ភ្នំពេញៈ ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​សកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន និង​ផ្តល់​ភារកិច្ច​ឱ្យ​អគ្គាធិការដ្ឋាន​បើក​ការស៊ើបអង្កេត​តាម​ពាក្យបណ្តឹង​របស់​ពលរ​ដ្ឋ​ពាក់ព័ន្ធ​ប្រតិបត្តិការ​របស់​នគរ​បាល​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រោយ​ពិនិត្យឃើញ​មាន​បាតុភាព​មិនល្អ​។​


​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​របស់លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​ ១៥ ខែកញ្ញា បានប្រកាសថា ក្រសួង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការស្រាវជ្រាវ ការស៊ើបអង្កេត និង​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។

​ក្រសួង ក៏បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​ជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​។​


​បន្ថែម​ពីនេះ លោក ស សុខា ក៏បាន​ប្រគល់​ភារកិច្ច​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក​ង​កម្លាំង​នគរបាលជាតិ​ក្នុងករណី​បុគ្គល ឬ​អង្គភាព​ដែល​ពាក់ព័ន្ធ​ខាង​លើនៅតែ​បន្តសកម្មភាព​ផ្ទុយ​ពីការសម្រេច​នេះ​ផងដែរ​។​

​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៩ ខែកញ្ញា បន្ថែមថា ការសម្រេច​នេះ ក៏​ព្រោះតែ​ទទួលបាន​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​មួយចំនួន​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ ដែលនាំឱ្យ​ម្ចាស់​អាជីវកម្ម​មានការ​ភាន់ច្រឡំ និង​បង្ក​ភាពអវិជ្ជមាន​ដល់​ស្ថាប័ន​ផ្ទាល់ ដូច្នេះ​ដើម្បី​ជម្រះ​មន្ទិល​ទាំងនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ឈានទៅ​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​រាល់​សកម្មភាព​របស់​ម​ន្ត្រី​នគរបាល និង​អង្គភាព​ជំនាញ​ចំណុះ​ក្រសួងមហាផ្ទៃ​មួយរយៈ ដើម្បី​ងាយស្រួល​បើក​ការអង្កេត​ស្រាវជ្រាវ​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​។


​លោក បាន​បញ្ជាក់ថា​៖«​កន្លងទៅ​សមត្ថកិច្ច​នគរ​បាលទ​ទួល​បន្ទុក​ចុះ​ប្រតិបត្តិការ​តាម​ជំនាញ និង​ច្បាប់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​សង្គម​។ ទន្ទឹមនេះ​ក៏មាន​បុគ្គល​ខ្លះ​រង​ការ​រិះគន់ថា ខ្វះចន្លោះ​ក្នុង​បេសកកម្ម​។ លើសពីនេះទៅទៀត ក៏មាន​ការលេចឮ​ដំណឹង​ថា មាន​ជន​ឱកាសនិយម ក្លែងបន្លំ​ធ្វើជា​នគរបាល​មាន​សមត្ថកិច្ច​ចុះ​ធ្វើ​សកម្មភាព​អវិជ្ជមាន​នានា ដែលនាំឱ្យ​ម្ចាស់​អាជីវកម្ម​មានការ​ភាន់ច្រឡំ​»​។​

​លោក ទូច សុ​ខៈ បានឱ្យដឹង​ដែរ​ថា អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កំពុងបើក​ការស៊ើបអង្កេត​តាម​ជំនាញ និង​នីតិវិធី ដើម្បី​ធ្វើ​របាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច និង​ឈានទៅ​ចាត់វិធានការ​ចំពោះ​មន្ត្រី​ណា​ដែល​រកឃើញថា ប្រព្រឹត្តខុស​តួនាទី​ភារកិច្ច និង​គោលការណ៍​ច្បាប់​ក្នុងពេល​ឆាប់ៗ​។

​លោក បានបញ្ជាក់​បន្ថែមថា​៖«​ទន្ទឹមនេះ ប្រសិនបើ​ក្នុងពេល​ផ្អាក​បណ្ដោះអាសន្ន​នេះ មាន​នគរបាល​ណា ឬ​អង្គភាព​ចំណុះ​ក្រសួង​ណា ធ្វើ​សកម្មភាព​ទៀត ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ប្រគល់​សិទ្ធិ​ជូនទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចាត់ការ​លើ​បុគ្គល ឬ​អង្គភាព​ដែល​ល្មើស​នេះ​តាមច្បាប់​»​។​

​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហើយ​គណៈកម្មាធិការ​នេះ ស្ថិតក្រោម​ក្រសួងមហាផ្ទៃ ដោយមាន​លោក មៀ​ច សុផាន់​ណា ជា​ប្រធាន​។​

​គណៈកម្មាធិការ​ដែល​បាន​បង្កើត​នេះ គឺមាន​ភារកិច្ច​ចំនួន​៦ ចំណុច ក្នុងការ​សហការ ស្រាវជ្រាវ ស៊ើបអង្កេត អប់រំ​ផ្សព្វផ្សាយ បណ្តុះបណ្តាល និង​ចាត់វិធានការ​ជុំវិញ​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការនាំ​ចូល ការផលិត ការ​ស្តុក​ទុក និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ​នៅ​កម្ពុជា​។​

​លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នេះ មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការសម្រេច​នេះ​បានទេ ដោយ​លោក អះអាងថា កំពុង​រវល់​។​

​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា បើ​មាន​បាតុភាព​មិនល្អ​ណាមួយ​ដែល​កើតឡើង បណ្តា​លពី​ការអនុវត្ត​របស់​មន្ត្រី នោះ​ការផ្អាក​សកម្មភាព ដើម្បី​បើក​ការស៊ើបអង្កេត គឺជា​រឿង​ត្រឹមត្រូវ​។ លោក បាន​បន្តថា ក្រសួង​គួរតែមាន​ការពិនិត្យ​ឡើងវិញ​លើ​បញ្ហា​ទាំងនេះ ដើម្បី​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​។​

​លោក បាន​បញ្ញា​ក់ថា​៖«​ប្រសិនបើ​សកម្មភាព​នៃ​ការស្រាវជ្រាវ ស៊ើបអង្កេត​ផលិត​ក្លែងក្លាយ​មួយចំនួន​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ឬ​មានការ​ប្តឹងផ្តល់​តវ៉ា​នោះ គឺ​គួរតែ​ផ្អាក​ហើយ ដើម្បី​ពិនិត្យ​រក​ដើមចម និង​ពង្រឹងគុណភាព ប្រសិទ្ធភាព​លើ​កិច្ចការងារ​នេះ​ឡើងវិញ​»៕