ភ្នំពេញៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដោយភាគីឥណ្ឌាប្រកាសបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាផងដែរ។
នៅក្នុងជំនួបនោះភាគីទាំង២បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា រួមមានវិស័យនយោបាយ ការពង្រឹងនិងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាដើម។
ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់ទឹកចិត្តប្រកបដោយសប្បុរសជួយសម្រាលបន្ទុក លុបបំបាត់ការភ័យខ្លាច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
យោងតាមហ្វេសប៊ុករបស់អាជ្ញាធរមីននៅក្នុងជំនួបនោះលោក លី ធុជ បានលើកឡើងថា ៖ «យើងសូមសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ និងសហការី ដែលបានស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមជួយដល់ការបោសសម្អាតមីនមនុស្សធម៌ ដោយជ្រើសរើសយកខេត្តកោះកុងជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងដំបូងរបស់ខ្លួន»។
លោកបានបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃបេតិកភណ្ឌសាសនា វប្បធម៌ និងភាសា នៅតែបន្តឈរយ៉ាងរឹងមាំក្នុងរយៈពេល៧១ឆ្នាំចុងក្រោយ នៅពេលទំនាក់ទំនងការទូតផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២។
លោកលី ធុជ បានថ្លែងថា ការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីសមិទ្ធផលទ្វេភាគី នៃប្រទេសទាំង២ ក្នុងរយៈពេលជាង៧ទសវត្សរ៍នេះ នូវកាលានុវត្តភាពនៃសហប្រតិបត្តិការជាច្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង២។
យោងតាមហ្វេសប៊ុកអាជ្ញាធរមីននោះដែរ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ៖ «តាមរយៈគម្រោងផ្តល់ផលរហ័ស រដ្ឋាភិបាលឥណ្ឌាបានផ្តល់ការគាំទ្រថវិកាដល់អាជ្ញាធរមីនលើការអនុវត្តគម្រោងភូមិអស់មីននៅខេត្តកោះកុង និងការចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ជនមានពិការភាពនៅខេត្តបន្ទាយមានជ័យតាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន៥០០ ផងដែរ»។
ក្នុងឱកាសនោះដែរ លោកស្រីDevyani Khobragade ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលផ្តល់ការគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសម្របសម្រួលដល់ការចូលរួមការងារមនុស្សធម៌នៅកម្ពុជា។
សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ កម្ពុជា និងឥណ្ឌាបានពង្រឹងភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់កម្រិត មិនថា ក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានឈានដល់កម្រិតថ្មីមួយដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃគណៈប្រតិភូផ្លូវការ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕