ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​កាលពី​ថ្ងៃទី ​១៧ ខែកញ្ញា ឆ្នាំ​ ២០២៣ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើពុករលួយ​ដល់​សិក្ខាកាម​ចំនួន​ ៤០០ ​នាក់​ជា​លើក​ទី៤​។ វគ្គ​បណ្តុះបណ្តាល​នេះ​សម្រាប់​បេក្ខជន​ដាក់ពាក្យ ត្រៀមប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​អង្គភាព​ប្រឆាំង​​អំពើ​ពុល​រលួយ ​(​អ​.​ប​.​ព​.)​។​


​លោក សយ ច័ន្ទ​វិ​ចិត្ត អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា​ថា អង្គភាព​បាននិងកំពុង​ធ្វើការ​បណ្តុះ​បណ្តាល ដល់​បេក្ខជន​ពីព្រោះថា អង្គភាព​នឹងមាន​ការប្រឡង​ជ្រើសរើស​ក្រប​ខ័​ណ្ខ​ថ្មី អ៊ីចឹង​ការ​ផ្តល់នូវ​ចំណេះ​ដឹង​ជា​មូលដ្ឋាន​មួយចំនួន​បូក​បន្ថែម​ជាមួយនឹង​ចំណេះដឹង​ដែល​សិក្ខាកាម​មាន​រួចហើយ​សម្រាប់​ត្រៀម​ក្នុងការ​ប្រឡង​។ ទន្ទឹមនឹងនេះ​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យក​ពេលវេលា​បណ្តុះបណ្តាល​ដើម្បី​ផ្តល់ជូន​ដល់​សាធារណជន​មួយចំនួន​ដែល​គាត់​ចង់​ចេះ​ចង់ដឹង​ចង់​យល់​អំពី​ច្បាប់​ពី​អង្គភាព​ជាដើម​។​

​លោក​ថ្លែងថា​៖«​អ៊ីចឹង​គោលដៅ​មាន​ទី​១ ​សម្រាប់​បេក្ខជន​ដែល​ត្រៀមប្រឡង​ និង​ទី២​ ជាការ​ផ្តល់នូវ​ចំណេះដឹង​ដល់​សាធារណជន​។​ ចំពោះ​សិក្ខាកាម​មាន​ចម្រុះ​ដែល​ភាគច្រើន​ជា​និស្សិត មាន​ជា​ព្រះសង្ឃ ជា​អ្នក​បុគ្គល​សាធារណៈ អ៊ី​​ចឹ​ង​មាន​ច្រើន​»​។​


​លោក​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អនុវត្ត​វគ្គ​បណ្តុះបណ្តាល​តាំងពី​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុក​​រលួយ​ត្រូវបាន​រដ្ឋសភា​អនុម័ត​មក​។​សម្រាប់​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣០០​ នាក់ និង​ថ្ងៃទី​ ១៧ ខែកញ្ញា មាន​ ៤០០ ​នាក់​ហើយ ​(​អ​.​ប​.​ព​.)​ នឹងធ្វើ​ការបណ្តុះបណ្តាល​ជា​ដំណាក់កាលៗ​រហូត​។ ចំពោះ​សិក្ខាកាម​ដែល​បាន​សិក្សា​វគ្គ​បណ្តុះបណ្តាល​រហូត​មកដល់ពេលនេះ​ចំនួន​ជាង​ ៣ ៦០០​នាក់​ហើយ​ដូច្នេះ​ការផ្តល់ជូន​នូវ​ចំណេះដឹង​ផ្នែក​ច្បាប់​នេះ​គឺជា​រឿង​មួយ​ដែល​អង្គភាព​តែង​ធ្វើជា​ប្រចាំ​មក​។

​បើតាម លោក ច័ន្ទ​វិ​ចិត្ត មូលហេតុ​នៃ​ការបណ្តុះបណ្តាល​ជា​ដំណាក់កាលៗ​នេះ​ដោយសារតែ​គ្រូឧទ្ទេស​នាម​របស់ (​អ​.​ប​.​ព​.)​ ក៏ដូចជា​ទំហំ​នៃ​ទីតាំង​មានកំណត់​ដូច្នេះ​មានតែ​បែងចែក​ចំនួន​សិក្ខាកាម​ជា​ក្រុមៗ​។ សម្រាប់​ការ​វាយ​​តម្លៃ​របស់​អង្គភាព ​(​អ​.​ប​.​ព​.)​ របស់ គ្រូ​ឧទ្ទេសនាម​តាមរយៈ​សកម្មភាព​ចូលរួម​របស់​សិក្ខាកាម​ទាំងអស់​នៅក្នុង​វគ្គ​នីមួយៗ​ដែល​អង្គភាព​បានផ្តល់​ជូន​គាត់​ គឺ​អង្គភាព​មាន​សេចក្តី​រីករាយ​និង​បានធ្វើការ​វាយតម្លៃ​ខ្ពស់ ដោយសារ​ការចូលរួម​របស់​សិក្ខាកាម ​គឺមាន​ប្រយោជន៍​ហើយ​គាត់​អាច​ទទួលបាន​នូវ​ចំណេះដឹង​ច្រើន​ពិតប្រាកដ និង​ជាក់​​ស្តែង​ពី​អង្គភាព ​(​អ​.​ប​.​ព​.)​។​ អង្គភាព​អាច​ធ្វើការ​សម្គាល់​មួយ​ គឺ​ចំនួន​អ្នក​ដែល​បានមក​ចូលរួម​ក្នុង​វគ្គប​ណ្តុះ​​បណ្តាល​ គឺ​ទី​១​ មិនមាន​ការ​ថយ​ទេ ​ទី២​ គឺ​ក្នុង​វគ្គ​នីមួយៗ​សិក្ខាកាម​បាន​សួរ​សំណួរ​ច្រើន​ដែល​បានន័យថា គាត់​យកចិត្តទុកដាក់​ណាស់​។​


​លោក ច័ន្ទ​វិ​ចិត្ត សង្កត់ធ្ងន់ថា ក្រៅពី​សិក្ខាកាម​មក​ទទួល​វគ្គ​បណ្តុះបណ្តាល​ហើយ​នោះ​បើ​និយាយ​ពី​ផេ​ច​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព ​(​អ​.​ប​.​ព​.)​ មាន​ប្រជា​ពលរដ្ឋ​ខម​មុិ​ន​សាទរ​ច្រើន​មែនទែន​។​ការ​ខម​មុិ​ន​​នោះ​គាត់​ថា ពេញចិត្ត​គាត់​នឹង​ចំណាយពេល​មក​ចូលរួម​វគ្គ​គឺ​មិន​ខាត​ពេលវេលា​របស់គាត់​ទេ​។​ទន្ទឹមនឹងនេះ​ពួកគាត់​សរសើរ​ថា មក​ទទួល​ការ​បណ្តុះបណ្តាល​មួយ​ដែលមាន​គុណភាព​ហើយ​មានការ​រាក់ទាក់​និង​មិន​បង់ប្រាក់​ពិសេស​មានការ​ផ្តល់ជូន​អាហារ​​ ១​​ ពេល​ទៀត​ និង​មាន​ប្រកាសនីយបត្រ​។​

​លោក​ប្រាប់ថា​៖ «​អ៊ីចឹង​គាត់​ចំណេញ​ទាំង​ចំណេះដឹង​ហើយ​គាត់​បានជា​ប្រកាសនីយបត្រ​ទៀត​។​ចំពោះ​ព្រះសង្ឃ​មាន​ច្រើន​ដែរ​តែ​មិន​លើសលប់​ទេ​គ្រាន់តែ​ថា គ្រប់​វគ្គ​បណ្តុះបណ្តាល​ទាំងអស់​មាន​ជាច្រើន​អង្គ​ដែរ​»៕