ភ្នំពេញៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងមន្ត្រីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានលើកឡើងថា នាពេលកន្លងមក រាជរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា និងគ្នា។
លោកថា៖«កន្លងមក រាជរដ្ឋាភិបាលបារាំង បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាជាច្រើនផងដែរ»។
ជាមួយគ្នានេះ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងAFDនាពេលកន្លងមកផងដែរ។
លោកស្រី ក៏បានបង្ហាញក្តីសង្ឃឹមទុកដែរថា៖ «នៅក្នុងអាណត្តិថ្មីនេះកិច្ចសហប្រតិបត្តិការ នឹងមានភាពកាន់តែល្អប្រសើរបន្ថែមទៀត។ រដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទតាមការស្នើសុំរបស់ក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត»។
ជុំវិញការលើកឡើងនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីបារាំងដែលគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា ពិសេចំពោះរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា។
លោកបានឱ្យដឹងទៀតថា៖«ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានដាក់ចេញយុទ្ធសាស្ត្រដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល»។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ក្រសួងក៏បានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនតាមរយៈ ការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សំដៅពង្រីកវិសាលភាពនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទផងដែរ។
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបានគាំទ្រប្រទេសកម្ពុជា ដោយផ្តោតលើផ្នែករចនាសម្ព័ន្ធសំខាន់ៗ ដូចជាការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច (អគ្គិសនី ទឹក អនាម័យ ប្រព័ន្ធធារាសាស្ត្រ) ទីក្រុង និងតំបន់ជនបទ។
ជាមួយនេះ AFD ក៏ចូលរួមយ៉ាងសកម្មក្នុងការជួយសម្រួលដល់ការទទួលបានសេវាមូលដ្ឋាននៅតំបន់ជនបទដែលមាន ៧០% នៃប្រជាជនកម្ពុជារស់នៅ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ផ្លូវជនបទ) គឺជាអាទិភាពមួយក្នុងចំណោមគម្រោងជាច្រើនរបស់អង្គការ AFD ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍមូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំជាដើម៕