី​ចាប់ផ្តើម​ចូលរួម​ទប់ស្កាត់​ដែល​អាចឱ្យ​ពលរដ្ឋ​បន្ស៊ាំ​ខ្លួន​បាន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​លោក​ថា​៖ «​ជា​ការពិត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​យុគសម័យ​នេះ គឺជា​ពេលវេលា​ ១​ ដែល​ប្រជាពលរដ្ឋ​ត្រូវ​ស្វែងយល់​ឱ្យបាន​កាន់​តែ​ស៊ីជម្រៅ​បន្ថែមទៀត​ពី​ផលប៉ះពាល់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ហើយ​ប្រជាពលរដ្ឋ​ផ្ទាល់​ក៏ត្រូវ​តែ​បន្ស៊ាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នេះដែរ ព្រោះថា ដើម្បី​បង្កា​ហានិភ័យ​ផ្សេងៗ​ដែល​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ប៉ះពាល់​ទៅដល់​អាយុជីវិត​»​។​

​តាម​ការសិក្សា​ថ្មីៗ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងបរិស្ថាន​បង្ហាញថា ការ​​ប្រែប្រួល​អាកាសធាតុ នឹង​អាច​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប ២,៥​ភាគរយ​នៅ​ឆ្នាំ​ ២០៣០ និង​ដល់ ៩,៨ ​ភាគរយ នៅ​ឆ្នាំ​ ២០៥០ ទោះបីជា​ការកើនឡើង​សីតុណ្ហភាព​សកល​នៅក្រោម ២ អង្សា​សេ​ក៏ដោយ​៕