ភ្នំពេញៈ កម្ពុជា​បង្ហាញ​ការស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ចិន​លើ​គម្រោង​សិក្សា​ស្រាវជ្រាវ​រាជវាំង​នៅ​តំបន់​អង្គរ និង​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះវិហារ បន្ទាប់ពី​កន្លងមក​ភាគី​ចិន​ក៏​ធ្លាប់បាន​ជួយ​ក្នុង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ​នៅ​តំបន់​អង្គរ​ផងដែរ​។​


​ការបង្ហាញ​ការស្វាគមន៍​នេះ​ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​​ធម៌​និង​វិចិត្រសិល្បៈ និង​លោក​ លី ឈុន អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អំឡុង​ពេល​កិច្ចប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី៤៥​ នៅ​ទីក្រុង​រី​យ៉ា​ដ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត នៅ​ថ្ងៃទី​ ១៧ ​ខែកញ្ញា ឆ្នាំ​ ២០២៣​។

​យោងតាម​ការផ្សាយ​រប​ស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា បានឱ្យដឹងថា លោកស្រី​ ភឿង​ ស​កុ​ណា បានលើកឡើង​ពី​ចំណងមិត្តភាព​ល្អជា​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ដែល​កើតមានឡើង​តាំងពី​សម័យអង្គរ និង​បន្ត​រហូតមកទល់​បច្ចុប្បន្ន​។​


​លើសពីនេះ ភាគី​ទាំង ​២ បាន​លើកសរសើរ​ពី​ការចូលរួមចំណែក​ក្នុងការ​​ងារ​អភិរក្ស និង​ជួលជុល​ប្រាសាទ​របស់​កម្ពុជា ដែល​ក្នុងនោះ​មានការ​ជួសជុល​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ​នៅ​តំបន់​អង្គរ​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖«​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​សម្តែង​ការស្វាគមន៍​លើ​ឆន្ទៈ​និង​ការប្តេជ្ញាចិត្ត​របស់​ចិន​នូវ​គម្រោង​សិក្សា​ស្រាវជ្រាវ​រាជវាំង​នៅ​តំបន់​អង្គរ​និង​គម្រោង​អភិរក្ស​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ នៅ​ប្រាសាទព្រះវិហារ​ហើយ​ចិន​ក៏បាន​សន្យា​ពិនិត្យ​លទ្ធភាព​ក្នុងការ​លើកកម្ពស់​ឧស្សាហកម្ម​ច្នៃប្រឌិត​វប្បធម៌​នៅពេល​អនាគត​ផងដែរ​»​។​


​លោក​ ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៩ កញ្ញា​ថា គម្រោង​សិក្សា​ស្រាវជ្រាវ និង​ជួសជុល អភិរក្ស​គឺ​កម្ពុជា​និង​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រួចស្រេច ហើយ​ក៏បាន​ឯកភាពគ្នា​រួចហើយ​ដែរ បូករួម​នឹង​ការសម្រេច​ពី​គណៈកម្មការ​អាយ​ស៊ី​ស៊ី​អង្គរ ​(ICC-Angkor)​ តែ​ការពិភាក្សាគ្នា​នេះ​គឺជា​ការជំរុញ​កិច្ចការ​ទាំងនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចិន​មិន​ខុសពី​បណ្តា​ប្រទេស​ផ្សេងៗ​ទេ ដែលមាន​ភាព​សកម្ម​ជាមួយ​កម្ពុជា ខណៈ​ប្រទេស​ភាគច្រើន​យក​វិស័យ​វប្បធម៌​ជាយា​ន​មួយ​ដើម្បី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​និង​ប្រទេស​កាន់តែ​ជិតស្និទ្ធ​។

​វប្បធម៌​ជា​យន្តការ​មួយ​ពង្រឹង​បន្ថែម ភាព​កាន់តែ​ចូល​កិត​គ្នា ហើយ​វិស័យ​វប្បធម៌​នៅ​កម្ពុជា​ក្លាយជា​ទីតាំង​មួយ​ដែល​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​ស្រប​នឹង​គោលនយោបាយ​រដ្ឋាភិបាល​»​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក ឈ​ត​ ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ក៏បាន​បង្ហាញ​ការ​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ទៅលើ​ការសិក្សា​ស្រាវជ្រាវ ការ​អភិរក្ស និង​ជួសជុល ទីតាំង​បុរាណ​ស្ថាន ប្រាសាទបុរាណ​ខ្មែរ​នេះ​ផងដែរ​។​

​លោក​បាន​ថ្លែងថា ប្រាសាទបុរាណ​ខ្មែរ​ជា​មរតក​វប្បធម៌​រូបី ដែល​អាស្រ័យ​ជាមួយ​ធម្មជាតិ ហាលភ្លៀង ហាលខ្យល់ គឺ​ងាយ​នឹងរង​ការប៉ះពាល់​ដែល​ទាមទារ​ការមើល​ថែ​យកចិត្តទុកដាក់ ក្នុង​កិច្ចការ​ផ្នែក​អភិរក្ស និង​ជួសជុល ដោយ​លោក​សង្ឃឹមថា ការងារ​ទាំងនេះ​នឹងមាន​និរន្តរ​​ភាព​ពី​ការជួយជ្រោមជ្រែង​ពី​បរទេស​និង​ពី​កិច្ចខិតខំ​របស់​កម្ពុជា​ផងដែរ​៕